ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន០២នាក់ទៀត លើបុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ និងស្ត្រីខ្មែរ អាយុ ៣២ឆ្នាំ ត្រូវជាភរិយា ដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់។

អ្នកទាំងពីរបានធ្វើដំណើរឆ្លងកាត់ទីក្រុងដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មុនចូលមកកម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ហើយក៏ត្រូវបានគេដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យខ្មែរ-សូវៀត។ នេះយោងតាមសេចក្តីប្រកាសព័ត៍មានក្រសួងសុខាភិបាល។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល​ ចុះថ្ងៃទី២០ តុលា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសខ្មែរ និងស្ត្រីខ្មែរនេះ មានកូនអាយុ ០៣ឆ្នាំផងដែរ ហើយមានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ មានស្រី៣៤នាក់ កុមា០៣នាក់ និង​ ទារក០១នាក់ ហើយចំណែក អ្នកដំណើរចំនួន១០៧នាក់ទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ​ ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលកងទ័ពជើងអាកាស ចំនួន៣៧នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៦៩នាក់។

កម្ពុជាមានចំនួនវីរុសកូវីដសរុបចំនួន ២៨៥ករណី​ មានស្ត្រី ៥៨នាក់ និងបុរស ២២៧នាក់ ដោយ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៨០នាក់។

អ្នកសម្រាកព្យាបាលនៅមន្ទីពេទ្យមិតភាពខ្មែរ-សូវៀត មានចំនួន ០៥នាក់ មានជនជាតិឥណ្តូណេស៊ី ០១នាក់ បុរសខ្មែរ ០២នាក់ ស្ត្រីខ្មែរ ០១នាក់ និងស្ត្រីជនជាតិបារាំង ០១នាក់។ នេះយោងតាមក្រសួងសុខាភិបាល៕