ស្ថានទូតអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា បានសម្រេចផ្តល់ជំនួយជាថវិកាចំនួន ៧លានអឺរ៉ូបន្ថែមទៀត ដល់ការឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា។
នៅក្នុងនោះ ថវិកាចំនួន៦លានអឺរ៉ូដែលជាការផ្តល់ហិរញ្ញប្បទានថ្មី នឹងត្រូវដាក់អោយប្រើប្រាស់ទៅក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសការផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាលកម្ពុជាដល់ជនក្រីក្រ។
ចំណែកថវិកា១លានអឺរ៉ូទៀត នឹងត្រូវបានប្រើប្រាស់ក្នុងការគាំទ្រដល់ក្រសួងសុខាភិបាលជាជំនួយបច្ចេកទេស។ នេះយោងតាមការប្រកាសរបស់ស្ថានទូតអាល្លឺម៉ង់នៅកម្ពុជាតាម Twitter។
សេចក្តីប្រកាសនោះបាននិយាយថាជំនួយនេះមានគោលបំណងសម្រាប់យុទ្ធនាកាលើកកម្ពស់ការយល់ដឹង វិធានការអនាម័យ ការបង្កើតមន្ទីរពិសោធន៍បង្អែកទី២ និងសម្រាប់ការព្យាបាលបន្ទាន់។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២ខែតុលាឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយសរុបចំនួន២៧៤នាក់ និងកំពុងព្យាបាលនៅឯមន្ទីរពេទ្យចំនួន៣នាក់៕