ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីម្នាក់ទៀតជាជនជាតិចិន ខណៈដែលមនុស្ស ជាង១០០នាក់ ដែលរួមដំណើរជាមួយគាត់ ត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័ក និងមិនមានករណីជាសះស្បើយថ្មីឡើយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលបាននិយាយថាបុរសជនជាតិចិន វ័យ២៨ឆ្នាំ បានធ្វើដំណើរមកកម្ពុជាពីប្រទេសហ្វីលីន ដោយបន្តជើងហោះហើរនៅកូរ៉េខាងត្បូង។
តាមរយៈសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បុរសជនជាតិចិននេះបានមកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានអ្នកដំណើរដែលស្ថិតនៅលើយន្តហោះរួមជាមួយសរុប ១០២នាក់ ដែលក្នុងនោះមាន៥២នាក់ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃនៅអនុវិទ្យាល័យពោធិ៍ចិន និង៤៩នាក់ផ្សេងទៀតនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ។
គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៧៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់៕