ចៅក្រមតុលាការកំពូល កាលព្រឹកថ្ងៃអង្គារ បានច្រានចោលការទាមទាររបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដែលប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងការបើកការស៊ើបអង្កេតឡើងវិញលើសំណុំរឿងរបស់ពួកគេ។ នេះបើតាមការបញ្ជាក់របស់លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានអាស៊ីសេរី។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាឱ្យស៊ើបអង្កេតឡើងវិញនូវសំណុំរឿងរបស់ពួកគេ ដែលត្រូវបានចោទពីបទចារកម្មបម្រើឱ្យរដ្ឋបរទេស ប៉ុន្តែអ្នកទាំងពីរបានប្ដឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលជាបន្តបន្ទាប់ ដោយជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ។
តុលាការកំពូលកាលពីថ្ងៃទី២២ ខែតុលា បានជំនុំជម្រះបណ្ដឹងសារទុក្ខរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២ ដែលប្ដឹងប្រឆាំងនឹងការសម្រេចសាលាដំបូង និងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដែលបានចេញ «សាលដីកាចាត់របៀប» ឲ្យបន្តកិច្ចស៊ើបសួរ ដោយមិនកំណត់ រយៈពេលជាក់លាក់។
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យអាស៊ីសេរី មួយរូបដែលកំពុងត្រូវបានចិទប្រកាន់ ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែតុលានេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកជាបានការដដែល និងឱ្យបើកការស៊ើបអង្កេតឡើងវិញ ក្រោមមូលហេតុថា ការសម្រេចរបស់ចៅក្រមសាលាដំបូងគឺធ្វើឡើងដោយផ្អែកទៅតាមច្បាប់ត្រឹមត្រូវ ហើយដែលតុលាការមានឆន្ទានុសិទ្ធិក្នុងការសម្រេចបែបនេះ នេះបើតាម លោក យាង សុធារិន្ទថ្លែងប្រាប់ Newsroom Cambodia កាលពីរសៀលថ្ងៃដដែល។
លោក យាង សុធារិន្ទ បន្ថែមថា ពេលតុលាការកំពូលសម្រេចបែបនេះ ធ្វើឲ្យសំណុំរឿងលោក និងលោក អួន ឈិន អូសបន្លាយកាន់តែយូរ និងបានធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍ក្នុងជីវភាពរស់នៅ ខាតពេលវេលា ប៉ះពាល់ដល់សេរីភាពក្នុងការដើរហើរ និងសតិអារម្មណ៍របស់ពួកលោក ព្រមទាំងក្រុមគ្រួសារ។
«ពេលវាអត់មានការដាក់កំណត់ជាក់លាក់ពីការស៊ើបអង្កេតអីចឹងទៅ វាធ្វើឲ្យសំណុំរឿងពួកខ្ញុំហ្នឹងកាន់តែអូសបន្លាយយូរ ដោយយើងមិនដឹងភាពពិតប្រាកដថា វាត្រូវបញ្ចប់នៅពេលណា»។
លោកបន្ថែមថា៖ «នៅពេលដែលយើងរស់នៅឋិតនៅក្រោមការឃ្លាំមើលរបស់តុលាការ ហើយសេរីភាពរបស់យើងត្រូវ រឹតត្បិតតាមរយៈការដកហូតលិខិតឆ្លងដែនមិនឲ្យយើងធ្វើដំណើរទៅក្រៅប្រទេស […] ហើយមួយទៀតវាប៉ះពាល់ដល់ពេលវេលា ការរស់នៅរបស់យើង សតិអារម្មណ៍ក្រុមគ្រួសារកូនចៅរបស់យើង»។
ថ្លែងប្រាប់ Newsroom Cambodia នៅរសៀលថ្ងៃទី២៧ ខែតុលា នេះ លោក ណុប វី នាយកប្រតិបត្តិនៃ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា នៅតែជាការដាក់បន្ទុកដល់អ្នកទាំងពីរ និងបានរិតត្បិតសេរីភាពរបស់ពួកគេក្នុងនាមជាអ្នកសារព័ត៌មាន។
លោកថា៖ «វាជាការបន្តដាក់បន្ទុក ហើយមានន័យថា ស្ថានភាពនៃការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មានដែលមាននិន្នាការរិះគន់រដ្ឋាភិបាលកន្លងមកហ្នឹង នៅតែមិនត្រូវបានគេលើកកម្ពស់ មិនត្រូវបានគេផ្តល់ការការពារដដែល បាទជាពិសេសគឺរឿងទាក់ទងនឹងផ្លូវច្បាប់នៃប្រព័ន្ធតុលាការ»។
Newsroom Cambodia បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ តែទូរស័ព្ទចូលពុំមានអ្នកទទួល។
អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ»។ ក្រោយមក តុលាការបានសម្រេចបំបែកសំណុំរឿងជាពីរគឺពីបទ «ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ» និងបទ «ផលិត និងរក្សាទុករូបភាពអាសអាភាស»។
បច្ចុប្បន្ន ពួកគេទាំងពីរកំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិតដប់ខែមក៕