នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ប្រកាសឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេត ប្រុងប្រយ័ត្នចំពោះករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលអាចលួចយកលេខសម្ងាត់ ឬរូបភាព ឬវីដេអូរបស់អ្នកប្រើប្រាស់។
បើតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែធ្នូនេះបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងបានសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមានឈ្មោះថា «BIST DU ESIMVIDEO?» ឬជាភាសាខ្មែរមានន័យថា «តើបុគ្គលក្នុងវីដេអូនេះពិតជាអ្នកមែនទេ?»។ ទំព័រហ្វេសប៊ុកនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបន្ថែមថា មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messenger នៃគណនីមួយទៅកាន់គណនី ផ្សេងមួយទៀត និងស្ទើរពាសពេញគណនីក្នុងស្រទាប់យុវវ័យកម្ពុជា។
នាយកដ្ឋានព័ត៌មានបន្ថែមថា មេរោគនេះ ពីដំបូងសង្កេតឃើញមានការផ្ញើសារភ្ជាប់ជាមួយតំណរភ្ជាប់វីដេអូ ពីគណនីអនាមិកដែលបង្ហាញខ្លឹមសារថា «តើបុគ្គលក្នុងវីដេអូនេះ ពិតជាអ្នកមែនទេ?» និងករណីមួយចំនួនជាមិត្តភ័ក្តិ ឬបុគ្គលដែលម្ចាស់គណនីស្គាល់។ តំណរភ្ជាប់នោះមើលទៅហាក់ដូចជារូបភាព ឬវីដេអូ YouTube ដូច្នេះដែរ ហើយនៅពេលដែលអ្នកប្រើប្រាស់ចុចលើរូបភាព ឬវីដេអូក្នុងកម្មវិធីសារ MESSENNGER តំណរ ភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគដែលមានសមត្ថភាពលួចយកលេខសម្ងាត់គណនីបណ្តាញសង្គមរបស់អ្នក ឬចម្លងរោគទៅគណនីរបស់អ្នកប្រើប្រាស់។
នាយកដ្ឋានព័ត៌មានដដែលបញ្ជាក់តាមន័យដើមថា៖ «បន្ទាប់ពីលួចគណនីជនរងគ្រោះ មេរោគនេះនឹងធ្វើការទាញយករូបភាពជនគ្រោះដាក់បញ្ចូលក្នុងរូបភាព ឬវីដេអូអាសអាភាស ឬវីដេអូផ្សេងៗដោយប្រើប្រាស់បច្ចេក វិទ្យា DEEPFAKE ហើយធ្វើការចែករំលែកបន្តទៅកាន់មិត្តភក្តិដែលមានក្នុងគណនីដោយស្វ័យប្រវត្តិ។ សកម្មភាពបន្លំលួចគណនីដូចរៀបរាប់ខាងលើនឹងបន្តពីគណនីមួយទៅគណនីមួយយ៉ាងលឿន»។
នាយកដ្ឋានព័ត៌មានវិទ្យាបានបានបន្ថែមដោយក្រើនរំឮកដល់អ្នកប្រើបណ្តាញទំនាក់ទំនងសង្គមឲ្យមានការប្រុងប្រយ័ត្ន ដោយពុំត្រូវចុចលើតំណរភ្ជាប់ដែលពុំមាន ប្រភពច្បាស់លាស់ និងត្រូវជៀសវាងការផ្តល់លេខសម្ងាត់គណនីឲ្យទៅនរណាម្នាក់ ឬត្រូវ អង្កេតមើលអាសយដ្ឋានគេហទំព័រមុនវាយបញ្ចូលលេខសម្ងាត់៕