(ភ្នំពេញ)៖ អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប​ចំនួន​២០​ស្ថាប័ន នៅ​ថ្ងៃ​ចន្ទ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​កែប្រែ​មាត្រា​ខ្លះ​នៃ​សេចក្តី​ព្រាង​ច្បាប់​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​សង្គម​ស៊ីវិល​ទាំង​នោះ​អះអាង​ថា មិន​ទាន់​មាន​ភាព​សមស្រប​តាម​ស្តង់ដា​អន្តរជាតិ។​

សេចក្តី​​ថ្លែងការណ៍​​​របស់​​​សង្គម​​ស៊ីវិល​​ទាំង​​នោះ ធ្វើ​ឡើង​​​ចំ​​ទិវាអន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សកល​ឆ្នាំ២០២០។ ពួកគេ​​បាន​​សាទរ​​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មា​ន​ ប៉ុន្តែ​​ពួកគេ​​ក៏​បាន​បញ្ជាក់​ពី​មាត្រា​មួយ​ចំនួន​ដែល​គួរ​តែ​ត្រូវ​បាន​ធ្វើ​បន្ថែម​ទៀត ដើម្បី​ឲ្យ​អត្ថបទ​ច្បាប់​នេះ​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ និង​ឆ្លើយ​តប​ទៅ​នឹ​ង​តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា។

អង្គការសង្គមស៊ីវិលទាំងនោះ​បានលើក​ឡើង​នូវ​ការណែនាំ និង​មតិយោបល់​ដល់​រដ្ឋាភិបាល​ក្នុង​ការកែប្រែ​មាត្រា​ខ្លះ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ក្នុង​នោះ​​រួ​​​មមាន​មាត្រា១ មាត្រា៣ មាត្រា​៤ មាត្រា​១១ មាត្រា១៣ មាត្រា១៥ មាត្រា២០ មាត្រា២៥ និងមាត្រា២៩។

ក្នុង​មាត្រា​ទាំងនោះ ក្រុម​សង្គម​ស៊ីវិល​បាន​បញ្ជាក់​​ថា​មិន​មាន​ភាព​ច្បាស់​លាស់​ពាក់ព័ន្ធនឹង​​ពាក្យ​ថា «ព័ត៌មាន​សាធារណៈ» និង​ «ព័ត៌មាន​សម្ងាត់» ​ព្រមទាំង​​​បាន​ស​ង្កត់​ធ្ងន់​ថា អត្ថបទ​សេចក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន​មិន​ទាន់​ផ្តល់​ការការពារ​គ្រប់គ្រាន់​ដល់​មន្ត្រី និង​ពលរដ្ឋ​ដទៃ​ដែល​បាន​បញ្ចេញ​ព័ត៌មាន​ឡើយ។

«​ដៃគូ​សង្គម​ស៊ី​វិល​រប​ស់​យើ​ង​ជាច្រើន​បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត​ថា អត្ថបទ​បច្ចុប្បន្ន​មិន​ទាន់​ផ្តល់​ការការពារ​គ្រប់គ្រាន់​សម្រាប់​មន្ត្រី និង​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បញ្ចេញ ឬ​ផ្សព្វ​ផ្សា​យ​ព័ត៌មានដែល​បង្ហាញ​ពី​អាកប្បកិរិយា​ខុស​ច្បាប់​ឡើយ ហៅ​ខ្លី​ថា អ្នក​បញ្ចេញ​ព័ត៌​មាន។​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ក៏​មិន​បាន​បញ្ជាក់​ថា ព័ត៌មាន​ទាំងនោះ​អាច​​មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ព័ត៌មាន​សម្ងាត់ ឬ​មន្ត្រី​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ព័ត៌មាន​សម្ងាត់​វិញ ដើម្បី​បិទ​បាំង​ការធ្វើ​ខុស ថា​ត្រូវ តែ​មាន​ការដាក់​ទណ្ឌកម្ម​យ៉ាងណា​នោះ​ដែរ​»។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នកសារ​ព័ត៌មាន​ដែល​បាន​សួរ​ថា​តើ​អង្គការ​សង្គម​ស៊ីវិល​រំពឹ​ង​ដែរ ឬ​ទេ​ថា​នឹង​មាន​ការឆ្លើយ​តប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​លើ​ការស្នើ​សុំ និង​ផ្តល់​មតិយោបល់​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ?

លោក ណុប​ វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​កម្ពុជា​ ហៅកា​ត់ថា​ ខេមបួចា (CamboJa) បានឲ្យ​ដឹង​ថា អង្គការ​នានា​រំពឹង​ថា នឹង​មាន​ការ​ជជែក​ពិភាក្សា​គ្នាជា​មួយរដ្ឋា     ភិបាល​បន្ថែម​ទៀត ក្នុង​គោលដៅ​រួម​មួយ​ គឺ​ទទួល​បាន​ច្បាប់​មួយ​ដែល​ល្អ​ពេញ​លេញ ព្រមទាំង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​ស្រប​ច្បាប់។

«ទាក់ទង​នឹង​រឿង​ថា​តើយើង​សង្ឃឹ​ម​អត់ ចំណុច​ដែល​សង្ឃឹម​មិន​សង្ឃឹម ខ្ញុំ​គិត​ថាវា​ជា​ផ្នែក​មួយ​ដែល​យើង​ទាំងអស់​គ្នា​ប្រឹងប្រែង​ដើម្បី​ផល​ប្រយោជន៍​រួម គឺ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ទ​ទួល​បាន​​ព័ត៌មាន […] ហើយ​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ក៏​មាន​គោលដៅរួមដូចគ្នាដែរ»។

លោក​បន្ថែម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ដំណើរការ​ល្អ​តាំងពី​ដើម​រហូត​ដល់​ទី​បញ្ចប់​បាន លុះត្រា​មាន​យន្តការ​នៃ​ការចូលរួម​ពី​គ្រប់​ភាគី​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​មាន​ការ​ចូលរួម​យោលបល់​ពី​ខាង​សង្គម​ស៊ីវិល និង​ត្រូវ​បាន​រដ្ឋាភិបាល​​យ​ក​ទៅ​ជជែក​ពិចារណា​ថា​គួរ​កែប្រែ​បា​ន​កម្រិត​ណា ​និង​មិន​បាន​កម្រិត​ណា​នោះ គឺ​ត្រូវ​​​ជជែក​ពិភាក្សា​បន្ថែម​ទៀត។​

លោក​ ​មាស​ សុភ័​ណ្ឌ​ អ្នក​នាំ​ពាក្យ​ក្រ​សួង​ព័ត៌​មាន ​និង​​ជា​ប្រ​ធា​ន​ក្រុម​ការ​រងារ​បច្ចេក​ទេស​ក្នុង​ការ​តាក់​តែង​សេច​ក្តី​ព្រាង​ច្បាប់​នេះ​បាន​ប្រាប់​ Newsroom Cambodia នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​ ការ​​ណ៍ដែល​​សង្គម​​ស៊ី​វិ​ល​ចេ​​ញ​​សេ​ច​​ក្តី​​ថ្លែង​​ការណ៍​​នេះ​​ឡើង ​​គឺ​​គ្រាន់​​តែ​​ដើម្បី​​ទាក់​​ទាញ​​ប្រ​​ជា​​ប្រិយ​ភាព​ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ដែល​ពាក់​ព័ន្ធ​ក្នុង​ដំ​ណើរ​ការ​ធ្វើ​សេច​ក្តី​ព្រាង​ច្បាប់ ​ស្តី​ពី​សិទ្ធិ​ទទូល​បាន​ព័ត៌​មាន​​​បាន​​ឯក​ភាព​គ្នា​​រូច​រាល់​​អស់​​​ហើយ​​ជា​មួយ​​រដ្ឋា​ភិ​បាល ដូច្នេះ​លោក​ថា ពុំ​មាន​ហេតុ​ផល​ណា​មួយ​ដែល​ត្រូវ​កែ​ប្រែ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ទៀត​ទេ។​

​លោក​ថា​៖ «អ្វី​ដែល​យើង​ធ្វើ​កន្លង​មក​គឺ​ពួក​គាត់​បាន​ធ្វើ​ជា​មួយ​យើង​តាំង​ពី​ដើម​ ​មក​ដល់​កម្រិតបច្ចេក​ទេស​ ហើយ​គាត់​ក៏​បាន​ចូល​រួម​ផ្ត​​​​ល់​យោ​ប​​ល់​​ ពិ​ភា​ក្សា​ ស្តាប់​ហេតុ​ និង​ផល​នៅ​លើ​ចំណុច​នី​មួយ​ៗ​ហ្នឹង​ ហើយ​បាន​ឯក​ភាព​គ្នា​រួច​រាល់​អស់​ហើយ​ អញ្ចឹង​ហើយ​ការ​ណ៍ដែល​ពួក​គាត់​យក​បញ្ហា​នេះ​មក​ជ​ជែក​លើក​ឡើង​ដ​ដែល​ៗ​នេះ​ គ្រាន់​តែ​ជា​ការ​ទាក់​ទាញ​ប្រ​ជា​ប្រិយ​ភាព​ ចង់​បាន​នូ​វការ​ចាប់​អា​រម្មណ៍​ ក៏​ដូច​ជា​ទាក់​ទាញ​ប្រ​ភព​ហិរញ្ញ​វត្ថុ​អី​សម្រាប់​បម្រើ​នូវ​ការ​ចង់​បាន​របស់​ពួក​គាត់​តែ​ប៉ុ​ណ្ណោះ​​»។

គួរបញ្ជាក់​ថា សេចក្ដី​​ព្រាង​​ច្បាប់​​ស្ដីពី​ «​សិទ្ធិ​​ទទួល​បាន​​ព័ត៌មាន​» ត្រូវ​​បាន​​ដឹកនាំ​​រៀបចំ​តាក់តែង​​ដោយ​​ក្រសួង​​ព័ត៌មាន ​ដោយ​​មាន​​ការចូលរួម​​​ពី​តំណាង​​សង្គម​​ស៊ីវិល អង្គការ​យូណេស្កូ ការិយាល័យ​​ឧត្ដម​ស្នងការ​​អង្គការ​​សហប្រជាជាតិ​​ទទួល​​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា និង​​ក្លិប​​អ្នក​កាសែត​​កម្ពុជា​។ ការតាក់តែង​​បាន​​ចំណាយ​ពេល​​ច្រើន​​ឆ្នាំ​​មកហើយ ក្រោម​​ការ​គាំទ្រ​​ថវិការ​​ពី​​អង្គការ​​យូណេស្កូ​។

រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​ព័ត៌មាន​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៣ ​ដើម្បី​​ដឹកនាំ​វេទិកា​​ពិគ្រោះ​​យោបល់​​ជាមួយ​​អ្នកសារ​ព័ត៌មាន អង្គការ​​សង្គម​​ស៊ី​វិល និង​​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​​រៀបចំ​តាក់តែង​​សេចក្តី​ព្រាង​ច្បាប់ ស្តីពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌មាន​​នេះ​៕