នាយកដ្ឋានព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ប្រកាស​ឲ្យ​អ្នកប្រើ​ប្រាស់​អ៊ីនធឺណេត​​ ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ចម្លង​មេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែល​អាច​លួច​យក​លេខ​សម្ងាត់ ឬ​រូបភាព ឬ​វីដេអូ​របស់​អ្នក​ប្រើប្រាស់។

បើតាម​ទំព័រ​ហ្វេសប៊ុករ​បស់​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃទី​៨​ ខែធ្នូ​នេះ​បញ្ជាក់ថា ក្រុមការងារបច្ចេកទេស​របស់​ក្រសួង​បាន​សង្កេត​ឃើញ​មាន​ករណី​ចម្លង​មេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែល​មាន​​ឈ្មោះ​ថា «BIST DU ESIMVIDEO?» ឬ​ជា​ភាសាខ្មែរ​មាន​ន័យ​ថា «តើបុគ្គល​ក្នុង​វីដេអូ​នេះ​ពិត​ជា​អ្នក​មែនទេ?»។ ទំព័រ​ហ្វេសប៊ុកនាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​បន្ថែម​ថា ​​មេរោគ​នេះ​ត្រូវ​បាន​ចែក​រំលែក​តាមរយៈសា​រ​ Messenger នៃ​គណនី​មួយ​ទៅ​កាន់​គណនី ផ្សេង​មួយ​ទៀត និង​ស្ទើរ​ពាស​ពេញ​គណនី​​ក្នុងស្រទាប់យុវវ័យកម្ពុជា។

នាយកដ្ឋានព័ត៌មានបន្ថែម​ថា មេរោគនេះ ពី​ដំបូង​សង្កេត​ឃើញ​មាន​ការផ្ញើ​សារ​ភ្ជាប់​ជាមួយ​តំណរ​ភ្ជាប់​វីដេអូ ពី​គណនី​អនាមិក​ដែល​បង្ហាញ​ខ្លឹមសារ​ថា «តើបុគ្គល​ក្នុង​វីដេអូ​នេះ ពិត​ជា​អ្នក​មែន​ទេ?» និង​ករណី​មួយ​ចំនួន​ជា​មិត្តភ័ក្តិ ឬ​បុគ្គល​ដែល​ម្ចាស់​គណនី​ស្គាល់។ តំណរ​ភ្ជាប់​នោះ​មើល​ទៅ​ហាក់​ដូចជា​រូបភាព ឬ​វីដេអូ YouTube ដូច្នេះ​ដែរ ហើយ​នៅ​ពេល​ដែល​អ្នក​​​ប្រើប្រាស់​ចុច​លើ​រូបភាព ឬ​វីដេអូ​ក្នុង​កម្មវិធី​សារ MESSENNGER តំណរ ភ្ជាប់នោះនឹងនាំអ្នកទៅកាន់គេហទំព័រមេរោគដែលមានសមត្ថភាព​លួច​យក​លេខ​សម្ងាត់​គណនីបណ្តាញសង្គមរបស់អ្នក ឬ​ចម្លង​រោគ​ទៅ​គណនី​​របស់​អ្នក​ប្រើប្រាស់​។

នាយកដ្ឋាន​ព័ត៌មាន​ដដែល​​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ «បន្ទាប់ពី​លួច​គណនី​ជន​រង​គ្រោះ មេរោគ​នេះ​នឹង​ធ្វើការ​ទាញ​យក​រូបភាព​ជនគ្រោះដា​ក់​បញ្ចូល​ក្នុង​រូបភាព ឬ​វីដេអូ​អាស​អាភាស ឬ​វីដេអូ​ផ្សេងៗ​ដោយ​ប្រើប្រាស់បច្ចេក វិទ្យា DEEPFAKE ហើយ​ធ្វើការ​ចែក​រំលែក​បន្ត​ទៅ​កាន់​មិត្តភក្តិ​ដែល​មាន​ក្នុង​គណនី​ដោយ​ស្វ័យប្រវត្តិ។ សកម្មភាព​បន្លំ​លួច​គណនី​ដូច​រៀបរាប់​ខាងលើ​នឹង​បន្ត​ពី​គណនី​មួយ​ទៅ​គណនី​មួយ​យ៉ាង​លឿន»។

នាយកដ្ឋានព័ត៌មានវិទ្យាបាន​បាន​បន្ថែម​​ដោយ​ក្រើន​រំឮក​ដល់​អ្នក​ប្រើ​បណ្តាញ​ទំនាក់​​ទំនង​​សង្គម​​ឲ្យ​មា​ន​​ការ​ប្រុង​​ប្រយ័ត្ន ​ដោយ​​ពុំ​ត្រូវ​​ចុច​លើតំ​ណរ​ភ្ជាប់​ដែល​ពុំ​មាន ប្រភព​ច្បា​ស់​លាស់ និង​ត្រូវ​ជៀសវា​ងការផ្តល់​លេខ​សម្ងាត់​គណនី​ឲ្យ​ទៅ​នរណា​ម្នាក់ ឬត្រូវ អង្កេត​មើល​អាសយដ្ឋាន​គេហ​ទំព័រមុនវាយបញ្ចូលលេខសម្ងាត់៕​