ពលរដ្ឋចំនួន២៤គ្រួសារស្ថិតក្នុងតំបន់អភិវឌ្ឍន៍តាមបណ្ដោយដងស្ទឹងសៀមរាប ខេត្តសៀមរាប បន្តតវ៉ាដោយមិនព្រមផ្លាស់ប្តូរលំនៅឋានតាមការរៀបចំរបស់រដ្ឋបាលខេត្ត។ នេះបើតាមការបញ្ជាក់ពីមន្រ្តីអង្គការអាដហុកប្រចាំខេត្តសៀមរាប។
លោក សួស ណារិន មន្រ្តីស៊ើបអង្កេតនៅអង្គការអាដហុកប្រចាំខេត្តសៀមប្រាប់ Newsroom Cambodia តាមទូរស័ព្ទថា ពលរដ្ឋជាង៤០០គ្រួសារបានស្ម័គ្រចិត្តរុះរើ និងផ្លាស់ប្ដូរដីលំនៅដ្ឋានដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍តាមបណ្ដោយដងស្ទឹងសៀមរាប ចន្លោះស្ពាននាគ និងស្ពានអង្គរក្នុងខេត្តសៀមរាប ដោយមានការចាប់ឆ្នោតសម្រាប់ដីឡូត៍ថ្មី ហៅថាភូមិធម្មជាតិរុនតាឯក រៀបចំដោយរដ្ឋបាលខេត្ត។
លោកបន្ថែមថា ក្រោយពីមានការរុះរើ ក៏មានគោលនយោបាយដោះស្រាយដីធ្លី ហើយនៅពេលដែលយកប្រជាជនពីមាត់ស្ទឹងសៀមរាបនេះ យកទៅដាក់នៅភូមិធម្មជាតិរុនតាឯក គឺមានចាប់ឆ្នោត ពុះលេខឡូត៍សម្រាប់ប្រជាជនដែលចេញពីមាត់ស្ទឹង។ ទោះយ៉ាងណាលោកថា ក៏នៅមានពលរដ្ឋជាង២០គ្រួសារបន្តតវ៉ានៅឡើយ។
«ខ្ញុំគិតថានៅពេលដែលយកប្រជាពលរដ្ឋទៅដាក់ភូមិធម្មជាតិរុនតាឯក វាប៉ះដីអ្នកស្រុកនៅភូមិតានី ឃុំរុនតាឯក ២៤គ្រួសារដែលពួកគាត់កំពុងតវ៉ា ពួកគាត់អត់ព្រមទេ»។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ប្រាប់ Newsroom Cambodia តាមទូរស័ព្ទថា មានប្រជាពលរដ្ឋប្រមាណ៩៥%បានមកផ្ដិតមេដៃ ហើយនឹងទទួលបានរបបគោលនយោបាយ។ លោកថា នៅសល់ជាង៤%ទៀត ដែលអាជ្ញាធរកំពុងតែធ្វើការស្វះស្វែងរក ដោយសារពលរដ្ឋខ្លះបានធ្វើការនៅឆ្ងាយ ប៉ុន្តែលោកបានបដិសេធថាមិនមានពលរដ្ឋដែលរុះរើហើយមិនទាន់បានទទួលរបបគោលនយោបាយនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានបញ្ជក់ជាមួយក្រុមការងារដែរឃើញព័ត៌មានចុះ ករណីនឹងកើតឡើងយូរហើយ អីចឹងហើយអាជ្ញាធរនៅទីនោះកំពុងបន្តការដោះស្រាយ ក៏ប៉ុន្តែទាក់ទងនឹងទីតាំងគឺផ្សេងគ្នា។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះករណីប៉ះពាល់ដល់ដីអ្នកភូមិតានីគ្មានទេ» ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០ លោកទៀ សីហា ជាអភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យ និងរៀបចំដីធ្លីសម្រាប់ប្រជាពលរដ្ឋដែលធ្វើការផ្លាស់ប្ដូរទីតាំងដីដងស្ទឹង ដោយទទួលបានគោលនយោបាយដីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕