វេលា​ម៉ោង​​ជិត២រសៀល ខណៈ​​មេឃ​ងងឹត​​កល​​ភ្លៀង​ផង​ អ្នកស្រី លី ឌីវា ​​អ្នកនេសាទ​​​ម្នាក់​​កំពុង​រើ​សម្បក​កំប៉ុង​លក់​ឲ្យ​អ្នកទិញ​អេតចាយ នៅ​ខាងមុខ​ផ្ទះ​ប្រក់​ថង់​ប្លាស្ទិក ដែល​នៅ​​ក្បែរ​សណ្ឋាគារ​​សុខា​ភ្នំពេញ ​ក្នុង​ភូមិចុងកោះ រាជធានី​ភ្នំពេញ​។​

អ្នកស្រី​ លី ឌីវា ដែល​មាន​វ័យ​៣១​ឆ្នាំ ប្រាប់​ Newsroom Cambodia នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា គ្រួសារ​អ្នកស្រី មាន​សមាជិក​៦នាក់​ ដោយ​ប្រកប​របរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ និយាយបណ្តើរ រៀប​រាប់​ពីការ​ខ្វះ​ខាត​ជីវភាព​ដោយ​សារ​​ប្រាក់​ចំណូល​ពី​នេសាទ​កាន់​តែ​តិច​​ដោយ​​​ទឹក​មុខ​ស្រពាប់​ស្រពោន​បណ្តើរ​ថា ទឹកទន្លេ​ក្នុង​ពេល​បច្ចុប្បន្ន​ឡើងចុះៗ ធ្វើឲ្យ​​អ្នកស្រី​ពិបាកនិងរកត្រី​ ហើយ​ថា ពេលខ្លះដាក់មងបានត្រី១-២ យក​លក់​បាន​លុយ​១ម៉ឺន ទៅ២ម៉ឺនរៀល ដើម្បីផ្គត់ផ្គង់គ្រួសារ។ 

អ្នកស្រី​​បន្ថែម​ថា មូលហេតុ​នៃ​ការ​រកត្រី​មិន​បាន និង​ធ្លាក់​ចុះខ្លាំង​ គឺ​ដោយ​សារ​អាកាស​ធាតុ​ប្រែប្រួល​ខ្លាំង ភ្លៀង​រាល់ថ្ងៃ និង​ដោយសារ​មានការ​បិទ​ទឹក​ពី​ប្រទេស​លើ​ទន្លេ​មេគង្គ ព្រមទាំង​សំរាម​ប្លាស្ទិក​ផ្សេងៗ។ 

«ណាមួយទឹកត្រូវបានគេបិតពីខាងលើដោយសម្រាប់ផលិតចេញជាកម្លាំងអគ្គិសនីទើបធ្វើអោយទឹកមិនសូវឡើងជាហេតុធ្វើឲ្យផលនេសាទធ្លាក់ចុះ»។

អ្នកស្រី​បាន​បន្ត​ពី​បញ្ហា​សំរាម​​ថា៖ «ពេល​យើង​ដាក់​មងម្តងៗ​វា​ជាប់​ថង់​ច្រើន ដែល​ជា​ថង់​ចំណី​អាហារ​ដែល​គេ​បោះចោ​ល​ក្នុង​ទន្លេ វាជាប់​តែ​អានឹង យើង​ហត់​នឹង​ដោះវា​ណាស់»។

អ្នកស្រី លី ឌីវា ជា​អ្នក​នេសាទ​មួយ​រូប ​ក្នុង​ចំណោម​អ្នក​នេសាទ​ជាច្រើន​ទៀត ដែល​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​បញ្ហាជី​វភាព​គ្រួសារ និង​ត្អូញត្អែរ​ពី​ការជួប​ប្រទះ​ផល​លំបាក​នៃ​ការនេសាទ​នៅ​​ឆ្នាំនេះ ដោយសារ​​​បញ្ហាទឹកទន្លេ និង​អាកាសធាតុប្រែប្រួល។

ចំណែក​លោក សុះ រ៉សាត​ ដែល​មានអាយុ​៣៨​ឆ្នាំ កំពុង​អង្គុយលើទូក​​លុ​ញកន្ទក់​សម្រាប់ធ្វើជានុយត្រី​ នៅ​ភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ ប្រាប់​ថា លោក​បាន​មក​រស់នៅ និង​ប្រកប​របរ​ជា​អ្នក​នេសាទ​តាំង​ពី​អាយុ១១ឆ្នាំមក​ម្ល៉េះ។ លោក​បន្ត​ថា ​ពី​មុន​លោក​រក​ចំណូល​បាន​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែលោក​ថា បច្ចុប្បន្ន​លោក​រក​ចំណូល​បាន​ត្រឹម​តែ​​១​ម៉ឺន​ ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​បណ្ដាលមក​ពី​ភ្លៀងទឹ​ក​ជន់​ខុស​រដូវ​ឡើង​ដោយ​បង្ខំ។​

«ប្រសិនបើ​ទឹកឡើង​ដោយ​ធម្មជាតិ វា​អាច​រក​ត្រីបា​ន​ជាង​មុន ដល់​ពេល​ជន់​ទឹក​ភ្លៀង​បាត់​ត្រី​បាត់​អី​អស់»​។

មិនមែន​តែអ្នកស្រី ឌី លីវា និង​លោក សុះ រ៉សាត​ នោះ​ទេ​ដែល​ ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការ​ថយ​​ចុះ​ផល​នេសាទ​​​ឆ្នាំនេះ​ដោយសារ​​បញ្ហា​ទឹកទន្លេ និង​អាកាស​ធាតុ​ប្រែប្រួល​ ចំណែក​លោក ពូក គ្រី អាយុ៣១ឆ្នាំ ដែល​មាន​​មុខរបរ​​​ជា​អ្នកនេសាទ​ដែរ​នោះ​​ក៏​បាន​លើកឡើង​ដែរ​ថា នៅ​ឆ្នាំ​នេះ​ទឹ​កតូច ដូច្នេះ​ហើយ​ការនេសា​ទ​ត្រីរ​បស់​លោកមិនសូវបានផលនោះទេ។

លោកនិយាយថា​៖ «ឆ្នាំ​ហ្នឹង​កំសត់​ជាង​រាល់ឆ្នាំ រាល់ឆ្នាំ​គ្រាន់​តិច តែ​ឆ្នាំនេះ​ទឹ​ក​វា​តូច ទឹក​វាឡើង​បាន​តិច ទឹ​ក​វាតូចវាអត់សូវមានត្រីទេ តែទឹកធំទៅ ត្រីវាចេញពីបឹងពីអីមកខ្លះ»។

លោកបន្ថែម​ថា ក្នុងមួយថ្ងៃៗ​បើដូច​ពេ​លមុនៗ លោក​អាច​រក​ចំណូល​បាន​ពី​៥ម៉ឺន ទៅ៨ម៉ឺន​រៀល​ ប៉ុន្តែ​​ឥលូ​វ​លោក​ថា​​រកមិនបានដូច​មុន​នោះ​ទេ។​

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ប្រាប់ Newsroom Cambodia ថា មូលហេតុដែលផលនេសាទធ្លាក់ចុះគឺដោយសារទន្លេមេគង្គទឹកតូច ជា​ហេតុធ្វើ​ឲ្យ​ទិន្នផល​ត្រី​តិច​នៅ​ឆ្នាំ​នេះ។ លោក​បន្ត​ថា ត្រី​នាំចូល​ពី​ប្រទេស​ជិត​ខាង​ ក៏ដូចជា​ប្រទេស​អូស្ត្រាលី និង​អាឡាស្កា ជា​មធ្យម​មាន​១០២,០០០តោន ទៅ​១០៤,០០0​តោន​ក្នុង​មួយ​ឆ្នាំៗ។

លោកថ្លែងថា៖ «ត្រីក្នុងស្រុកមិនអាចផ្គត់ផ្គង់គ្រប់ទេ ខាងក្រសួងកំពុងជំរុញ​លើ​ការចិញ្ចឹម។ បើ​បាន​៤០០​ពាន់​តោន-៥០០​ពាន់តោន គឺ​ធានា​លើ​ការផ្គត់ផ្គង់​ក្នុង​ស្រុក​គ្រប់គ្រាន់»។

លោក ហែម ឧត្តម ជា​អ្នក​ពិគ្រោះយោ​បល់​ឯករាជ្យ​ផ្នែក​អភិបាល​កិច្ច​ធនធាន​ធម្មជាតិ​បាន​ប្រាប់ Newsroom Cambodia ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការលើក​ឡើង​របស់​ប្រជា​នេសាទ​ដែល​រកត្រី​មិនបាន អាច​​​បណ្ដាល​មក​​ពី​ចំនួន​អ្នក​នេសាទ​​កើនឡើង ការប្រែប្រួល​នៃ​លំហូរ​ទន្លេ ឬ​ក៏​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ​មាន​ការផ្លាស់ប្ដូរ និង​ការប្រើប្រាស់ទឹកក្នុងការ​ទាញយកថាមពលអគ្គីសនី​​​ដើម្បីរ​ក្សា​ទឹក​ទុក​ក្នុង​ទំនប់​វារី​អគ្គីសនី​តាម​បរិមាណ​ដែលត្រូវការ​ និង​ការ​នេសាទ​ខុសច្បាប់​​ជាដើម​។

លោក​បញ្ជាក់​​ថា៖ «មូលហេតុ​ដែល​ទឹក​តូច​បណ្ដាល​ឱ្យ​ប្រជានេសាទ​រកត្រី​មិន​បាន ដោយសារ​តែ​មាន​ការពាក់ព័ន្ធ​ជាមួយ​ហ្នឹង​ការប្រើប្រាស់​ទឹក​ក្នុង​ការ​ទាញ​យក​ថាមពល​អគ្គីសនី​​​ដើម្បី​រក្សា​ទឹក​ទុក​ក្នុង​ទំនប់​វារី​អគ្គីសនី​តាម​បរិមាណ​ដែល​ត្រូវ​ការ»។

លោកបញ្ជាក់ថា៖ «ការនេសាទ​​មួយ​​ចំនួ​ន​​ធ្វើ​ឲ្យបាត់បង់​នូវ​ប្រភេទ​ត្រីសំ​ខាន់​ ដូច​ជា​ប្រភេទ​ត្រី ប៉ាវ៉ា ត្រីប៉ាសេអ៊ី ត្រីត្រសក់ ត្រីក្របី ចំណែក​ត្រីដែ​លនៅ​ស​ល់​ក៏​ពិបាក​រស់​ដែរ​ដោយសារ​ផល​ប៉ះពាល់​នៃ​ការប្រែប្រួលនៃ​បរិស្ថាន​ទន្លេផង និង​សកម្មភាព​បំពុល​ទន្លេ​ដូចជា ការចោល​នៃ​សំរាម​ប្លាស្ទិក រោងចក្រ​ឧស្សាហកម្ម​មួយ​ចំនួន​បង្ហូរ​កាក​សំណល់ សារធាតុ​គីមី​ក៏​ជា​កត្តារួ​មចំ​ណែក​​ផង​ដែរ»។

លោក​បន្ថែម​ថា ប្រសិនបើរដ្ឋាភិបាលគិតទៅលើគោលនយោបាយអភិវឌ្ឍ​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​ផ្ដោត​លើ​វិស័យ​ឧស្សាហកម្ម​ខ្នាតធំ ​ដូចជា​រោងចក្រ​ថាមពល ទំនប់វារី​អគ្គិសនី ប្រព័ន្ធសេ​ដ្ឋកិច្ច​ពិសេស ប៉ុន្តែ​ធ្វើឱ្យប៉ះពាល់​ដល់​​ការនេសាទ​​រប​ស់​​ពួកគាត់ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ទៅ​លើ​មីក្រូ​សេដ្ឋកិច្ច ដោយ​​រក្សា​នូវ​អ្វី​ដែ​លមា​នស្រាប់។

លោកថា៖ «គួរ​តែ​កុំ​យក​ការអភិវឌ្ឍ​មួយ​មក​ជំនួស​អាមួយ​ គួរតែ​សាងសង់​អ្វី​មួយ​ពី​លើ​អ្វី​មួយ​ផ្សេង​ទៀត។ យើង​គួរ​តែ​សម្រួល​ដល់​អ្នក​នេសាទ​ឱ្យ​មាន​ផលិតភាព និង​ផលិតផល​ច្រើន​ជាង​មុន មាន​ភាព​ទំនើប និង​ស្តង់ដារ​ខ្ពស់​ជាង​មុន ដើម្បី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ ជាជាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួក​គាត់»៕​