លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានផ្ញើរសារព្រមានទុកមុនទៅកាន់ក្រុមបក្សប្រឆាំងដែលគ្រោងឡើងមកធ្វើបាតុកម្មនៅមុខស្ថានទូតចិន នាថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ថាឲ្យមានការប្រុងប្រយ័ត្ន ដោយលោកថា មុខសញ្ញាជនដែលចង់ឡើងមកធ្វើបាតុកម្មទាំងនោះ អាជ្ញាធរគ្រប់គ្រងបានអស់ហើយ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពេលដែលលោកចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្ដាំផ្ញើទៅកាន់ក្រុមបក្សប្រឆាំងដែលប៉ងធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះថា ឲ្យប្រុងប្រយ័ត្ន កុំចង់ធ្វើបាតុកម្ម ស្របពេលដែលកម្ពុជាកំពុងជួបវិបត្តិជំនន់ទឹកភ្លៀង និងវិបត្តិជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែផ្ដាំផ្ញើ កំពុងតែទឹកជំនន់ផង កូវីដផង កុំមករញ៉េរញ៉ៃ»។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងមួយដ៏ធំនៅកម្ពុជា បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អំពាវឲ្យពលរដ្ឋខ្មែរទូទាំងពិភពលោក ចូលរួមធ្វើមហាបាតុកម្មអហិង្សារ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជាគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពប្រទេសកម្ពុជា ពោលគឺប្រឆាំងវត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា៕