ស្ត្រី​អាយុ​៦២​ឆ្នាំ​ ជា​ជនជាតិខ្មែរម្នាក់ទៀត​ស្លាប់ដោយសារជំងឺកូវីដ១៩ ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នា​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលនេះជាករណីស្លាប់លើកទី៥។

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​​ចេញ​នៅ​ថ្ងៃ​ទី២៣ ខែមីនា​នេះ​បញ្ជាក់​ថា ស្រ្តីជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ មាន​អាយុ​៦២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា មូលហេតុ​ដែល​ស្ត្រី​រូប​នេះ​ស្លាប់​គឺ​បណ្តាល​មក​ពី​ស្តី្ររូបនោះ​មានអាការៈ​​ហត់២-៣ថ្ងៃមុនពេលចូលមកមន្ទីរពេទ្យ បន្ទាប់​មក​នៅ​វេលា​ម៉ោង​​៥:៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១  ស្ត្រីវ័រូប​នេះ​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល​បញ្ជាក់​ថា៖ «ការសន្និដ្ឋានរបស់គ្រូពេទ្យ ស្រី្ត​វ័យ​៦២​ឆ្នាំ​ខាង​លើ​នេះ​គឺបានស្លាប់បាត់បង់ជីវិត​ដោយសារជំងឺកូវីដ១៩​វ៉ៃលុកលឿន ធ្វើ​ឱ្យ​រលាក​សួត​ទាំង​សង្ខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក»។

គិត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ចំនួន​១,៧៨៨​​ មាន​អ្នក​ព្យាបាល​ជាសះ​ស្បើយ​ចំនួន​៩៩៩​នាក់​ ​ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៧៨៣​នាក់ ហើយ​មាន​៥​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត៕​