ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងដាក់បញ្ចូលកម្មវិធីសិក្សាថ្មីទាក់ទងនិងការអប់រំសុខភាពផ្លូវចិត្ត ផ្លូវកាយនិងផ្លូវភេទបន្ថែម លើមុខវិជ្ជាវិទ្យាសាស្រ្តដែលមានស្រាប់សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ហើយដែលអាចនឹងអនុវត្តនៅឆ្នាំ២០២២។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡាបានរៀបរាប់ប្រាប់ Newsroom Cambodia ថា កម្មវិធីសិក្សានេះមានគោលបំណងដើម្បីបន្តលើកកម្ពស់សុខភាពផ្លូវចិត្តតាមសាលាបឋមសិក្សា និងវិទ្យាល័យ។
លោកបន្តទៀតថា «មេរៀននេះមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់ភូមិសិក្សាក្នុងការសិក្សារៀនសូត្រសម្រាប់ជាចំណេះដឹងដើម្បីយកទៅអនុវត្តក្នុងការថែទាំសុខភាពរបស់ពួកគេឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាសម្រាប់អនាគតរបស់ពួកគេ រស់នៅប្រកបដោយសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្តនិងសង្គម»។
លោក រស់ សុវាចា បានអះអាងថា លើសពីនេះទៅទៀត ការអប់រំផ្លូវភេទក៏មានសារៈសំខាន់សម្រាប់ឱ្យសិស្សស្វែងយល់ពីជំងឺដែលពាក់ព័ន្ធដើម្បីចេះការពារខ្លួនពីជំងឺផ្សេងៗ កាត់បន្ថយហានិភ័យនានាពីការរួមភេទ និងចេះជ្រើសរើសវិធីការពារកុំឱ្យមានកូនតាមមិនតាមប្រាថ្នាក្រោយពេលរៀបការ។
លោកបន្ថែមទៀតថាក្រសួងអប់រំ យុវជន និងកីឡា បានណែនាំគ្រឹះស្ថានសិក្សាទំាងអស់ឱ្យអនុវត្តកម្មវិធីសិក្សារួមទាំងសុខភាពផ្លូវភេទឱ្យបានពេញលេញដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតប នឹងបរិបទជាតិតំបន់ និងពិភពលោក។
លោក ប៉ុក ពិសិទ្ធ អាយុ២៣ ជាគ្រូបង្រៀនមធ្យមសិក្សានៅវិទ្យាល័យសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន វាលតូច ខេត្តត្បូងឃ្មុំ បាននិយាយថាកម្មវិធីសិក្សានេះមានសារៈសំខាន់ ព្រោះថាវាជាផ្នែកមួយដែលបានចូលរួមឱ្យយុវវ័យបច្ចុប្បន្នក៏ដូចជាសិស្សានុសិស្សដែលកំពុងសិក្សា ជាពិសេសសិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២ ឱ្យមានការយល់ដឹងទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគាត់ និងមួយទៀតនោះ គឺផ្លូវភេទរបស់ពួកគាត់ផងដែរ ដោយសារតែបច្ចុប្បន្នបញ្ហាទាំងនេះកំពុងតែចោទជាបញ្ហាខ្លាំងចំពោះ។
លោក ប៉ុក ពិសិទ្ធ បានមានប្រសាស៍ទៀតថាបញ្ហាសុខភាពគឺជាផលវិបាកមួយផ្នែកដែលផ្ដល់ផលអវិជ្ជមានលើសិស្សានុសិស្ស រួមមានការបាក់ទឹកចិត្ត មិនសូវមានភាពក្លាហាន និងមិនមានជំនឿលើខ្លួនឯង ដូច្នេះកម្មវិធីនេះគឺប្រៀបបាននឹងជួយ «បំភ្លឺផ្លូវ» ក៏ដូចជាកែប្រែ បណ្ដុះគំនិតរបស់ពួកគាត់ឱ្យមានការកែប្រែខ្លួនឯងឱ្យប្រសើរជាងមុន
លោកក៏បានបន្ថែមទៀតថា កម្មវិធីនេះមានភាពសំខាន់ សម្រាប់មនុស្សគ្រប់រូបស្ថិតក្នុងកាលៈទេសៈបែបណា វណ្ណៈបែបណា ការងារបែបណាក៏ដោយ។
«ជាពិសេសផ្លូវចិត្ត គឺសំខាន់ កាលណាដែលផ្លូវចិត្តយើងនឹងនរ សុខភាពរឹងមាំ ការរស់នៅរបស់យើង ការប្រកបការងារផ្សេងៗយើងអាចទទួលបានភាពជោគជ័យទៅតាមហ្នឹងដែរ»។
កញ្ញា ងួន សុវី អាយុ ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យកោះសូទិន បានលើកឡើងប្រាប់Newsroom Cambodia ថា ការដាក់ឱ្យមានកម្មវិធីសិក្សាសុខភាពផ្លូវចិត្ត និងផ្លូវភេទ ក្នុងកម្មវិធីសិក្សា មានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សទាំងស្រី ទាំងប្រុសដែលអាចឱ្យសិស្សសិក្សាស្វែងយល់ពីបញ្ហាសុខភាពផ្លូវចិត្ត ថាតើការរៀនរបស់ខ្លួនឯងទទួល ឫចាប់បានច្រើនប៉ុណ្ណា ទទួលបានចំណេះដឹងធំទូលាយច្រើន ឫអត់ និងរងសម្ពាធពីខាងក្រៅយ៉ាងដូចម្ដេចខ្លះ។
កញ្ញា ងួន សុវីបាននិយាយថា ចំណែកសុខភាពផ្លូវកាយវិញ អាចឱ្យសិស្សានុសិស្សស្វែងយល់ពីសុខភាពខ្លួនឯងថា ក្នុងខណៈពេលដែលមានជំងឺប្រចាំកាយ គួរតែទទួលបានការថែទាំសុខភាពដូចម្ដេចខ្លះ។
កញ្ញាបានបញ្ជាក់ថា «សិស្សមួចំនួនដែលត្រចៀកស្ដាប់មិនសូវបាន គាត់ត្រូវការឧបករណ៍ជំនួយ ឫក៏ការយកចិត្តទុកដាក់ពីគ្រូ»។
កញ្ញា ងួន សុវី បាននិយាយថា « សិស្សស្រីមិនត្រូវទៅកន្លែងដែលស្ងាត់ៗ ឫក៏មានប្រុសៗច្រើន មិនគួរស្និតស្នាលជាមួយគ្រូប្រុសៗខ្លាំងពេក ដែលអាចឈានដល់មានករណីរំលោភក៏ថាបាន»។
លោក ជា សុខហេង អាយុ ១៨ឆ្នាំ ជាសិស្សកំពុងសិក្សាថ្នាក់ទី១២ នៃវិទ្យាល័យទួលអំពិល បានប្រាប់ Newsroom Cambodia ថា ការដាក់ឱ្យមានកម្មវិធីសុខភាពផ្លូវចិត្ត និងផ្លូវភេទ ថាជាកម្មវិធីល្អព្រោះអាចធ្វើឱ្យសិស្សក្មេងៗយល់ដឹងច្រើនពីបញ្ហានេះ និងចេះគិតគូរបានដិតដល់ទាំងសុខភាពផ្លូវកាយ ទាំងផ្លូវចិត្ត ជាពិសេសរួមទាំងផ្លូវភេទដែលភាគច្រើននាពេលបច្ចុប្បន្នកំពុងតែបង្ហាញឱ្យឃើញពីការរួមភេទនៅវ័យក្មេងៗផងដែរ។
លោកបានបញ្ជាក់ថា «ដោយសារឥឡូវអត្រាក្មេងៗ ដែលប្រព្រឹត្តិរឿងនេះ ដោយមិនបានទាន់រៀបការ ក៏ច្រើនដែរ»៕