ក្តីស្រមៃ និងការគិតដដែលៗចង់ក្លាយជាអ្នករកស៊ី ធ្វើ​ឲ្យ​លោក មី សុវណ្ណៈ​ បច្ចុប្បន្ន​ជា​ម្ចាស់ហាង អ៊ីតធី&ឆៀរ បាន​​ចាប់ផ្តើមប្រឡូកក្នុងវិស័យអាជីវកម្ម​​​កាល​ពី​​​ឆ្នាំ២០១៨​មក នៅ​ពេល​ដែល​លោក​ទើប​មក​ពីជនបទ និង​​​រៀន​ឆ្នាំទី២។  

ជាអ្នក​ខេត្ត​កំពង់​ធំ និង​ជាអតីត​ក្មេងវត្ត​១២ឆ្នាំ​ផង លោក មី សុវណ្ណៈ ដែល​បច្ចុប្បន្ន​មាន​អាយុ​២៦ឆ្នាំ បាន​ចែក​រំលែក​​បទ​​ពិសោធន៍​បរាជ័យ និង​កំហុស​យ៉ាង​ក្រាស់​ក្រែល​​ក្នុង​អាជីវកម្ម​ ដែល​លោក​​​​ចាត់​ទុក​ថា​​​ជាមេ​រៀ​ន​ដ៏អស្ចារ្យសម្រាប់អ្នកចង់រកស៊ីទាំងវ័យក្មេងជំនាន់ក្រោយ។

​អតីត​​និស្សិត​​ផ្នែក​គ្រប់គ្រងធុរកិច្ច ដែល​មាន​​សម្បុរ​ស្រអែម មាឌមាំ រៀបរាប់ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ថា លោក​បាន​សម្រេច​ចិត្ត​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ ​ក្នុងឆ្នាំ២០០៧ ដោយក្រុមគ្រូសារជាអ្នកផ្គត់ផ្គង់។ លោក​បន្តថា លោកចា​ប់​ផ្តើម​ដំបូង​ជា​ស្ថាបនិក នគរប៊ុក្ស ជាដៃគូររកស៊ី Pizza និងអាជីវកម្មផ្សេងៗទៀត ដែល​បាន​ធ្វើ​ឲ្យ​លោក​ជួប​ឧបសគ្គ ស្គាល់រសជាតិការងារ និងរឿងរ៉ាវខកបំណងជាច្រើន ប៉ុន្តែលោក​ថា វា​ធ្វើ​ឲ្យ​លោក​រឹងមាំ និងហ៊ានដើរដល់ចំណុច​បច្ចុប្បន្ន​។

លោក សុវណ្ណៈ បានលើកយកកំហុសធំ៤យ៉ាង ជា​មេរៀន​មក​ចែក​រំលែក ដោយ​លោក​ថា កំហុស​ធំទី១​របស់លោក គឺការចាប់ផ្តើមធំពេក ទាំ​ងដែលខ្លួនខ្វះបទពិសោធន៍ និង​មិនមែន​ជា​កូន​អ្នក​មាន​។ លោក​បន្តថា នៅពេលបរាជ័យ ឬក្ស័យធន នឹង​ធ្វើ​ឲ្យ​មនុស្ស​​បាក់​ទឹកចិត្ត​លែង​ចង់​រក​ស៊ីអ្វី​ផ្សេងទៀត​។

លោក​បន្ថែម​ថា៖ «បើចង់ចាប់ផ្តើមរកស៊ី ត្រូវចាប់ផ្តើមចេញពីតូច តែខ្លឹម មាន​ន័យថា​ប្រើ​ទុន​តិច​ជាង ឬពាក់កណ្តាលនៃលុយសរុបក្នុងការវិនិយោគ ហើយត្រូវទុកលុយមួយចំនួនទៀត សម្រាប់គាំទ្រនៅពេលជួបហានីភ័យ ដូច្នេះមុខជំនួញរបស់យើង គឺមិនងាយដួល។ តែ​នៅ​ពេល​​យើង​ចាប់ផ្តើមធំ ហើយយើងមិនមែនជាកូនអ្នកមាន និងគ្មានទុនតម្កល់សម្រាប់​ផ្គត់ផ្គង់​នៅ​​ពេល​​ខ្វះខាត ឬជួបបញ្ហា  ហើយនៅពេលខ្លះទៀតលុយ១០០ដុល្លារ​ ក៏អាចធ្វើ​ឱ្យ​អាជីវកម្ម​បិទ​បាន​ដែរ ដោយសារគ្មានលុយបង្វិល ហើយគ្មាននរណាគេឱ្យលុយខ្ចី ដូច្នោះ​ហើយមុ​ខ​ជំនួញរ​បស់យើងងាយនឹងដួ​លបំផុត»។

លោកបន្ថែមថា​ សម្រាប់​កំហុស​ទី​ពីរ​គឺ​ការចំណាយតាមការនឹកឃើញ ដោយ​គ្មាន​គណនេយ្យ​ភាព ឬគម្រោងក្នុងការចាយលុយច្បាស់លាស់​។

លោកពន្យល់ថា៖ «ចេះតែទិញចូលៗដោយពេលខ្លះគ្មានការចាំបាច់ និងទិញតាមអារម្មណ៍ ធ្វើឱ្យខាតបង់លុយជាច្រើនកន្លងមក ហើយនៅពេលចាំបាច់ត្រូវការលុយ ក្នុងការអភិវឌ្ឍហាង បែបជាគ្មាន ក៏ជាចំណុចធ្វើឲ្យជំនួញងាយក្ស័យធនê។ ដូច្នេះអ្នកជំនួញត្រូវមានផែនការ ឬ​គោល​​ការណ៍ក្នុងការប្រើទុន ថាតើយើងចំណាយទៅ ត្រូវនឹងគោលដៅហាង ឬ​បាន​ផល​អ្វី​មក​វិញដែរ ឬទេ»។

លោក​បន្ថែម​ថា ចំណុច​ទី​៣ គឺការធ្វើអាជីវកម្មដោយគ្មានគំរូច្បាស់លាស់ គឺធ្វើតាមអារម្មណ៍ តែងតែ​បត់បែនតាមអំពើចិត្ត ដោយគ្មានផ្តោតអ្វីជាសំខាន់។

លោក​ពន្យល់​ថា៖ «ការធ្វើអាជីវកម្មសំខាន់ណាស់ គឺគំរូ ឬគម្រោងច្បាស់លាស់ ថា​តើ​ផលិត​ផល ឬសេវាកម្មយើងបម្រើដល់អតិថិជនគឺជាអ្វី ហើយវាពិសេសត្រង់ណា ដែល​អាច​ទាក់​ទាញ​អារម្មណ៍រ​បស់អតិថិជន​ចូលមកហាងរបស់យើង ហើយ​សេវាកម្ម​របស់​យើង​អាច​រស់​បាន​ប៉ុន្មាន​ឆ្នាំ»។

សម្រាប់​ចំណុច​ទី​៤ លោក​បញ្ជាក់​ថា ការ​ចាប់ផ្តើមដោយចំណង់ ឬឆន្ទៈ តែមិន​មើល​កត្តា​ខាងក្រៅ ឬផ្សេងទៀត។ លោកថា ប្រសិន​បើ​​សមត្ថភាពរក​ស៊ី​​ខ្សោយ នឹង​នឹងប្រើលុយជា​ទុនខ្លាំង ប៉ុន្តែ​បើសមត្ថភាព​ខ្លាំង នោះ​លុយជារឿងទី២​​។

លោក​បញ្ជាក់​ថា៖ «មុននឹងចាប់ផ្តើមអាជីវកម្ម ក៏ត្រូវដឹងថាយើងមានចំណេះដឹង ឬជំនាញខ្លះៗ​ដែរ​ទេ ទាក់ទងនឹងអាជីវកម្មដែលយើងចង់បើក។ តែបើយើងគ្មានទាំងចំណេះដឹង ឬទុនតិច ជាមួយអាជីវកម្មរបស់យើង នោះនឹងងាយបរាជ័យបំផុត»។

ជាចុងក្រោយលោក សុវណ្ណៈ បានផ្ញើសារសំខាន់ពីរចំណុចដល់​យុវជន​វ័យក្មេង​ដែល​ចង់​ចាប់ផ្តើម​លើ​វិថី​ជំនួញថា៖ «ទី១ កុំរំពឹងថាការចាប់ផ្តើមស្រួលពេក គឺយើងត្រូវត្រៀម មាន​ន័យ​ថា​យើង​ត្រូវមានផែនការ និងហ៊ានឈឺចាប់នៅពេលជួបរឿងខកបំណង និងម្យ៉ាង​ទៀត​ការចាប់ផ្តើម​អាជីវកម្មត្រូវមានអ្នកចង្អុលផ្លូវ ព្រោះយើងនៅក្មេង»៕​