ក្រសួងសុខាភិបាលបានប្រកាសថា គិតថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៤៧៧នាក់ មានអ្នកជាសះស្បើយចំនួន៩៦នាក់ និងស្លាប់២នាក់ ស្របពេលជាង៤០០នាក់មិនទាន់កំណត់ពីកន្លែងសម្រាកព្យាបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី១០ ខែមេសា បញ្ជាក់ថា គិតត្រឹមម៉ោង៧:០០នាទីព្រឹកថ្ងៃសៅរ៍នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីសរុបចំនួន៤៧៧នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានប្រមាណតែ២០នាក់ប៉ុណ្ណោះមានកន្លែងសម្រាកព្យាបាល ចំណែកជាង៤០០នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាមក្រោយ។
គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន ២,០៨០ នាក់ អ្នកកំពុងសម្រាកព្យាបាល ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕