លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ។
លោកបានលើកឡើងក្នុងទំព័រហ្វេកប៊ុករបស់លោកថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង»។
លោកបញ្ជាក់ថា «ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលាឆ្នាំ២០២០»។
លោកបាននិយាយថាខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។
ទន្ទឹមគ្នានេះដែរ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដែរ លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ក៏បានយកអំណោយជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកបានលើកឡើងក្នុងហ្វេកប៊ុករបស់លោកថា៖ «ខ្ញុំ និងសហការី បាននាំយកស្បៀង និងសម្ភារៈមួយចំនួន (អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច សាប៊ូ និងជែលលាងដៃ) ចែកជូនប្រជាពលរដ្ឋខ្មែរយើង ដែលរងគ្រោះដោយទឹកជំនន់ចំនួន ២០០គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០»។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយត្ន័ខ្ពស់ និង «សូមបួងសួងឲ្យខ្មែរបានសុខ ចាកផុតទុក្ខ មិនចងពៀរនឹងគ្នា»។
អតីតមេបក្សប្រឆាំងរូបបានលើកឡើងថា «អ្វីដែលជាកុសល យើងគួររួមគ្នាធ្វើ អ្វីដែលជាជម្លោះ យើងគួរនាំគ្នាជម្រុះ ទើបមានកិត្តិយស ជាតិយើងរឹងមាំ»។
បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹកអូរព្រំដែនកើនឡើង និងហូរបុកលើកំណាត់ផ្លូវក្បែរដល់រង្វង់មូលប៉ោយប៉ែត។
រដ្ឋបាលខេត្តបានបន្ដថា នេះបានបង្ករឲ្យមានការជនលិចក្នុងភូមិមួយចំនួន ដែលក្រុមការងារបានជម្លៀសប្រជាពលដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណ ១០០០ គ្រួសារក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
យោងតាមរបាយការណ៍គណកម្មការគ្រប់គ្រងគ្រោះមហន្ដរាយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់ប៉ះពាល់១៩ រាជធានីខេត្ត ដោយមានប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ បានរងផលប៉ះពាល់ ក្នុងនោះពលរដ្ឋចំនួន ២៥នាក់បានស្លាប់ រួមមាន បន្ទាយមានជ័យ ១៥នាក់ ព្រះសីហនុ ២នាក់ ពោធិ៍សាត់ ៣នាក់ ប៉ៃលិន ១នាក់ និងកំពង់ធំ ៤នាក់៕