រដ្ឋបាលខេត្តកំពតនៅថ្ងៃចន្ទនេះ បានចេញលិខិតប្រកាសដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ទូទាំងខេត្តកំពត ត្រូវផ្អាកជាបណ្តោះអាសន្ននូវពិធីជួបជុំផ្សេងៗ ចាប់ពីថ្ងៃចន្ទ ទី១៥ ខែមីនានេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពតដែលចេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានជម្រាបជូនដល់ គណៈអភិបាលក្រុង-ស្រុក និងមេឃុំចៅសង្កាត់នៅប្រចាំខេត្តកំពតនា ថ្ងៃទី១៥ ខែមីនានេះ អំពីការបិទការជួបជុំដែលមានរូបភាពដូចជាពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
តាមសេចក្តីប្រកាសដដែលបន្ថែមថា៖ «ដោយមានការមិនចូលរួមសហការពីប្រជាពលរដ្ឋមួយចំនួនតូចក្នុងតំបន់ នៅតែបន្តរៀបចំពិធីជួបជុំផ្សេងៗដែលមានរូបភាពដូចការលើកឡើងខាងលើ ក្នុងលក្ខណៈការប្រជុំគ្នាដោយមានការចូលរូមពីមនុស្សច្រើន និងបន្តការមិនយកចិត្តទុកដាក់ ឬអនុវត្តវិធានការអនាម័យ ៣កុំ និង៣ការពារ ក្នុងការកាត់បន្ថយការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលបានរីកសាយភាយមកសហគមន៍កន្លងមកនេះ»។
នៅក្នុងសេចក្តីណែនាំដដែលបានបញ្ជាក់ពីវិធានការទាំង៦ចំនុច ដើម្បីបង្កភាពងាយស្រួលសម្រាប់មន្រ្តីអភិបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការកាត់បន្ថយសកម្មភាព និងមុខសញ្ញាផ្សេងៗដែលអាចបន្តឱ្យមានការចម្លងនៅក្នុងសហគមន៍ដែលមានដូចជា មិនអនុញ្ញាតច្បាប់ឱ្យមានការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងពិធីសាសនានានា ក្រោមរូបភាពជាលក្ខណៈមនុស្សច្រើន។ ត្រូវអប់រំ និងណែនាំទៅកាន់ម្ចាស់កម្មវធីដែលបានសុំការរៀបចំរួចឱ្យលើកពេលវេលា ឬពន្យាពេល២សប្តាហ៍សិន។ រដ្ឋបាលខេត្តពុំមានការលុបចោលនូវការផ្អាកលិខិតដែលបានអនុញ្ញាត និងចេញនៅពេលនេះនោះទេ តែតម្រូវឱ្យកាត់បន្ថយភ្ញៀវចូលរួមឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន និងរៀបចំតុអាហារសម្រាប់ភ្ញៀវមិនឱ្យលើសពី៥នាក់។
សេចក្តីណែនាំដដែលបន្ថែមថា គណៈបញ្ជាការឯកភាពត្រូវផ្អាកការជួបជុំជាបន្ទាន់ បើសិនជាម្ចាស់កម្មវធីមិនចូលរួមសហការ អនុវត្តបន្តរៀបចំពិធី និងមិនធ្វើតាមវិធានការអនាម័យ។ ត្រូវមានវិធានការច្បាប់សម្រាប់ជនណាដែលមិនសហការ និងមានចេតនាបំពានក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ។ ការផ្អាកសម្រាប់ការជួនជុំនេះនឹងមានរយៈពេល២សប្តាហ៍ តែនឹងមានការអនុវត្តផ្អាកបន្ថែមទៀត រហូតដល់មានសេចក្តីជូនដំណឹងពីការបើកដំណើរការពិធីឡើងវិញ ក្នុងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានការធូរស្បើយឡើងវិញ។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមីនានេះ អ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនសរុប៨១០នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់អ្នកព្យាបាលជាសះស្បើយមានចំនួន ៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងស្លាប់០១នាក់៕