ប្រទេសអូស្រ្តាលីបានប្រកាសថានឹងផ្ដល់ជំនួយចំនួន១លានដុល្លារអូស្រ្តាលី ដើម្បីពង្រឹងមន្ទីរពិសោធន៍ជាតិត្រួតពិនិត្យឱសថរបស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ។
ជំនួយនេះនឹងត្រូវផ្ដល់តាមរយៈអង្គការមិនមែនរដ្ឋាភិបាលជំនាញ ដែលមានឈ្មោះថា United States Pharmacopeia សម្រាប់រយៈពេល២ឆ្នាំ (២០២០-២០២២)។ នេះបើយោងតាមការប្រកាសព័ត៍មានរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ជំនួយរបស់អូស្រ្តាលីនឹងជួយមន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាពនៃផលិតផលវិជ្ជសាស្រ្តរបស់កម្ពុជា លើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់កម្ពុជា យុទ្ធសាស្រ្ត និងផែនការប្រតិបត្តិការមន្រទីពិសោធន៍ជាតិ ព្រមទាំងបង្កើនការធ្វើតេស្ត និងរាយការណ៍អំពីផលិតផលវេជ្ជសាស្រ្តក្លែងក្លាយនិ ងអន់គុណភាព។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «មន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាព មានសារៈសំខាន់ក្នុងការការពារប្រឆាំងនឹងផលិតផលវេជ្ជសាស្រ្តក្លែងក្លាយ និងអន់គុណភាព»។
លោកបានបន្តថា ការជួយឧបត្ថម្ភមន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាពផលិតផលវេជ្ជសាស្រ្តរបស់កម្ពុជានេះ គឺដើម្បីត្រៀមលក្ខណៈទទួលបានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក។
ជំនួយអូស្រ្តាលីនេះ ជាជំនួយចុងក្រោយបន្ថែមទៅលើជំនួយ៥០លានដុល្លាអូស្រ្តាលី ដែលកំពុងគាំទ្រដល់គម្រោងលើកកម្ពស់សមធម៌ និងគុណភាពសុខាភិបាល៕