ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា មនុស្សចំនួន៨៤០នាក់ដែលបានប៉ះពាល់នឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី បានទទួលលទ្ធផលធ្វើតេស្តលើកទី១ អវិជ្ជមានកូវីដ ១៩។
ក្រសួងសុខាភិបាលបានលើកឡើងថា ទោះបីជាលទ្ធផលធ្វើតេស្តលើកទី១អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា ប៉ុន្តែក្រសួងបានឱ្យមនុស្សទាំង ៨៤០នាក់នោះធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃសិន និងត្រឡប់មកធ្វើតេស្តវិញចំនួន ០៣ដងទៀត តាមកាលបរិច្ឆេទកំណត់នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្រ្តី។
ក្រសួងបានអះអាងថានឹងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដើម្បីយកសំណាកមកធ្វើតេស្តបន្តបន្ទាប់ទៀត ខណៈដែល មិនមានអ្នកជាសះស្បើយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រីរូបនេះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក៏មានអ្នកសារព័ត៌មានមួយចំនួនផងដែរ ដែលត្រូវបានធ្វើតេស្ត និងដាក់ក្នុងចត្តាឡីស័ក។
អ្នកថតរូបព័ត៍មានម្នាក់កំពុងនៅក្នុងចត្តាឡីស័ក ហើយដែលសុំនិយាយមិនបញ្ចេញឈ្មោះ បានប្រាប់ Newsroom Cambodia ថាលោកមិនបានប៉ះពាល់ជាមួយ នឹងលោករដ្ឋមន្រ្តីការបរទេសហុងគ្រីនោះទេ ហើយបានស្ថិតនៅគម្លាតរវាង៣ ទៅ៤ម៉ែត្រ ព្រមទាំងបានពាក់ម៉ាស់ការពារ និងលាងសម្អាតដៃបន្ទាប់ពីចប់កម្មវិធីផងដែរ។
លោកបានបន្តទៀតថា បន្ទាប់ពីទទួលដំណឹងថារដ្ឋមន្រ្តីការបរទេសហុងគ្រីផ្ទុកវីរ៉ុសកូវីដ ១៩នៅប្រទេសថៃ លោកក៏បានទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលតេស្តលើកទី១ គឺអវិជ្ជមាន។
លោកបានបញ្ជាក់បន្ថែមថា «រាល់ថ្ងៃ ក៏ខ្ញុំធ្វើចត្តាឡីស័កក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញដែរ»។
គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយទាំងអស់ចំនួន ២៨៦នាក់ និងចំនួន០៦នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕