អ្នកនាំពាក្យរដ្ឋាភិបាល លោក  ផៃ ស៊ីផាន បាននិយាយនៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២០នេះថា​ ទោះបីជាស្ថិតក្នុងសា្ថនភាពនៃជំងឺកូវីដ ១៩ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលដើម្បីពន្យាការបង់ប្រាក់កម្ចី ហើយនៅតែអាចបញ្ចេញសាច់ប្រាក់ដើម្បីវិនិយោគដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោក  ផៃ ស៊ីផាន ដោយដកស្រង់សំដីរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែននៅក្នុងកិច្ចប្រជុំគណៈ​រដ្ឋ​មន្ត្រី បានសរសេរលើហ្វ៊េសប៊ុក ថាកម្ពុជាស្ថិតក្នុងស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុនៅពេលមានការរីករាលដាលនៃកូវីដ ១៩។

លោក  ផៃ ស៊ីផាន បានសរសេរដូច្នេះថា «កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម»។

អ្នកនាំពាក្យរូបនេះក៏បានបន្តទៀតថា វិស័យហិរញ្ញប្បទានត្រូវបានបញ្ចេញជួយជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានក្នុងសប្តាហ៍នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩​ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន១,៩% ក្នុងឆ្នាំ២០២០​នេះ ដែលជាអាត្រាទាបខ្លាំងមិនធ្លាប់មានក្នុងឆ្នាំកន្លងមក។

របាយការណ៍នោះបានបញ្ជាក់ដូច្នេះថា កម្ពុជាអាចជួបហានិភ័យពីកត្តាខាងក្រៅប្រទេស និងជួបបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេស ដែលតម្រូវអោយរដ្ឋាភិបាលដាក់ចេញវិធានការមុតស្រួច និងទាន់ពេលវេលា ដើម្បីបញ្ចៀស និងបន្ធូបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ៕