លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅគេហដ្ឋានរបស់លោក នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។
នេះជាលើកទីពីរហើយ ដែលលោក Patrick Murphy បានជួបពិភាក្សានៅគេហដ្ឋានរបស់លោកកឹម សុខា ក្នុងចំណោមជំនួប៥លើក ក្នុងរយៈពេលប្រមាណមួយឆ្នាំនេះ។
ថ្លែងក្នុងគេហទំព័រហ្វេកប៊ុកផ្ទាល់ខ្លួន លោក កឹម សុខា បានលើកឡើងថា ពួកគាត់បានសំណេះសំណាល ពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិមនុស្ស សេដ្ឋកិច្ច សង្គម ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។
គេហទំព័រស្ថានទូតអាមេរិក បានលើកឡើងថា លោក Patrick Murphy រីករាយដែលបានជួបលោក កឹម សុខា ហើយការជជែកគ្នាក៏រួមមានការរួមចំណែករបស់សហរដ្ឋអាមេរិកនៅកម្ពុជា ហើយនឹងធ្វើការឆ្លុះបញ្ចាំងទៅលើថ្ងៃខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
លោកបានបន្ថែមថា «សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នាចង់បានសន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យរបស់គេ»៕