អ្នកស្លាប់នៅទូទាំងប្រទេសក​ម្ពុជាដោយសារទឹកជំនន់គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានកើនដល់​២៥នាក់ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៧៨,០៥៦គ្រួសារ ក្នុងរាជធានី ខេត្តចំនួន១៩។ ​

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញ​កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ខេត្តដែលមានប្រជាពលរដ្ឋស្លាប់ដោយសារទឹកជំនន់នេះរួមមានខេត្តបន្ទាយមានជ័យ១៥នាក់ ព្រះសីហនុ២នាក់ ពោធិ៍សាត់៣នាក់ ប៉ៃលិន១នាក់ និងកំពង់ធំ៤នាក់។​

ជាមួយគ្នានេះ ទឹកជំនន់បានប៉ះពាល់ដល់ខេត្តសរុបចំនួន១៩ខេត្ត និងរាជធានីរួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង​ កំពង់ធំ និងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ទឹកភ្លៀង និងទឹកជំនន់ដែលហូរពីប្រទេសថៃបានធ្វើឲ្យស្រុកមួយចំនួននៃខេត្តបន្ទាយមានជ័យត្រូវបានទឹកជន់លិចជាលើកទី២ ក្នុងនោះរួមមានស្រុកចំនួន៣នៃខេត្តបន្ទាយមានជ័យ គឺស្រុកថ្មពួក ស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែត។​

ទឹកដែលកំពុងហូរធ្លាក់ពីប្រទេសថៃនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ស្រុកថ្មគោល ឃុំអូតាគី ស្រុកបវេល និងស្រុកកំរៀងនៃខេត្តបាត់ដំបងផងដែរ។​ ការលិចលង់ម្តងទៀតនេះ គឺដោយសារការបើកទ្វារអាងស្តុកទឹកនៅប្រទេសថៃ។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ភ្លៀងនៅតែបន្តធ្លាក់រហូត​ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ៕