ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន០២នាក់ទៀត ជាបុរសជនជាតិខ្មែរដែលបានវិលត្រលប់មកពីប្រទេសជប៉ុន។

យោងតាមក្រសួងសុខាភិបាល បុរស អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។

បុរសទាំងពីរនាក់នេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជាមួយអ្នករួមដំណើរជាមួយចំនួន ៣៧នាក់ផ្សេងទៀត។

ក្រសួងបាននិយាយថា អ្នកជំងឺទាំង០២ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកអ្នករួមដំណើរជាមួយចំនួន ៣៧នាក់ ផ្សេងទៀតដែលលទ្ធផលអវិជ្ជមានកូវីដ ១៩នោះត្រូបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩សរុបចំនួន ២៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយទាំងអស់ចំនួន ២៨៣នាក់ និងចំនួន០៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕