ពលរដ្ឋ​ចំនួន​២៤​គ្រួសារ​ស្ថិតក្នុង​តំបន់អភិវឌ្ឍន៍​​តាម​បណ្ដោយ​ដង​ស្ទឹងសៀ​មរាប ខេត្ត​សៀម​រាប បន្ត​តវ៉ា​ដោយ​មិនព្រមផ្លាស់​ប្តូរ​លំនៅ​ឋាន​តាមការ​រៀប​ចំ​របស់​រដ្ឋបាល​ខេត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​សៀម​រាប។

លោក សួស ណារិន ​មន្រ្តី​ស៊ើប​អង្កេត​នៅអង្គការអាដហុកប្រចាំខេត្តសៀមប្រាប់ Newsroom Cambodia តាម​ទូរស័ព្ទថា ពលរដ្ឋជាង៤០០គ្រួសារបានស្ម័គ្រចិត្តរុះរើ និងផ្លាស់ប្ដូរដីលំនៅដ្ឋា​ន​ដែល​ស្ថិត​ក្នុង​​តំបន់អភិវឌ្ឍន៍​​តាមបណ្ដោយ​ដង​ស្ទឹងសៀ​មរាប ​ចន្លោះ​ស្ពាននាគ និង​ស្ពាន​អង្គរ​ក្នុង​ខេត្ត​សៀម​រាប ដោយ​មាន​ការ​ចាប់​ឆ្នោត​សម្រាប់​ដី​ឡូត៍ថ្មី ហៅថា​ភូមិធម្មជាតិរុនតាឯក ​រៀបចំដោយរដ្ឋបាលខេត្ត។

លោក​បន្ថែម​​ថា ក្រោយពីមាន​ការរុះរើ​ ក៏មានគោលនយោបាយ​ដោះស្រាយ​ដីធ្លី ហើយ​នៅពេ​ល​ដែល​យក​ប្រជាជន​ពីមាត់​ស្ទឹង​សៀមរាបនេះ យក​ទៅដាក់នៅ​ភូមិ​ធម្មជាតិរុនតាឯក គឺ​​មា​ន​ចាប់ឆ្នោត ពុះលេខ​ឡូត៍​សម្រាប់​ប្រជាជន​ដែល​ចេញ​ពីមាត់ស្ទឹង។ ទោះ​យ៉ាង​ណា​លោក​ថា ក៏​នៅ​មាន​​ពលរដ្ឋ​ជាង​២០​គ្រួសារ​បន្ត​តវ៉ា​នៅឡើយ។  

«ខ្ញុំគិតថានៅពេលដែលយកប្រជាពលរដ្ឋទៅដាក់ភូមិធម្មជាតិរុនតាឯក វាប៉ះ​ដី​អ្នក​ស្រុក​នៅ​ភូមិ​តានី ឃុំរុនតាឯក ២៤គ្រួសារដែលពួកគាត់កំពុងតវ៉ា ពួកគាត់អត់ព្រមទេ»។​

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប​ ប្រាប់ Newsroom Cambodia  តាម​ទូរស័ព្ទថា មានប្រជាពលរដ្ឋប្រមាណ​៩៥%​​បានមកផ្ដិតមេដៃ ហើយ​​​នឹងទទួលបានរបបគោលនយោបាយ។ លោក​ថា នៅសល់ជាង៤%ទៀត ដែលអាជ្ញាធរកំពុងតែធ្វើការស្វះស្វែងរក ដោយសារ​ពលរ​ដ្ឋ​ខ្លះ​បាន​ធ្វើការ​នៅឆ្ងាយ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា​មិនមាន​​ពលរដ្ឋ​ដែល​រុះរើ​ហើយ​​មិនទាន់​បាន​ទទួល​របបគោល​នយោបាយ​នោះ​ទេ។

លោកបញ្ជាក់ថា៖ «​ខ្ញុំបានបញ្ជក់ជាមួយក្រុមការងារដែរឃើញព័ត៌មានចុះ ករណី​នឹង​កើត​ឡើង​យូរ​ហើយ អីចឹងហើយអាជ្ញាធរនៅទីនោះកំពុងបន្តការដោះស្រាយ ក៏ប៉ុន្តែទាក់ទងនឹងទីតាំង​គឺផ្សេងគ្នា។​ ខ្ញុំ​សូម​បដិសេធ​ទាំងស្រុងចំពោះករណីប៉ះពាល់ដល់ដីអ្នកភូមិតានីគ្មានទេ» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២០ លោកទៀ សីហា ជាអភិបាល នៃគណៈ​អភិបា​ល​ខេត្ត​បានដឹកនាំក្រុមការងារចុះពិនិត្យ និង​រៀបចំ​ដីធ្លី​សម្រាប់​ប្រជាពលរដ្ឋ​ដែលធ្វើ​ការ​ផ្លាស់ប្ដូ​រ​ទី​តាំង​ដី​ដងស្ទឹង ដោយ​​ទទួលបានគោលនយោបាយ​ដីទំហំ​២០​ម៉ែត្រ​គុណនឹង៣០ម៉ែត្រ ​​ស្ថិត​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប៕