សហភាពអឺរ៉ុបបានផ្ដល់ថវិកាចំនួន២លានអឺរ៉ូ ដល់ដំណើរការបើកសាលារៀនឡើងវិញនៅកម្ពុជាប្រកបដោយសុវត្ថិភាព និង ការបន្តផ្ដល់សេវាអប់រំដល់កុមារ ដែលជាផ្នែកមួយនៃការគាំទ្រក្នុងការឆ្លើយតប និងការស្ដារឡើងវិញពីជំងឺកូវីដ១៩។
អង្គការយូនីសេហ្វ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៍មាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា សម្ភារអនាម័យសំខាន់ៗក៏ត្រូវបានចែកជូនសាលាមត្តេយ្យ និងសាលាបឋមសិក្សាទាំង ១១,៥០០កន្លែង នៅទូទាំងប្រទេស និងកំពុងរួមចំណែកផ្ដល់ឲ្យសាលាមធ្យមសិក្សាទាំង ១,៧៧១ កន្លែងក្នុងប្រទេសកម្ពុជា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងពិធីមួយក្នុងខេត្តសៀមរាបថា កម្ពុជាស្វាគមន៍ចំពោះការឧបត្ថម្ភបន្ថែមពីសហភាពអឺរ៉ុបដល់សាលារៀន និងសិស្សានុសិស្សនៅទូទាំងប្រទេសក្នុងពេលដ៏សែនពិបាកនេះ។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការអប់រំគឺជាសិទ្ធិមនុស្សមូលដ្ឋាន និងជាសសរគ្រឹះមួយសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយអឺរ៉ុបមានមោទនភាពក្នុងការគាំទ្រយុទ្ធនាការរបស់ក្រសួងដើម្បីបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពនៅទូទាំងប្រទេស៕