ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា មានមនុស្សចំនួន៩០នាក់ ដែលបានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងបុរសជនជាតិហុងគ្រី ដែលវិជ្ជមានវិរុសកូវីដ ១៩ ហើយពួកគាត់ត្រូវបានដាក់ក្នុងចត្តាឡីស័កជាបន្តបន្ទាប់។
ក្នុងចំណោមមនុស្សទាំង៩០នាក់នោះ មានមនុស្សចំនួន៨៦នាក់ ដែលជាអ្នករួមដំណើរតាមជើងយន្តហោះជាមួយបុរសហុងគ្រីនេះ ដែលមកទល់នឹងពេលនេះ ក្រសួងបានទាក់ទងទៅអ្នកទាំងអស់នោះដើម្បីយកវត្ថុសំណាកមកធ្វើតេស្តជាលើកទី២។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថាក្រៅតែពីអ្នករួមដំណើរលើយន្តហោះជាមួយបុរសសញ្ជាតិហុងគ្រី ក្នុងនោះក៏មានប្រពន្ធជនជាតិខ្មែរបស់គាត់ដែលរស់នៅជាមួយគ្នា និងបុរសបើកម៉ូតូកង់បីដែលបានដឹកជនជាតិហុងគ្រីរូបនោះទៅទិញគំនូរនៅគ្រឹះស្ថានអង្គរក្រុងសៀមរាប ហើយពួកគាត់ត្រូវបានដាក់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅមន្ទីរពេទ្យខេត្តសៀមរាប។
ចំណែកឯប្រពន្ធ និងកូន២នាក់របស់អ្នកបើកកង់បី អ្នកបម្រើការនៅគ្រឹះស្ថានអង្គរ និងបុរសបើកតាក់ស៊ីដឹកជនជាតិហុងគ្រីពីភ្នំពេញ មកសៀមរាប កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានមន្ត្រីសុខាភិបាលណែនាំឲ្យតាមដានសុខភាព និងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះរៀងៗខ្លួន។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ឲ្យជាសះស្បើយចំនួន២៧៥នាក់ ក្នុងចំណោមអ្នកជំងឺសរុប២៧៦នាក់ ដែលបច្ចុប្បន្ននៅសល់អ្នកជំងឺជនជាតិហុងគ្រីខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប៕