ជារៀង​រាល់​​ថ្ងៃ​ គេ​តែង​ឃើញ​​​​យានយន្តធ្វើ​ចរាចរ​​​នៅ​តាម​ដង​ផ្លូវ​​ជា​ហូរ​ហែ​មិន​ដាច់។ យាន​យន្ត​ទាំង​នោះ​មាន​ទាំង​ថ្មី​ និង​ចាស់ៗ ដែល​ភាគ​ច្រើន​ជា​​រថយន្ត​ជជុះ។ ម៉ាស៊ីន​យានយន្ត​ចាស់ៗ ឬ​យានយន្ត​ជ​ជុះ​ដែល​​ធ្វើ​ចរាចរ​ក្នុង​ប្រទេស តែង​មាន​ផ្សែង​ពុល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខភាព​មនុស្ស និង​បរិស្ថា​ន។

កញ្ញា ស៊ន ចណ្ណា និសិ្សត​ផ្នែកបរិស្ថាន ឆ្នាំទី៣ នៅពុទ្ធិ​កសាកល​វិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា​លើកឡើង​ថា​ ​ផ្សែងខ្មៅ​ចេញ​ពី​រថយន្ត ឬ​ម៉ាស៊ីន​ចាស់ៗ ​គឺជាផ្សែង​ពុល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដ​ល់​សុខភាព។

«កត្តា​ដែល​វា​ចាស់ ហើយ​ផ្សែង​ហ្នឹង​វា​ចេញ​មក​មាន​ផ្សែង​ពុល ​កាបូន​ឌីអុកស៊ីត​ ហើយ​ផល​ប៉ះពាល់​ទៅ​ជុំវិញ​ខ្លួន​របស់យើង​ ទៅ​ក្នុង​បរិយាកាស​។ ទី១​វា​ប៉ះពាល់​ ងាយ​រងគ្រោះ​ ឈឺ​ ប៉ះពាល់​ការដក​ដង្ហើម​ចេញ​ចូល​អីអញ្ចឹង។ ទី២​​ធ្វើ​ឲ្យ​មនុស្ស​យើង​ពិបាក​ដក​ដង្ហើម​»។

កញ្ញា​បន្ថែម​ថា ប្រសិន​បើ​ចង់​ឲ្យ​បាត់ផ្សែងខ្មៅ​ពី​ម៉ា​ស៊ីន​ចាស់​ៗទាំង​នោះ លុះត្រាតែ​ឈប់​ប្រើរថយន្ត​ចាស់ៗ ហើយ​​ដាំ​​ដើមឈើ​ឲ្យ​បាន​ច្រើន​ដើម្បី​​ដើម​ឈើ​ស្រូប​​ជាតិ​ពុល និង​បញ្ចេញ​ខ្យល់​អុកស៊ីហ្សែន​។​

«ឧទាហរណ៍​ពេល​ឡាន​ចាស់​ចេញ​ជាតិ​ពុល​មក ហើយ​មាន​ដើមឈើ​បួនប្រាំ​ដើម បាន​ន័យ​ថា​ដើម​ឈើ​នៅ​ក្បែរ​ហ្នឹង​វា​ស្រូប​យក​ជាតិ​ពុល​ច្រើន​ដូច​ថា​១០​០ភាគរយ វា​ស្រូប​បាន​៩៥​ភាគរយ អញ្ចឹង​យើង​ស្រូប​យក​អាខ្យល់​ហ្នឹង​តែ​៥​ភាគរយ តែ​បើ​​សិន​អត់​មាន​ដើមឈើ​នៅ​ហ្នឹ​​​ងទេ អា​ជាតិ​​ពុល​ហ្នឹង​១០០​ភាគរ​យ​យើង​ស្រូប​ចូល​ទាំងអស់​»។

ចំណែកអ្នកស្រី ស៊ីវ ស៊ីន អ្នកលក់ម្ហូបអាហារ​តាម​ដង​ផ្លូវ​នៅ​ម្តុំ​វត្ត​ទួល​សង្កែ រាជធានី​ភ្នំពេញ និង​ជា​អតីត​គ្រូពេទ្យ​ម្នាក់​​លើក​ឡើង​ថា យូរៗម្តង​មាន​រថយន្ត​ផ្សែង​ខ្មៅ​បើក​កាត់​​កន្លែង​អ្នកស្រី លក់​ដូរ បណ្តាល​ឲ្យ​អ្នកស្រី និង​គ្រួសារ​​​កណ្តាស់​ និង​ឈ្លក់​ផ្សែង។ អ្នកស្រី​បន្ថែម​ថា ភ្លាមៗ​ប្រហែល​ជា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​នោះទេ​ ប៉ុន្តែអ្នក​ស្រី​បារម្ភ​ថា​ វា​អាច​វិវត្តន៍​ទៅ​ជា​មហារីក និងជំងឺ​ធ្ងន់​ធ្ងរ​ផ្សេងៗ​នា​ពេល​អនាគ​ប្រសិន​បើ​បន្តហិតផ្សែងនោះ។

«វាមិន​ប៉ះពាល់​ភ្លាមៗ​ទេ វា​អាច​យូរ​ឆ្នាំ បើយើង​នៅ​តែ​ប​ន្ត​ហិត​ដដែលៗ វា​នឹង​វិវត្តន៍​ទៅ​ជា​ជំងឺ​ផ្សេងៗ​ ទៅ​មហារី​ក​អី​ផ្សេងៗ តែ​យើង​អត់​ដឹង តែ​វា​បូក​ផ្សំ​គ្នា​ទៅ​នឹង​សារធាតុគី​មីដែរ»។

លោក ឈួន វ៉ន់  អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក លើកឡើង​ថា​ ចំពោះតែ​រថយន្ត​ដែល​បាន​ចុះប​ញ្ជីប្រើ​បាស់​ក្នុង​១ខែៗ​មានចំ​នួន​៣ពាន់​គ្រឿង ក្នុងនោះ​២០ ទៅ​៣០​ភាគរយ​ចាត់​ទុក​ថា​ថ្មី​​ដែល​ប្រើ​បាន​១ឆ្នាំ ទៅ៣​ឆ្នាំ និង​​ថ្មី​សុទ្ធ​ប្រហែល​១០ភាគរយ។ លោក​បន្ត​ថា ចំពោះ​​ម៉ូ​​​តូដែល​បាន​ចុះបញ្ជីហើយ​ទាំង​ថ្មី​ទាំង​ចាស់ មាន​ចំនួន​ស្មើ​គ្នា​៥០​ភាគរយ​។​ ជាសរុប​​ក្នុង​មួយ​ឆ្នាំ ទាំង​ម៉ូតូ និង​រថយន្ត​ដែល​បាន​ចុះ​បញ្ជី​ហើយ​មាន​ចំនួន​៣០ ទៅ​៤០ម៉ឺន​គ្រឿង ក្នុង​​នោះ៨០​ភាគរយ​ជា​ម៉ូតូ។ 

លោក អ៊ុន វ៉ាត ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​នាំចូល​រថយន្ត ម៉ូតូ​ជជុះ​ ឬ​មួយ​ទឹក និង​មាន​ម៉ាស៊ីន​ចាស់​ផ្សេងៗ​ដូចជា​ម៉ាស៊ីន​ទូក​ជាដើម​​ពីបរទេស​ ម​កកែ​ច្នៃ​ និង​ប្រើឡើ​ង​វិញ ដែលលោក​ថា ម៉ាស៊ីន​ទាំង​នោះ​​មាន​​ផ្ទុក​ជាតិ​​ពុល ធ្វើឲ្យ​មាន​ផ្សែង​ពុល​ច្រើន។

«ធម្មតា​កាលណាថ្មី​ ជាតិ​ពុល​វា​មិន​សូវ​មាន ឬ​ស្ទើរ​តែ​អត់​មាន អាជាតិ​ពុលហ្នឹ​ង​ណា ធម្មតា​តែ​ចាស់​គេ​ហៅ​ថា​ចុង​ម៉ាស៊ីន មាន​ជាតិ​ផ្សែង​ច្រើន ជាតិ​ពុល​ច្រើន»។

លោកបន្ថែម​ថា ប្រជាពលរដ្ឋ​គួរប្រើ និង​នាំចូល​ម៉ាស៊ីន​ថ្មី ហើយ​អ្នក​ប្រើប្រាស់​គួរ​ត្រួត​ពិនិត្យ​មើល​រថយន្ត ឬ​ម៉ាស៊ីន​ជា​ប្រចាំ​ដើម្បី​រក​កម្រិត​ជាតិ​ពុល​​ថា​គួរ​ប្រើ ឬ​មិន​គួរប្រើ។

បើ​តាម​គេហ​ទំព័រ​របស់​ក្រសួងបរិស្ថាន កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅ​ក្នុង ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ដែន​ជម្រក​សត្វ​ព្រៃក្រវ៉ាញ​ខាងត្បូង និង​ដែន​ជម្រក​សត្វព្រៃ​តាតៃ​ក្នុង​ក្រប ខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត ដោយ​ទទួល​បាន​ថវិកា​សរុប​ប្រមាណ​១១លាន​ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​ដល់​ការការ​ពារ និង​អភិរក្ស ក៏ដូច​ជាជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន៕​