ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ ថ្មីចំនួន០១នាក់ លើបុរសជនជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យខ្មែរ សូវៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២១ តុលា ឆ្នាំ២០២០ ជនជាតិប៉ូឡូញរូបនេះ មានអាសយដ្ឋានបណ្តោះអាសន្នស្នាក់នៅសណ្ឋាគាមួយក្នុងខេត្តព្រះសីហនុ ហើយអ្នករួមដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៥៣នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលកងទ័ពជើងអាកាស និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ។
គូសបញ្ចាក់ផងដែរថា កម្ពុជាមានចំនួនអ្នកមានវីរុសកូវីដ ១៩ សរុបចំនួន២៨៦នាក់ ដោយក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៨០នាក់ និងមានអ្នកសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ សូវៀត ចំនួន ០៦នាក់៕