ជារៀងរាល់ថ្ងៃ គេតែងឃើញយានយន្តធ្វើចរាចរនៅតាមដងផ្លូវជាហូរហែមិនដាច់។ យានយន្តទាំងនោះមានទាំងថ្មី និងចាស់ៗ ដែលភាគច្រើនជារថយន្តជជុះ។ ម៉ាស៊ីនយានយន្តចាស់ៗ ឬយានយន្តជជុះដែលធ្វើចរាចរក្នុងប្រទេស តែងមានផ្សែងពុលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។
កញ្ញា ស៊ន ចណ្ណា និសិ្សតផ្នែកបរិស្ថាន ឆ្នាំទី៣ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាលើកឡើងថា ផ្សែងខ្មៅចេញពីរថយន្ត ឬម៉ាស៊ីនចាស់ៗ គឺជាផ្សែងពុលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
«កត្តាដែលវាចាស់ ហើយផ្សែងហ្នឹងវាចេញមកមានផ្សែងពុល កាបូនឌីអុកស៊ីត ហើយផលប៉ះពាល់ទៅជុំវិញខ្លួនរបស់យើង ទៅក្នុងបរិយាកាស។ ទី១វាប៉ះពាល់ ងាយរងគ្រោះ ឈឺ ប៉ះពាល់ការដកដង្ហើមចេញចូលអីអញ្ចឹង។ ទី២ធ្វើឲ្យមនុស្សយើងពិបាកដកដង្ហើម»។
កញ្ញាបន្ថែមថា ប្រសិនបើចង់ឲ្យបាត់ផ្សែងខ្មៅពីម៉ាស៊ីនចាស់ៗទាំងនោះ លុះត្រាតែឈប់ប្រើរថយន្តចាស់ៗ ហើយដាំដើមឈើឲ្យបានច្រើនដើម្បីដើមឈើស្រូបជាតិពុល និងបញ្ចេញខ្យល់អុកស៊ីហ្សែន។
«ឧទាហរណ៍ពេលឡានចាស់ចេញជាតិពុលមក ហើយមានដើមឈើបួនប្រាំដើម បានន័យថាដើមឈើនៅក្បែរហ្នឹងវាស្រូបយកជាតិពុលច្រើនដូចថា១០០ភាគរយ វាស្រូបបាន៩៥ភាគរយ អញ្ចឹងយើងស្រូបយកអាខ្យល់ហ្នឹងតែ៥ភាគរយ តែបើសិនអត់មានដើមឈើនៅហ្នឹងទេ អាជាតិពុលហ្នឹង១០០ភាគរយយើងស្រូបចូលទាំងអស់»។
ចំណែកអ្នកស្រី ស៊ីវ ស៊ីន អ្នកលក់ម្ហូបអាហារតាមដងផ្លូវនៅម្តុំវត្តទួលសង្កែ រាជធានីភ្នំពេញ និងជាអតីតគ្រូពេទ្យម្នាក់លើកឡើងថា យូរៗម្តងមានរថយន្តផ្សែងខ្មៅបើកកាត់កន្លែងអ្នកស្រី លក់ដូរ បណ្តាលឲ្យអ្នកស្រី និងគ្រួសារកណ្តាស់ និងឈ្លក់ផ្សែង។ អ្នកស្រីបន្ថែមថា ភ្លាមៗប្រហែលជាមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែអ្នកស្រីបារម្ភថា វាអាចវិវត្តន៍ទៅជាមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗនាពេលអនាគប្រសិនបើបន្តហិតផ្សែងនោះ។
«វាមិនប៉ះពាល់ភ្លាមៗទេ វាអាចយូរឆ្នាំ បើយើងនៅតែបន្តហិតដដែលៗ វានឹងវិវត្តន៍ទៅជាជំងឺផ្សេងៗ ទៅមហារីកអីផ្សេងៗ តែយើងអត់ដឹង តែវាបូកផ្សំគ្នាទៅនឹងសារធាតុគីមីដែរ»។
លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លើកឡើងថា ចំពោះតែរថយន្តដែលបានចុះបញ្ជីប្រើបាស់ក្នុង១ខែៗមានចំនួន៣ពាន់គ្រឿង ក្នុងនោះ២០ ទៅ៣០ភាគរយចាត់ទុកថាថ្មីដែលប្រើបាន១ឆ្នាំ ទៅ៣ឆ្នាំ និងថ្មីសុទ្ធប្រហែល១០ភាគរយ។ លោកបន្តថា ចំពោះម៉ូតូដែលបានចុះបញ្ជីហើយទាំងថ្មីទាំងចាស់ មានចំនួនស្មើគ្នា៥០ភាគរយ។ ជាសរុបក្នុងមួយឆ្នាំ ទាំងម៉ូតូ និងរថយន្តដែលបានចុះបញ្ជីហើយមានចំនួន៣០ ទៅ៤០ម៉ឺនគ្រឿង ក្នុងនោះ៨០ភាគរយជាម៉ូតូ។
លោក អ៊ុន វ៉ាត ប្រធានការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមានប្រសាសន៍ថា កម្ពុជាបាននាំចូលរថយន្ត ម៉ូតូជជុះ ឬមួយទឹក និងមានម៉ាស៊ីនចាស់ផ្សេងៗដូចជាម៉ាស៊ីនទូកជាដើមពីបរទេស មកកែច្នៃ និងប្រើឡើងវិញ ដែលលោកថា ម៉ាស៊ីនទាំងនោះមានផ្ទុកជាតិពុល ធ្វើឲ្យមានផ្សែងពុលច្រើន។
«ធម្មតាកាលណាថ្មី ជាតិពុលវាមិនសូវមាន ឬស្ទើរតែអត់មាន អាជាតិពុលហ្នឹងណា ធម្មតាតែចាស់គេហៅថាចុងម៉ាស៊ីន មានជាតិផ្សែងច្រើន ជាតិពុលច្រើន»។
លោកបន្ថែមថា ប្រជាពលរដ្ឋគួរប្រើ និងនាំចូលម៉ាស៊ីនថ្មី ហើយអ្នកប្រើប្រាស់គួរត្រួតពិនិត្យមើលរថយន្ត ឬម៉ាស៊ីនជាប្រចាំដើម្បីរកកម្រិតជាតិពុលថាគួរប្រើ ឬមិនគួរប្រើ។
បើតាមគេហទំព័ររបស់ក្រសួងបរិស្ថាន កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្រប ខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន៕