នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាននិយាយក្នងសប្តាហ៏នេះថា ស្វាគមន៍នាវាគ្រប់ប្រទេស មកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ប្រសិនបើមានការសុំអនុញ្ញាតដើម្បីមកចាក់ប្រេង និងធ្វើសមយុទ្ធជាមួយកម្ពុជាជាដើម។
ការប្រកាសរបស់លោក ហ៊ុន សែន នេះបានធ្វើនៅក្នុងពិធីសម្ភោធមជ្ឃមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែដឹកទំនិញ យើងមានកំពង់ផែនាវា ជាកំពង់ផែចម្បាំង អញ្ចឹងត្រូវសុំការអនុញ្ញាត»។
លោក បានបន្តថា៖ «មិនមែនតែចិនមួយមានសិទ្ធិប្រើប្រាស់ទេ ប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចតចាក់ប្រេង ឬឡើងគោកដើម្បីធ្វើកិច្ចការអ្វីមួយជាមួយកម្ពុជា យើងស្វាគមន៍»។
ការលើកឡើងរបស់លោក ហ៊ុន សែន បានកើតឡើង បន្ទាប់ពីមានការកម្ទេចចោលអាគារដែលឧបត្ថម្ភថវិកាដោយអាមេរិក នៅលើមូលដ្ឋានកងទ័ពជើងទឹករាម គ្រាដែលមានការបារម្ភពីអាមេរិកថាកម្ពុជាអាចឲ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅទីនោះ។
លោក ហ៊ុន សែន បានទទូចម្តងហើយម្តងទៀតថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា ហាមឃាត់រាល់វត្តមានមូលដ្ឋានយោធាបរទេសនៅក្នុងដែនដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ ស្ថានទូតអាមេរិកបាននិយាយថា ខ្លួនមានការខកចិត្តដែលអាជ្ញាធរយោធាកម្ពុជាបានជ្រើសរើសកម្ទេចទីតាំងអាគារ ដែលមានអាយុទើបតែ៧ឆ្នាំ និងជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
សេចក្តីថ្លែងការណ៏នោះបាននិយាយបន្តថាអាមេរិកស្វាគមន៍ការសន្ទនាអំពីតំរូវការរបស់កម្ពុជា និងដើម្បីរកវិធីដែលអាចគាំទ្រហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពរាម៕