តុលាការកំពូល នឹងជម្រះសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ជុំវិញបទចោទថាប្រគល់ឲរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲអន្តរាយដល់ការការពារជាតិ។
យោងតាមហ្វេកប៊ុកតុលាការកំពូល ការជំនុំជម្រះករណីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នឹងចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
អ្នកទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តុលាការក៏បានដកហូតលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណរបស់ពួកគេផងដែរ ហើយ ក្រោយមក អ្នកទាំងពីរត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ កាលពីឆ្នាំ២០១៨ បន្ទាប់ពីជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេលជិត១០ខែ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើការអំពាវនាវឲទម្លាក់បទចោទប្រកាន់ទាំងឡាយ និងផ្តល់សេរីភាពដល់អ្នកទាំងពីរវិញ។
«ខេមបូចា សូមអំពាវនាវអោយតុលាការទម្លាក់ចោលរាល់បទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោកទាំងពីរវិញ»៕