រដ្ឋបាលរាជធានីភ្នំពេញនៅ​ថ្ងៃ​ទី៣ ខែមេសា​នេះ បាន​​ជូន​ដំណឹង​ពី​ការ​​​ផ្អាក​ដំណើរការ​​​ ​​​​​​ផ្សារអូឬស្សី ជា​បណ្តោះ​អា​សន្ន​ចំនួន​១៤​​ថ្ងៃ ដោយសារមា​ន​ករណី​ឆ្លង​ជំងឺ​កូវីដ១​៩​មួយ​ចំនួន​នៅ​ទីនោះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​សាលារាជធានី​​​​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​អាជីវករ ក៏ដូចជាសន្តិសុខផ្សារមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ​​ ឆ្នាំ​២០២១​  ដោយ​មានការរីករាលដាលបន្តបន្ទាប់ជាច្រើនតូប និងទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារអូឬស្សី បានបង្កជាការព្រួយបារម្ភ ដែលតម្រូវ​ឲ្យចាំបាច់មានវិធានការសុខាភិបាលទប់ស្កាត់ជាបន្ទាន់។

សេចក្តី​ជូន​ដំណឹង​នោះ​បញ្ជាក់ថា៖ «រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូឬស្សី​រយៈពេល​១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ​១៩ ទៅ​ដល់​បង​ប្អូន​អាជីវករ​ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ​ចូល​ផ្សារ​នេះ»។​

សាលារាជធានី​ក៏​បាន​បន្ថែម​ថា​ រដ្ឋបាលរាជធានីនឹង​ធានារ៉ាប់រង​ចំពោះសន្តិសុខ និងសុវត្ថិភាព ចំពោះ​សម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិន​ឲ្យ​បាត់​បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវា​ឡើយ។ ដោយឡែក​ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ឲ្យ​អាជីវករ​ទាក់ទង​ជា​មួយ​គណៈកម្មការ​ផ្សារ យកទៅ​រក្សា​ទុក​ដោយ​ខ្លួនឯង​ ដើម្បីជៀសវាងការខូចខាតជាយថាហេតុ។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ សរុប​ចំនួន​ ២,៦៨៩ករណី មាន​អ្នក​ជា​សះស្បើយ​ចំនួន​១,៦៥៣នាក់ អ្ន​កកំពុង​សម្រាក​ព្យាបាល​ចំនួន​១,០១២នាក់​​ និង​មាន​អ្នក​ស្លាប់​ចំនួន​១៩​នាក់៕​