ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានក្នុងសប្តាហ៍នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន១,៩% ក្នុងឆ្នាំ២០២០នេះ ដែលជាអាត្រាទាបខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងមក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយក្នុងរបាយការណ៍ដដែលថា វិស័យឧស្សាហកម្មនឹងមានកំណើនអវិជ្ជមាន២,២% ដោយសារការធ្លាក់ចុះនៃវិស័យកាត់ដេរ ដែលត្រូវបានប៉ាន់ស្មានថានឹងមានការថមថយដោយសារការធ្លាក់ចុះនៃតម្រូវការខាងក្រៅ និងភាពរអាក់រអួលនៃការផ្តត់ផ្ដង់វត្ថុធាតុដើម។
ចំពោះវិស័យសំណង់វិញ ក៏មានកំណើនអវិជ្ជមានដូចគ្នា ដោយសារការធ្លាក់ចុះការវិនិយោគបរទេស និងទំនុកចិត្តវិនិយោគទុនក្នុងស្រុក ខណៈវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅតែរក្សាកំណើននៃការនាំចេញ។ វិស័យសេវាកម្មក៏មានការធ្លាក់ចុះ៣,០%។
របាយការណ៍ដដែលបានពន្យល់ថាការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវជាតិ និងអន្តរជាតិធ្វើឱ្យសណ្ឋាគារ និងភោជនីយដ្ឋាន មានកំណើនអវិជ្ជមានផងដែរ។
អចលនទ្រព្យ អន់ថយដោយមានការធ្លាក់ចុះការវិនិយោគបរទេស និងទំនុកចិត្តវិនិយោគទុនក្នុងស្រុកផងដែរ។ ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា វិស័យកសិកម្មស្ថិតនៅអត្រាវិជ្ជមាន០,៩% ដោយសារកំណើនវិជ្ជមាននៃផលិតផល តម្រូវការនៃការនាំចូលកសិផលពីដៃគូពាណិជ្ជកម្ម និងមានភ្លៀងធ្លាក់រាយប៉ាយបានល្អស្ទើរគ្រប់ទីកន្លែង។
របាយការណ៍នោះបានបញ្ជាក់ដូច្នេះថា៖ «ក្នុងបរិការណ៍នេះ កម្ពុជាអាចជួបហានិភ័យពីកត្តាខាងក្រៅប្រទេស និងជួបបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេស ដែលតម្រូវអោយរាជរដ្ឋាភិបាលដាក់ចេញវិធានការមុតស្រួច និងទាន់ពេលវេលា ដើម្បីបញ្ចៀស និងបន្ធូបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ… »។
ទន្ទឹមនេះ Fitch Solutions ក៏បានធ្វើការព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបកម្ពុជាអាចងើបឡើងវិញ៥ភាគរយ នៅឆ្នាំ២០២១ ដោយរំពឹងថា វិស័យទេសចរណ៍ ពាណិជ្ជកម្ម សំណង់ និងអចលនទ្រព្យ អាចស្ដារឡើងវិញបាន៕