លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអំពាវនាវដល់ធនាគារធំៗ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្តយោគយល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បន្ទាប់ពីលោកបានស្នើឲ្យមានការបន្ធូរបន្ថយក្នុងអំឡុងបញ្ហាជំងឺកូវីដ-១៩ ម្ដងរួចមកហើយ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំអំពាវនាវសូមកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់ សម្រាប់អ្នកដែលប៉ះពាល់»។
ទន្ទឹមនោះ លោកក៏បានព្រមានដល់អ្នកដែលធ្វើសកម្មភាពផ្សេងៗដោយបង្កើតជាចលនាដកប្រាក់ទាំងអស់ពីធនាគារ និងចលនាប្រកាសកុំឲ្យពលរដ្ឋសងលុយធនាគារជាដើម ដែលលោកថា សកម្មភាពទាំងនេះអាចធ្វើឱ្យធនាគារស្រុកខ្មែរដួលរលំ។
អ្នកស្រី យ៉េត វណ្ណនី អ្នកធ្វើស្រែចម្ការនៅខេត្តត្បូងឃ្មុំ ដែលមានអាយុ៤៥ឆ្នាំ ប្រាប់ Newsroom Cambodia ពីផលលំបាកនៃការរងផលប៉ះពាល់ដោយទឹកជំនន់ថា ទឹកជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតស្តែចម្ការរបស់អ្នកស្រីគ្រប់មុខ។ អ្នកស្រីបន្តថា ខណៈពេលអ្នកស្រីកំពុងចាប់ផ្ដើមសាបកូនថ្នាំ ភ្ជួររាស់ដីរួចរាល់អស់ ទឹកក៏ឡើង លិច ធ្វើឱ្យការប្រមូលផលត្រូវពន្យារពេលក្នុងការប្រមូល ហើយពេលដែលទឹកស្រកទៅវិញអស់ ត្រូវធ្វើឡើងវិញម្ដងទៀត ដែលត្រូវចំណាយទុន២ដង។
អ្នកស្រីបន្ថែមថា ក្នុងដំណើរការធ្វើស្រែចម្ការនេះ អ្នកស្រីបានខ្ចីលុយពីធនាគារចំនួន២,០០០ដុល្លារដើម្បីធ្វើដើទុន ដោយក្នុងមួយខែត្រូវបង់ទាំងការ និងដើមទៅធនាគារវិញចំនួន១៥០,០០០រៀល។
អ្នកស្រីថា៖ «ខាងធនាគារមិនមានការបន្ធូរបន្ថយឡើយ គឺយកដូចសព្វដង»។
ចំណែកអ្នកស្រី វណ្ណ ឌី អាយុ៣០ឆ្នាំ ជាអ្នកលក់ដូរ រស់នៅផ្ទះបង់រំលោះក្នុងបុរីកួរស្រូវ បានប្រាប់ Newsroom Cambodia ថា ខណៈពេលដែលមានទឹកជំនន់ទឹកភ្លៀង ធ្វើឱ្យ មុខរបររកស៊ីខាតបង់ លក់មិនកើត និងគ្មានអ្នកមកទិញ ដោយសារទឹកលិចចូលដល់ក្នុងផ្ទះ។
អ្នកស្រីបញ្ជាក់ថា៖ «ជាធម្មតាមុខរបររកស៊ី រកបានបង្វិលទៅបង្វិលមកដើម្បីបង់ផ្ទះ នៅពេលដែលជួបបញ្ហាបែបនេះគឺវាគាំងគ្រប់កន្លែង»។
យ៉ាងណាក្តីអ្នកស្រីមិនអាចប្រាប់ពីចំនួនលុយដែលបានខ្ចីពីធនាគារថាប៉ុន្មាននោះទេ ដោយគ្រាន់តែប្រាប់ថា ក្នុងមួយខែត្រូវបង់ចំនួនប្រហែលជា១ពាន់ដុល្លារអាមេរិក។
ចាប់ពីដើមខែតុលាមក ប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះពីប្រទេសវៀតណាម បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់នៅរាជធានីខេត្តប្រមាណជាច្រើន នៅទូទាំងប្រទេស។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចេញនៅថ្ងៃទី២០ ខែតុលានេះបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន១៩របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានអ្នកស្លាប់ចំនួន៣៤នាក់ និងប៉ះពាល់ជាងមួយម៉ឺនគ្រួសារ៕