គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានអំពាវនាវឱ្យអ្នកនយោបាយ និងប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងគ្នា ផ្ដោតលើការសហការ ដើម្បីជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ ដោយឈរលើគុណតម្លៃសាមគ្គីភាពក្នុងនាមខ្មែរជួយខ្មែរ។
សេចក្ដីថ្លែងការណ៍របស់ គបម ដែលចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បាននិយាយថា ស្ថានភាពទឹកជំនន់នៅខែតុលា ឆ្នាំ២០២០នេះ មានសភាពធ្ងន់ធ្ងរខ្លាំង ដែលនាំមកនូវផលប៉ះពាល់ដល់អាយុជីវិត ផ្ទះសំបែង ទ្រព្យសម្បត្តិ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាខូចខាតផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដផ្សេងៗទៀត។
គបម បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាននៅគ្រប់ទីកន្លែង «បើកចិត្តទូលាយធ្វើការស្វាគមន៍រាល់ជំនួយមនុស្សធម៌ទាំងអស់ ដោយមិនរើសអើងនិន្នាការណាមួយឡើយ»។
សេចក្ដីថ្លែងការណ៍ដដែល ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើការគាំទ្រជួយដល់កសិករក្នុងការស្ដារវិស័យកសិកម្មឡើងវិញ ឱ្យស្របទៅតាមតំបន់នីមួយៗ ដូចជាការត្រៀមនូវការឧបត្ថម្ភពូជ ជី និងប្រេងសម្រាប់ស្រោចស្រព និងឧបត្ថម្ភបន្ថែមដល់គ្រួសារកសិករណា ដែលខ្វះខាតប្រភពទឹក ដែលមិនអាចស្ដារឡើងវិញបាន។
សេចក្ដីថ្លែងការណ៍នេះ ក៏បានស្នើឱ្យរដ្ឋាភិបាលធ្វើការសហការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលដល់កសិករ និងអាជីវកររងគ្រោះ ក្នុងការពន្យាពេលសងបំណុល។
យោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ក្នុងនោះមនុស្សចំនួន ២៥នាក់បានស្លាប់ រួមមាន បន្ទាយមានជ័យ ១៥នាក់ ព្រះសីហនុ ២នាក់ ពោធិ៍សាត់ ៣នាក់ ប៉ៃលិន១នាក់ និងកំពង់ធំ៤នាក់៕