ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា បានរកឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ លើបុរសអាយុ៧០ឆ្នាំ ជនជាតិហុងគ្រី ដែលបានរត់គេចខ្លួនពី​ចត្តាឡីស័ក នៅក្នុងខេត្តសៀមរាប ខណៈដែលក្រសួងសុខាភិបាលបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់បន្តទៀត។

ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាន បានលើកឡើងដូច្នេះថា៖ «លទ្ធផលធ្វើតេស្តវត្ថុសំណាកបុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបនោះគឺបញ្ជាក់ថាវិជ្ជមានវីរុសកូវីដ១៩»។

ជនជាតិហុងគ្រីរូបនេះបានរត់ចេញពីការកន្លែង​ចត្តាឡីស័ក ដោយបានចាកចេញពីភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ទៅខេត្តសៀមរាបហើយ ត្រូវអាជ្ញាធរបានរកឃើញគាត់រស់នៅក្នុងវីឡាមួយក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប នៅថ្ងៃសៅរ៏ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ។ រូបគាត់ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបរួចហើយ។

ក្រសួងបាននិយាយដូច្នេះថា «ក្រុមការងារកំពុង​តែបន្តធ្វើស្រាវជ្រាវរកអ្នកដែលប៉ះពាល់ជាបន្តទៀត»។

បុរសនេះបានធ្វើដំណើរមកពីប្រទេសបារំាង រួចបន្តជើងហោះហើរ ពី​ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ​ខែ​កញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺ​កូវីដ​១៩ នៅកម្ពុជាមាន អ្នកឆ្លងសរុបចំនួន២៧៦នាក់ ព្យាបាលជាសះស្បើយចំនួន២៧៤នាក់  និងកំពុងសំរាកព្យាបាលចំនួន២នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យខេត្តសៀមរាប៕