(ភ្នំពេញ)៖ នាម៉ោង​១​​រសៀល​ ​​ ក្នុង​​បន្ទប់​ជួល​មួយ​កន្លែង​ក្បែរ​សាលា​បឋម​សិក្សា​ហ៊ុននាង យ៉ាម៉ាប៊ីកូ​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​គេ​តែង​ស្គាល់​ថា ជា​កន្លែង​របស់​​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​និយម​ជួល​ស្នាក់នៅ ហាក់​មាន​សភាព​អ៊ូអរ​ប្លែក​ពី​ម៉ោង​ធ្វើការ​​សព្វ​ដង ដោយ​សារ​​​កម្មករ​ខ្លះមិ​នមា​ន​ការងា​រ​ធ្វើដូច​មុន​។

ស្ថិត​​ក្នុង​​សម្លៀក​បំពាក់​នៅ​ផ្ទះ​​ពណ៌​ប្រផេះ កំពុង​​អង្គុយ​​លេង​​ជាមួយ​​ឆ្មា​នៅ​​មុខ​​បន្ទប់​​ជួល​​ អ្នកស្រី ថុល ស៊ីណាត អតីត​កម្មការិនី​រោង​ចក្រ​វ៉ាយអូលែត បាន​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃ​ទី២២ ខែកញ្ញា​​​​ ថា អ្នកស្រី​ពុំ​មាន​ការងារ​ធ្វើ​អស់​រយៈពេល​ជាង​៥ខែ​មក​ហើយ ចាប់​តាំង​ពី​រោង​ចក្រ​​​ដែល​អ្នកស្រី​ធ្វើការ​បិទទ្វារ​លែង​ដំណើរ​ការ​តាំង​ពី​ខែ​ឧសភា​មក។ អ្នកស្រី​បន្ត​ថា  ពី​មួយ​ខែ​ទៅ​​​មួយ​​ខែ ​ជីវភាព​​រស់នៅ​​របស់​​អ្នកស្រី​​កាន់​តែ​​លំបាក​​ទៅៗ​ ដោយសារ​​​​បាត់បង់​​ចំណូល​ទាំង​ស្រុង​​​​ពី​​ការងារ​​​ជា​​កម្មករ​រោងចក្រ​កាត់ដេរ​ ដែល​ជា​ប្រភព​ចំណូល​តែមួយ​គត់​របស់​អ្នកស្រី។​​

អតីត​កម្មការិនីកាត់ដេរ​រោងចក្រ​វ៉ាយ​អូលែត​ដែល​ធ្លាប់បានធ្វើការ​អស់​រយៈពេល​៤ឆ្នាំ រូបនេះ​​បន្ថែម​ថា អ្នកស្រី​ជួប​ការ​លំបាក​ខ្លាំង​បំផុត​នៅ​ពេល​ចុង​ខែ​ម្តងៗ ព្រោះ​អ្នកស្រី​ត្រូវ​ការ​ចំណាយ​ច្រើន ដូចជា​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ទឹក​​ភ្លើង និង​ត្រូវស​ងបំ​ណុល​ធនាគារ​ជា​រៀងរាល់​ខែ​ផង​​ដែរ។

«រាល់ខែត្រូវចំណាយច្រើនណាស់អូនអើយថ្លៃផ្ទះ​៥០ដុល្លារ ទឹកភ្លើង​៤ម៉ឺន បង់ឲ្យ​​ធនាគារ ២​-៣​រយ​ដុល្លារ​ទៀត» ។

អ្នកស្រី ថុល ស៊ីណាត បន្ថែម​ទាំង​ទឹក​មុខ​ស្រពោន​ថា អ្នក​ស្រី​បាន​ដើរ​ស៊ី​ឈ្នួល​ដេរ​ខោអាវ​ឲ្យ​រោងចក្រ​នានា​ក្នុង​​រាជធានី​ភ្នំពេញ​ជា​ប្រចាំ​ថ្ងៃ​ ពេល​ដែល​រោងចក្រណា​​ខ្វះ​កម្មករ​ត្រូវ​បញ្ចេញ​ទំនិញ​បន្ទាន់។ អ្នកស្រី​ថា ​អ្នកស្រី​ទទួល​បាន​កម្រៃ​១ដុល្លារ​ក្នុង​មួយ​ម៉ោង ហើយ​​ធ្វើការ​​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មិនមានខោអាវដេររាល់ថ្ងៃនោះទេ គឺមានយូរៗម្តង​ ហើយ​ក្រៅ​ពីនោះ​អ្នកស្រី​ចង​ការ​លុយគេ​មក​ចាយវាយ​ខ្លះ។

«បង​រក​បាន​តាម​ថ្ងៃ​អូន​អើយ ថ្ងៃណា​គេ​បន្ទា​ន់​ខោអាវ គេ​ហៅ​ទៅ​ដេរ​ទៅ ថ្ងៃណា​អត់​មាន​អត់​បាន​លុយ​ទៅ តែ​គេ​គិត​ឲ្យ​មួយ​ម៉ោង​ម៉ារៀល​ [ដុល្លារ]​ ដែរ ដេរ​១០​ម៉ោង​បាន​១០រៀល [ដុល្លារ]​ អី​ចឹង​ទៅ ពេល​អត់​ខ្លះ​ទៀត​ខ្ចី​គេ​ទៅ ពេល​មាន​បង្វិល​សង​គេ​វិញ​អីចឹង​ទៅ»។​

បើ​តាម​របាយការ​ណ៍​​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វេទិកា​អនាគត (Future Forum) ​បង្ហាញ​ថា អ្នក​ជាប់​ជំពាក់​​បំណុល​១ភាគ៣ គឺ​ពួកគេ​បាន​បង្ខំ​ចិត្ត​ចង​ការ​ប្រាក់​ពី​ឯកជន​បន្ថែម​ទៀត​ដើម្បី​យក​មក​ដោះស្រាយ​បំ​ណុល​ដែល​មាន​ស្រាប់ និង​ដោះស្រាយ​ជីវភាព​ផង​ដែរ។​

ជា​ស្រ្តី​មេម៉ាយ​មាន​កូន២នាក់ និង​មាន​ម្តាយចាស់​នៅ​ស្រុក​កំណើត​ត្រូវ​ឧបត្ថ​ម្ភ​ផង​ អ្នកស្រី ថុល ស៊ីណាត កម្មការិនី​​វ័យ​​៤​០​ឆ្នាំ​រូបនេះ​បាន​បន្តរៀប​រាប់ថា​ អ្នកស្រី​ពិបាក​នឹង​រក​ការងារ​ថ្មី​នៅ​តាម​រោង​ចក្រ​​ផ្សេងៗ​ ដោយសារ​រោងចក្រ​ភាគច្រើន​សុទ្ធ​តែ​កំពុង​កាត់​បន្ថយ​បុគ្គលិក​ ឯ​រោង​ចក្រ​ខ្លះ​ទៀ​ត​មិន​​រើស​កម្មករ​ថ្មី​ចូល​ទេ ដោយ​គេ​ទទួល​យក​តែ​កម្មករ​ដែល​គេ​បាន​ព្យូរ​ការងារ​កន្លង​មក​ឲ្យ​ចូល​ធ្វើការ​វិញ​ប៉ុណ្ណោះ។​

«ព្រឹកមិញ​ខ្ញុំ​ទៅ​ធ្វើ​តេស្ត​នៅ​រោងចក្រ​ថៃ តែ​គេ​អត់​យក​យើ​ង​ទេ មួយ​រយៈ​មុន​ពេល​មាន​ជំងឺ​ហ្នឹង​គេ​រំសាយ ដល់​ពេល​គេ​រើស​វិញ គេ​យក​តែ​កម្មករ​គេ ដល់​ពេល​យើង​វា​អត់​ការងារ​ធ្វើ​ទៀត»។

បន្ថែម​ពី​លើ​ចំណាយ​ផ្សេងៗ​ប្រចាំ​ខែ អ្នកស្រី ស៊ីណាត បាន​ត្អូញត្អែរ​ថា អ្នកស្រី​ត្រូវ​ចំណាយ​លុយ​មួយ​ផ្នែក​ទៀត​ពី​ការសន្សំ​របស់​អ្នកស្រី បូករួម​នឹង​លុយ​ខ្ចី​គេ​ខ្លះ​ដើម្បី​ថែរទាំ​សុខភាព ព្រោះ​អ្នក​ស្រី​ទើប​តែ​វះកាត់​សាច់ច្រមុះ​កាល​ពី​ខែមុនដូចនេះ​ ​អ្នកស្រីត្រូវចំណាយលើថ្លៃថ្នាំ និង​ការពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់។​

គួរបញ្ជាក់​ថា​ រោងចក្រ​វ៉ា​យអូ​លែ​ត អឹ​ភែ​រឹល (ខេម​បូ​ឌា​) បាន​ប្រកាស​បិទទ្វារ​ចាប់​តាំង​ពី​ខែកក្កដា ឆ្នាំ​២០២០​មក បន្ទាប់ពី​​ព្យូរការងារ​កម្មករ​អស់​រយៈពេល​២ខែ ដោយ​មូលហេតុ​ពុំ​មាន​អ្នក​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស អំឡុង​ពេល​នៃ​ការរីករាលដាល​ជំងឺកូ​វីដ​១៩។​ នេះបើ​តាម​ការលើក​ឡើង​របស់​ប្រធាន​រដ្ឋបាល​រោងចក្រ វ៉ាយអូលែតលោក ប៊ូ សំណាង។​

មិនខុសគ្នាពីអ្នកស្រីថុល ស៊ីណាត ប៉ុន្មាន​ អ្នកស្រី ឈូ​ក សារ៉ាន់ អតីតកម្មការិនី​រោងចក្រកាត់ដេរ​​មូយស្ថិត​នៅ​ម្តុំសង្កាត់​​ទួល​សង្កែ រាជធានី​ភ្នំពេញ​ អះអាងថា អ្នកស្រី​ក៏​ជួប​បញ្ហា​ជីវភាព​ខ្លាំង​ណាស់​​ដែរ បន្ទាប់ពី​​អ្នកស្រី​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​តាំង​ពី​ខែ​មេសាមក​​។​

អង្គុយ​បត់ជើងលើ​កម្រាល​ឥដ្ឋ​​ក្នុង​បន្ទប់​ជួល​ដ៏តូច​ចង្អៀត​របស់​អ្នកស្រី ស្ថិតនៅ​ម្តុំផ្សារ​ទួលសង្កែ​ថ្មី អតីត​កម្មការិនី​វ័យ​២៧​ឆ្នាំ​រូប​នេះ​​លើកឡើង​​ថា រាល់​ថ្ងៃ​​អ្នកស្រី​​កំពុង​ខ្វះខាត​ខ្លាំង ជាពិសេស​ខ្វះ​ថវិកា​ដើម្បី​សង​បំណុល​ធនាគារ​ចំនួន​៥ពាន់​ដុល្លារ ដែល​អ្នកស្រី និង​ប្តី​​បាន​ខ្ចីកា​ល​ពី​មុន​ផ្ទុះ​ឡើងនៃ​ជំងឺ​កូវី​ដ​១៩ ដើម្បី​យក​ទៅ​ទិញ​ម៉ូតូ​កង់​បី​ឥណ្ឌា យក​ឲ្យ​ប្តី​ប្រកប​របរ។​

អ្នកស្រីបន្តថា ក្នុង​រយៈពេល​មួយខែ អ្នកស្រី​ត្រូវ​បង់​រំលោះ​ឲ្យ​ធនាគារ​ចំនួន​២រយ​ដុល្លារ​សម្រាប់​រយៈពេល​៣ឆ្នាំ ដែល​មក​ទល់​​ពេលនេះ​អ្នកស្រី​ទើប​បង់​ឲ្យ​ធនាគារ​បាន​៤ខែ​ប៉ុណ្ណោះ។

«ខ្ញុំជំពាក់​ធនាគារ​៥ពាន់ ខ្ចី​យក​មក​ទិញ​កង់​បី​ឲ្យ​ប្តី​រត់​មុន​កូវីដ​នឹង​ទេ ទើប​បង់​បាន​៤ខែ​ហ្នឹង​ដល់​ឥលូវ​អស់​ការងារ​ធ្វើ​បាត់»។​

ស្រ្តី​​ដែល​មាន​កូនស្រី​អាយុ​៧ឆ្នាំ​ម្នាក់​ក្នុង​បន្ទុ​កផ​ង​នោះ​​បន្ថែម​ថា រាល់ថ្ងៃ​អ្នកស្រី​ពឹង​ទាំងស្រុង​លើ​ប្រាក់​ចំណូល​ពី​ប្តី​ដែល​ប្រកប​របរ​រត់​កង់បី យក​មក​ចាយ​វាយ ទិញ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​ចាយ​ត្បិត​ត្បៀត​ខ្លាំង​ព្រោះ​ត្រូ​​វ​សន្សំ​លុយ​បង់​ធនាគារ​២រយ​ដុល្លារ និង​ថ្លៃ​បន្ទប់​ជួល​បូករួម​ទាំង​ទឹក​ភ្លើង​ចំនួន​៤០ដុល្លារ​ទៀត​នៅ​ចុង​ខែ។​

«យើង​ត្រូវ​ចាយ​តិច មិន​អាច​ចាយ​ច្រើន​បាន​ទេ តែមិនចឹង​ដល់​ចុងខែ​អត់​មាន​លុយ​ឲ្យ​ថ្លៃ​ផ្ទះថ្លៃ​ទឹក​ភ្លើង​គេ​ទេ សំខាន់​អាបង់​ធនាគារ​នឹង​ទៀត»។

អ្នកស្រី​បន្ថែម​ថា ប្រសិនបើមិនអាចរកការងារថ្មីធ្វើ​បាន នោះ​អ្នកស្រី​​ប្រហែល​ជា​ត្រូវ​ខ្ចី​លុយ​គេ​​យក​​ធ្វើដើម​ទុន​រកស៊ី​ ​រួម​​ជាមួយចំណូលប្តី​​អ្នកស្រី​ពីការរត់កង់បី ដើម្បី​ដោះស្រាយ​ជីវភាព និង​សង​ធនាគារ​។​

«បើសិនជា​មាន​លុយ​ខ្ញុំ​ចង់​រកស៊ី​ម្តង អត់​ចង់​ដេរ​ទៀត​ទេ តែយើង​វា​អត់​ដើម​ទុន មិន​ដឹង​ធ្វើ​ម៉េច​មាន​តែ​ខ្ចី​គេ​នឹង​ឯង»។

កាលពីដើមខែ​កក្កដា​កន្លង​ទៅ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​​មួយ​​ជាមួយ​សមាគម​ដេរ​ស្បែក​ជើង​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដោយ​បង្ហាញ​ថា មាន​រោងចក្រ​ផលិត​ស្បែក​ជើង និង​សម្លៀក​បំពាក់​សរុប​ប្រមាណ​ជាង ៤០០​រោងចក្រ​ត្រូវ​បាន​ផ្អាក​ដំណើរការ​​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ​ជាង​១៥ម៉ឺន​នាក់អត់​ការងារ​ធ្វើ ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩។​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់ Newsropm Cambodia ថា

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) ​ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី១២ ​ខែ​​តុលា​នេះ​ថា កន្លង​មក​រដ្ឋា​ភិបាល​បាន​ផ្តល់​ប្រាក់​ចំនួន​៤០​ដុល្លារ​ដល់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ តែ​លោក​អះអាង​ថា ចំនួន​នេះ​អាច​យក​មក​ដោះស្រាយ​ការលំបាក​​បាន​ខ្លះ​ប៉ុណ្ណោះ​។​​លោក​បន្ថែម​ថា កន្លង​មក​មាន​កម្មករ​ខ្លះ​ដែល​បាត់បង់​ការងារ​ បាន​យក​ទ្រព្យ​សម្បត្តិ និង​របស់​មាន​តម្លៃ​របស់ពួកគេ​​ទៅ​លក់ ដើម្បី​បាន​ប្រាក់​យក​មក​សង​បំណុល​ធនាគារ។

លោកថា៖ «ពី​មុន​មក​អ្វី​ដែល​ខ្ញុំ​ជួប​ប្រទះគឺ​គាត់​យក​សម្ភារៈ​ទៅ​លក់​ដើម្បី​សង​ទៅ​ការ​លំបាក​អី​ទាំងអស់​ហ្នឹង»។​

Newsroom Cambodia បានព្យាយាមសុំការអធិប្បាយពីលោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​លោកពុំឆ្លើយតប។

កាលពីថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២០ ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចាប់ផ្តើម​បើក​​​ប្រាក់​ឧបត្ថម្ភ​ចំនួ​ន​៤០ដុល្លារ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និង    វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បាន​ព្យួរ​កិច្ច​សន្យា​ការងារ​ជា​បន្តបន្ទាប់។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងការងារ​។ គិត​មក​ត្រឹម​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ២០២០​នេះ​ ក្រសួង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មក​រ​​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ និង​វិ​ស័យ​ទេសចរណ៍​បាន​ចំនួ​ន៣៣​លើកហើយ៕​