ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀតជាស្រ្តីជនជាតិបារាំង អាយុ២៣ឆ្នាំ ខណៈដែលមានអ្នករួមដំណើរជាមួយជាង១០០នាក់ និងមិនមានករណីជាសះស្បើយឡើយនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា ស្រ្តីជនជាតិបារាំង អាយុ២៣ឆ្នាំរូបនេះ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី។ ជើងហោះហើរនោះមានអ្នកដំណើររួមជាមួយសរុបចំនួន១០៨នាក់ បានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះគឺវិជ្ជមានវីរុសកូវីដ១៩ ។
សេចក្តីប្រការព័ត៌មានដដែលបន្ថែមថា បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកអ្នករួមដំណើរជាមួយចំនួន ១០៧នាក់ទៀតដែលលទ្ធផលអវិជ្ជមានកូវីដ១៩នោះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
គិតត្រឹមម៉ោង០៧:០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយទាំងអស់ចំនួន ២៨៣នាក់ និងចំនួន៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕