រដ្ឋបាលខេត្តកំពត​នៅ​ថ្ងៃ​ចន្ទ​​នេះ បានចេញ​លិខិត​ប្រកាស​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ទាំង​អ​ស់​ទូទាំង​ខេត្ត​កំពត ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ននូវពិធីជួបជុំផ្សេងៗ ចាប់ពីថ្ងៃចន្ទ ទី១៥​ ខែ​មីនា​នេះតទៅ ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ។

ក្នុង​សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពតដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បានជម្រាបជូនដល់ គណៈ​អភិបាល​ក្រុង-ស្រុក និងមេឃុំចៅសង្កាត់នៅប្រចាំខេត្តកំពតនា ថ្ងៃទី១៥ ខែមីនានេះ​ អំពី​ការបិទ​ការជួបជុំ​ដែល​មាន​រូបភាពដូចជា​ពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ​តាមបែប​សាសនា​នានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។​

តាមសេចក្តីប្រកាសដដែលបន្ថែម​ថា៖ «ដោយ​មាន​ការមិន​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុងតំបន់ នៅតែបន្តរៀបចំពិធី​ជួបជុំ​ផ្សេងៗ​ដែល​មានរូបភាពដូចការលើកឡើង​ខាង​លើ​ ក្នុង​លក្ខណៈ​ការប្រជុំ​គ្នា​ដោយ​មានការចូលរូមពីមនុស្សច្រើន និង​បន្ត​ការមិនយកចិត្ត​ទុក​ដាក់ ឬ​អនុវត្តវិធានការអនាម័យ ៣កុំ និង៣ការពារ ក្នុងការ​កាត់​បន្ថយ​ការកើន​ឡើង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​​ ដែលបានរីកសាយភាយមកសហគមន៍កន្លងមកនេះ»។

នៅក្នុងសេចក្តីណែនាំដដែលបានបញ្ជាក់ពី​វិធានការទាំង៦ចំនុច ដើម្បីបង្កភាពងាយស្រួល​​សម្រាប់​មន្រ្តី​អភិបាល​ក្រុង-ស្រុក និង​ឃុំ-សង្កាត់ ក្នុងការ​កាត់បន្ថយ​សកម្មភាព និង​មុខ​សញ្ញា​ផ្សេ​ងៗ​ដែល​អាច​បន្ត​ឱ្យ​មានការចម្លងនៅក្នុងសហគមន៍ដែលមានដូចជា មិន​អនុញ្ញាត​ច្បាប់​ឱ្យ​មាន​ការរៀប​ចំ​ពិធី​មង្គលការ ពិធី​ជប់លៀង និង​ពិធី​សាសនា​នានា ក្រោម​រូបភាព​ជា​លក្ខណៈ​មនុ​ស្ស​ច្រើន។ ត្រូវអប់រំ និងណែនាំ​ទៅកាន់​ម្ចាស់​កម្មវធី​ដែល​បាន​សុំការ​រៀបចំ​រួច​ឱ្យ​លើក​ពេល​វេលា ឬពន្យាពេល​២សប្តាហ៍​សិន។ រដ្ឋបាល​ខេត្ត​ពុំមាន​ការលុបចោល​នូវ​ការផ្អាក​លិខិត​ដែល​បាន​អនុញ្ញាត និង​ចេញ​នៅ​ពេល​នេះនោះទេ តែតម្រូវ​ឱ្យកាត់​បន្ថយភ្ញៀវ​ចូលរួម​ឱ្យ​តិចបំផុត​តាម​ដែល​អាចធ្វើទៅបាន និងរៀបចំតុអាហារសម្រាប់ភ្ញៀវមិនឱ្យលើសពី​៥នាក់។

សេចក្តី​ណែនាំ​ដដែល​បន្ថែមថា  គណៈបញ្ជាការ​ឯកភាព​ត្រូវ​ផ្អាក​ការជួបជុំ​ជា​បន្ទាន់ បើសិនជា​ម្ចាស់​កម្មវ​ធីមិ​នចូលរួមសហការ អនុវត្តបន្តរៀបចំពិធី និងមិនធ្វើតាមវិធានការអនាម័យ។ ត្រូវ​មាន​វិធានការច្បាប់សម្រាប់ជនណាដែលមិនសហការ និងមានចេតនា​បំពាន​ក្នុង​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ១៩នេះ។​ ការផ្អាកសម្រាប់ការជួនជុំនេះនឹងមានរយៈពេល២សប្តាហ៍ តែ​នឹង​មាន​ការអនុវត្ត​ផ្អាក​បន្ថែមទៀត រហូតដល់មានសេចក្តីជូនដំណឹងពីការ​បើកដំណើរ​ការពិធី​ឡើងវិញ​ ក្នុងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានការធូរស្បើយឡើងវិញ។

គិត​ត្រឹមព្រឹក​​ថ្ងៃទី​១៥  ខែមីនា​នេះ អ្នកឆ្លងជំងឺកូវីដ១៩​ក្នុង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនសរុប៨១០នាក់​។  ហើយចំនួនអ្នកឆ្លង​ជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥នាក់​អ្នក​ព្យាបាលជាសះស្បើយមានចំនួន ៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន​៥៩២នាក់ និងស្លាប់០១នាក់៕