ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាសរកឃើញអ្នកឆ្លងជំងឺ​កូវីដ​១៩ ថ្មី​ម្នាក់​ទៀត​ជា​ស្រ្តី​ជនជាតិ​បារាំង អាយុ​២៣ឆ្នាំ ខណៈ​ដែលមាន​អ្នក​រួម​ដំណើរជា​មួយជាង​១០០​​នាក់ និង​មិន​មាន​​ករណី​ជាសះស្បើយ​ឡើ​យ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​​ចេញ​នៅ​​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០២០ បញ្ជាក់​​ថា ស្រ្តីជនជាតិបារាំង អាយុ២៣ឆ្នាំរូបនេះ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហបុរី។ ជើង​​ហោះ​ហើរ​នោះ​មាន​​អ្នកដំណើរ​រួម​ជាមួយ​សរុបចំនួន​១០៨នាក់ បានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែ​តុលា ឆ្នាំ២០២០ ដោយលទ្ធផលធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ​គឺ​វិជ្ជមាន​វីរុស​កូវីដ​១៩ ។

សេចក្តី​ប្រការ​ព័ត៌មាន​ដដែល​បន្ថែម​ថា ​បច្ចុប្បន្ន​​អ្នក​​ជំងឺ​​កំពុង​​សម្រាក​​ព្យាបាល​​​នៅ​​មន្ទីរពេទ្យ​មិត្តភា​ព​​ខ្មែរ-​សូវៀត ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ចំនួន ១០៧​នាក់​ទៀត​ដែល​លទ្ធផល​អវិជ្ជ​មាន​កូវីដ​១៩​នោះ​ត្រូវ​​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​ចំនួ​ន​១៤ថ្ងៃ។

គិត​ត្រឹម​ម៉ោង​០៧:០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​២៨៨នាក់ ក្នុងនោះ​បាន​ព្យាបាល​ជា​សះស្បើយ​ទាំងអស់​ចំនួន ២៨៣​នាក់ និង​ចំនួន​៥នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕