ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីម្នាក់ទៀតលើបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងមានករណីព្យាបាលជាសះស្បើយ ជាស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
ក្រោយលទ្ធផលធ្វើតេស្តវត្ថុសំណាកវិជ្ជមានវីរុសកូវីដ ១៩ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្ទមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបានអះអាងថា អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ហើយចំណែកអ្នកដំណើរចំនួន១២៧នាក់ទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នង ចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់។
ស្ត្រីជនជាតិខ្មែរអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជាសះស្បើយពីជំងឺកូវីដ១៩។ ស្រី្តរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកមកកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០៕