កំពត៖ ទឹកកង្វក់ខ្មៅមានក្លិនស្អុយពីផ្សារកំពតត្រូវបានគេបង្ហូរចូលព្រែកកំពត ដែលជាទីស្រូបទាញប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាយូរឆ្នាំមកហើយ។ នេះយោងតាមប្រជាពលរដ្ឋរស់នៅទីនោះ។

ផ្សារកំពតមានចម្ងាយប្រមាណ៨០០ម៉ែត្រ ពីព្រែកកំពត ហើយព្រែកកំពតមានប្រវែងប្រមាណ២១គីឡូម៉ែត្រ ដោយរាប់ចាប់ពីចំនុចបញ្ចេញទឹកនៃរោងចក្រវ៉ារីអគ្គិសនីទឹកឈូ រហូតដល់ធ្លាក់ទៅដល់សមុទ្រ ដោយឆ្លងកាត់ស្រុកទឹកឈូ និងក្រុងកំពត។

ព្រែកនេះអំណោយផលចំពោះវិស័យទេសចរណ៍ នេសាទ និងការធ្វើដំណើរលើផ្លូវទឹក ហើយចំនុចនៃការបង្ហូរទឹកសំណល់ស្អុយចូលព្រែកកំពតនេះ គឺស្ថិតនៅតំបន់លំហែរកាយជិតស្ពានថ្មីក្នុងក្រុងកំពត ចម្ងាយប្រមាណ៩គីឡូម៉ែត្រពីសមុទ្រ។

សំរាមនៅទីកន្លែងអង្គុយសម្រាកលំហែរកាយក្នុងខេត្តកំពត នាថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០២០ រូបភាពដោយ៖ សាញ់ ប៊ុនហឿន

កាលពីខែកញ្ញា ឆ្នាំ២០២០នេះ ទឹកសំណល់នេះមានពណ៌ខ្មៅល្អក់ ហូរលាយឡំជាមួយនឹងទឹកព្រែក ថែមទាំងនៅមានក្លិនស្អុយមិនដាច់ បានភាយជះទៅកាន់អ្នកអង្គុយកំសាន្តស្រូបយកខ្យល់អាកាសនៅលើមាត់ព្រែកនេះ។

អ្នកលក់ចំណីអាហារយូរឆ្នាំម្នាក់ដែលស្ថិតនៅចំងាយប្រហែល៥០ម៉ែត្រពីចំនុចបង្ហូរទឹកសំណល់ចូលព្រែក កញ្ញា លឹម សាំងអេង បាននិយាយថា ដោយសារទឹកសំណល់បានឆ្លងកាត់សម្រាស់ស្ទាក់យកសម្រាម និងបំពង់ទុយោរបង្ហុយក្លិនស្អុយឡើងទៅលើ ក្លិនស្អុយបានកាត់បន្ថយប្រមាណ៧០ភាគរយ។

អ្នកលក់បបរមាន់ម្នាក់នេះបានបន្ថែមថាកាលពីមុន ពេលភ្ញៀវមកអង្គុយហូបអាហារនៅទីនេះម្តងៗ តែងតែរអ៊ូពីក្លិនស្អុយខ្លាំង។

កញ្ញា លឹម សាំងអេង បាននិយាយដូច្នេះថា «កាលគេអត់ទាន់ធ្វើអា(បំពង់បង្ហុយ)កំចាត់ខ្លិនហ្នឹង គ្រាន់តែយើងអង្គុយហ្នឹង ស្អុយមកដល់ហ្នឹងហ្មង ប៉ុន្តែតាំងពីគេធ្វើអាហ្នឹងមក (បំពង់បង្ហុយ) លែងស្អុយហើយ»។

ត្បិតក្លិនស្អុយត្រូវបានកាត់បន្ថយច្រើន ក៏ប៉ុន្តែប្រជាពលរដ្ឋដែលដើរលែងកំសាន្តនៅទីនោះនៅតែមិនជឿថាទឹកសំណល់នេះ មិនអាចច្រោះយកភាពកង្វក់ចេញនោះទេ ទឹកចេញពីលូហូរចូលព្រែកនៅតែមានពណ៌ខ្មៅ និងសល់ក្លិនស្អុយនៅឡើយ។

ពលរដ្ឋដែលមកដើរលែងកំសាន្ត អង្គុយសម្រាកកាយស្រូបយកខ្យល់អាកាសនៅលើមាត់ព្រែក បាននិយាយថា ទឹកហូរចេញពីលូនៅតែមានក្លិនស្អុយ និងមានពណ៌ខ្មៅកង្វក់ ក៏ប៉ុន្តែអ្នកខ្លះក៏ដើរចេញដោយមិនអាចទ្រាំហឹតក្លិនស្អុយ ចំណែកអ្នកខ្លះទៀតយល់ថាក្លិនស្អុយប៉ុណ្ណឹង មិនជាធ្ងន់ធ្ងរទេអាចទ្រាំបាន។

អ្នកស្រី ឡុង វណ្ណា អាយុ៣០ឆ្នាំ ពីរនាក់កូនស្រីតូចកំពុងអង្គុយនៅពីរលើមាត់ព្រែកកន្លែងដែលមានហូរទឹកស្អុយចេញពីលូនោះ និយាយថា ទឹកស្អុយចេញពីលូមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងនោះទេ តែអ្នកស្រីយល់ថាវាបានធ្វើឱ្យខូចសោភ័ណភាពនៃទឹកព្រែក ដោយមើលឃើញទឹកព្រែកឡើងពណ៌ខ្មៅមិនគួរ​ឱ្យគយគន់ ។

អ្នកស្រី ឡុង វណ្ណា បាននិយាយថា៖ «ពេលយើងមកអង្គុយលេង វាធំក្លិនស្អុយអញ្ចឹង ក្លិនអត់ល្អទេ។ (ក្លិនស្អុយ) វាមិនប៉ះពាស់ពាល់ស្អីដល់ខ្ញុំទេ ខ្ញុំនឹងដើរចេញ។ ពេលទឹក (សំណល់កង្វក់) ហ្នឹងហូរចូលទៅ មើលទៅ ទឹកវាខ្មៅ មើលទៅវាអត់ស្អាត បើអត់បង្ហូរចូលមក ទឹកវានឹងថ្លាឃើញដី»។

សកម្មជនដែលតាមដានកិច្ចការបរិស្ថាន លោក ចាន់ សាញ់ សម្តែងអារម្មណ៍សោកស្តាយ ដែលរដ្ឋបាលក្រុងកំពតបណ្តោយឱ្យទឹកសំណល់កង្វក់ហូរចូលទៅក្រុងព្រែក។

លោកបានយល់ថាទឹកស្អុយដែលហូរចូលព្រែកនឹងនាំ​​​​​​​​ឱ្យមានផលប៉ះពាល់ច្រើន ដល់ប្រយោជន៍មនុស្ស និងជីវៈចម្រុះ។ មច្ឆាជាតិដែលរស់នោះក្នុងទឹកព្រែកកំពតនេះ នឹង​ពិបាកក្នុងការបន្តពូជ ហើយពពួកមច្ឆាទាំងនោះនឹងផ្លាស់ទៅរកកន្លែងផ្សេងទៀត ឯអ្នកទេសចណ៍នឹងថមថយ ដោយមិនចង់មកលែងនៅតំបន់កំសាន្តដែលមានក្លិនស្អុយ។

លោក ចាន់ សាញ់ បាននិយាយថា៖ «ជាក់ស្តែងវាជាតំបន់ទេសចរណ៍ផង វាជាតំបន់ដែលប្រជាពលរដ្ឋរស់អាស្រ័យផលប្រកបអាជីវកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផង នៅពេលដែលមានករណីបង្ហូរទឹកលូបែបហ្នឹង វាធ្វើឱ្យបាត់នៅភ្ញៀវទេសចណ៍ដែលពួកគាត់តែងតែទៅលំហែរកាយ។ ពីព្រោះទឹកកង្វក់នោះនឹងបង្ករផលពិបាកទៅដល់សុខភាពភ្ញៀវទេសចណ៍»។

ដោយយល់ថាព្រែកកំពតជាតំបន់ដែលមានសក្តានុពល សកម្មជនបរិស្ថានរូបនេះបានស្នើរសុំអាជ្ញាធក្នុងខេត្តកំពតសិក្សាពីផលប៉ះពាល់នៃការបង្ហូរទឹកសំណល់ចូលទៅក្នុងព្រែក រួចបញ្ចៀសទឹកសំណល់ស្អុយទាំងនេះទៅកាន់ទីតាំងផ្សេង។

រម្យនីយដ្ឋានដូងទេជាតំបន់ទេសចណ៍ស្ថិតនៅផ្នែកខាងលើនៃព្រែកកំពត ទីនេះជាកន្លែងសម្រាកលំហែរកាយលើឆ្នេរខ្សាច់ និងងូតទឹកលេង មានចំនាយ៧គីឡូម៉ែត្រពីចំនុចបង្ហូរទឹកសំណល់កង្វក់។

នៅពេលទឹកជោរម្តងៗ ទឹកប្រៃពីសមុទ្រដែលមានចំងាយប្រមាណ២១គីឡូម៉ែត្រនឹងឡើងទៅដល់តំបន់កំសាន្តដូងទេនេះ ការណ៍នេះនឹងអាចនាំមកនូវទឹកសំណល់កង្វក់ដែលហូរធ្លាក់ពីលូ មកកាន់តំបន់កំសាន្តដូងទេនេះផងដែរ។

ពេទ្យជំនាញសុខភាពទូទៅពន្យល់ថាទឹកកង្វក់ចេញពីលូ បើក្នុងករណីមានជាតិគីមី នោះទឹកកង្វក់នេះអាចបង្កើតជាមេរោគ។ តាមរយៈការប៉ះពាល់ជាមួយទឹកកង្វក់នេះ មេរោគប៉ះនឹងធ្វើឱ្យរលាកស្បែក ថែមទាំងអាចជ្រាបចូលទៅបង្កជាដំបៅ និងបង្កើតជាសត្វល្អិតក្នុងពោះវៀនមនុស្សផងដែរ។

លោក ជូ ចាន់ឬទ្ធិ ដុកទ័រផ្នែកសុខភាពទូទៅ នៅមន្ទីរសម្រាកព្យាបាលឯកជនមួយនៅរាជធានីភ្នំពេញ អាះអាងទឹកសំណល់កង្វក់ដែលចេញពីផ្សារប្រាកដជាមានជាតិគីមី ប៉ុន្តែមានកម្រិតណានោះលោកថាទាល់តែយកទឹកទៅពិនិត្យទើបដឹង។

លោក ជូ ចាន់ឬទ្ធិ​​បាននិយាយថា «ពពួកសត្វល្អិតមួយចំនួន អាចចូលទៅតាមស្បែកបាន អាហ្នឹងមួយ។ មួយទៀតអ្នកលែងទឹកមិនប្រាកដថា១០០ភាគរយ គាត់អត់បានផឹកទឹកហ្នឹងណា។ មេរោគខ្លះនៅក្នុងទឹក រួចភាយមេរោគនោះទៅតាមខ្យល់អាកាសក៏មានដែរ ព្រោះបាក់តេរីមួយចំនួនវាតូចៗមើលមិនឃើញទេ»។

ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក ស៊ុយ ធា បកស្រាយថាទឹកស្អុយទូទាំងក្រុងកំពតបានហូរតាមប្រព័ន្ធលូចំនួន១៤ខ្សែចាក់ចូលព្រែកកំពត ជាកេរ្តិ៍ដំណែលសល់សម័យពីបារាំងគ្រប់គ្រង។

លោកបានបន្តថាអាជ្ញាធរខេត្តកំពតធ្លាប់សហការជាមួយក្រុមហ៊ុននានា សិក្សាពីគម្រោងបញ្ចៀសទឹកស្អុយចេញពីព្រែកកំពតដែរ ប៉ុន្តែដោយការសិក្សារឃើញថាត្រូវចំណាយថវិការខ្ពស់ពេក ទើបគម្រោងនេះត្រូវបរាជ័យទៅវិញ។

លោក ស៊ុយ ធា អះអាងបន្ថែមថានៅថ្ងៃខាងមុខ ខេត្តកំពតនឹងមិនមានលូទឹកស្អុយហូរធ្លាក់ចូលព្រែកកំពតទៀតទេ ព្រោះពេលនេះ ADB កំពុងសិក្សាអំពីគម្រោងចម្រោះទឹកស្អុយ និងបង្វែរចេញពីក្រុងកំពត។

លោក ស៊ុយ ធា អះអាងថា៖ «​ខាង ADB កំពុងចាប់ផ្តើមធ្វើអាហ្នឹងហើយ (គម្រោងបង្វែរទឹកស្អុយ) ប្រហែលជានៅក្នុងឆ្នាំ២០២១ហ្នឹង នឹងធ្វើហើយជាស្ថាពរហើយ យើងបណ្តោះទឹកស្អុយចេញពីក្រុងកំពតបានអស់ហើយ»។

លោកប្រធានមន្ទីរបរិស្ថានរូបនេះបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ នឹងប្រើប្រាស់ដី១០ហិចតាធ្វើជាអាងចម្រោះទឹកស្អុយ មុននឹង​បង្ហូរទឹកនោះទម្លាក់ទៅកាន់ព្រែកក្បាលរមាស៕