អង្គ​ការ​សង្គម​ស៊ី​វិល​ និង​សហគមន៍ ​ចំនួន​១២​ស្ថាប័ន នៅ​ទី​​១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ​ ប្រកាស​គ្រោង​​ប្រារព្ធ​ទិវា​បរិ​ស្ថាន​ពិភព​លោក​ ក្រោម​ប្រធាន​បទ​ «បរិស្ថាន​ជា​បញ្ហា​សកល​ដែល​គ្រប់​គ្នា​មាន​សិទ្ធិ​ និង​ករណីយ​​កិច្ច​ចូល​រួម​ការ​ពារ​ថែ​រក្សា​ប្រកប​ដោយ​បរិយាប័ន្ន» តាម​រយៈប្រព័ន្ធ​អនឡាញ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់អង្គការ​សមាគមដែលមានដូចជា សមាគម  បណ្ដាញ​យុវជនកម្ពុជា អង្គការអភិវឌ្ឍធនធានយុវជន និងស្ថាប័នសង្គមស៊ីវិល​ជាច្រើ​ន​ទៀត​សរុប​ចំនួន​១២​​ ចេញ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១​នេះ បាន​ឱ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ទិវា​បរិស្ថាន​​ពិភ​ព​លោក​តាម​អនឡាញ​នេះ ​នឹង​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៥ ខែ​មិថុនា។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ក្នុង​ឆ្នាំនេះ​​គោល​បំណង​​សំខាន់​​ចំនួន​៤​ ទី​មួយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពីសារសំខាន់​បរិស្ថាន​ ធនធាន​ធម្មជាតិ​ និង​​ព្រៃ​ឈើ​​ទៅ​​ដល់​​យុវ​ជន​ និង​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​ ទី​ពីរ​លើកទឹកចិត្ត បំផុស និង​ផ្ដល់​ឱកាស​ដល់​យុវជន​ដើម្បី​ចាប់​ផ្ដើម​ចូល​​រួម​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ ទីបី​ជំរុញ​ឱ្យ​មាន​ការ​បើក​ទូ​លាយ​ និង​សហការ​គ្នា​រវាង​សាធារណជន​ និង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​បញ្ឈប់​បទ​ល្មើស​ និង​សកម្មភាព​នា​នា ដែល​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ និង​បរិស្ថាន​ និង​ទី​បួនស្នើឱ្យ​ក្រសួង​បរិស្ថាន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ជួយ​សម្រួល​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ក្នុង​ការ​ចូល​រួម​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​តាម​ច្បាប់​ដែល​បាន​កំណត់​។

សេចក្តីថ្លែងការណ៍នោះ​បញ្ជាក់​ថា៖ «ការយល់ដឹងពីសារៈសំខាន់របស់​បរិស្ថាន​ ធនធាន​ធម្មជាតិ និង​ព្រៃ​ឈើ ដល់យុវជន សាធារណៈជន ធ្វើ​ឱ្យពួកគេបាន​ចូលរួម​ប្រារព្ធ​ទិវា​បរិស្ថាន​ប្រកប​ដោយ​បរិយាប័ន្ន និងការទទួលខុសត្រូវ ក្នុងការរួមចំណែកការពារបរិស្ថាន និង​ការអភិរក្ស​ប្រកប​ដោយ​និរន្តរភាព»។

ក្រុម​សង្គម​ស៊ីវិល​ទាំង​១២​ក៏​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​ននោះ​ថា ការប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ២០២១នេះ នឹងជំរុញទឹកចិត្ត បំផុសគំនិតដល់យុវជន​និង​អ្នក​ស្រឡាញ់​បរិស្ថានអាចសម្តែងក្តីកង្វល់ ឱ្យមានការដោះស្រាយបញ្ហាគំរាមគំហែងដល់បរិស្ថាន ធនធាន​ធម្មជាតិនិងព្រៃឈើ ដល់អ្នកមានកាតព្វកិច្ច។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ។

ពួកគេ​បញ្ជាក់ថា​៖ «កិច្ចសហប្រតិបត្តិការរវាង​សាធារណជន យុវជន និងអ្នកមានកាតព្វកិច្ច រួមគ្នាដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនិងសកម្មភាពនានាដែលប៉ះពាល់បរិស្ថាន ដូចជា​ការ​ទន្ទ្រាន​យក​ដីព្រៃ និងការដឹកជញ្ជូនឈើក្នុងតំបន់ការពារធម្មជាតិ និង​បង្ក​ផល​ប៉ះពាល់ដ​ល់​សហគមន៍​ជនជាតិ​ដើម​ភាគតិចជាដើម»។

​អ្នក​សម្រប​សម្រួល​គម្រោង​​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អូត​ ឡាទីន បាន​​ឲ្យ​ដឹង​ថា​ ការ​រៀប​ចំ​កម្ម​វិធី​ទិវា​បរិស្ថាន​តាម​ប្រព័ន្ធ​អន​ឡាញ​គឺ​ជា​ការ​បត់​បែន​ និង​ស្រប​តាម​កាលៈ​ទេសៈ​ជាក់​ស្ដែង​ខណៈ​កម្ពុជា​កំពុង​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​៖ «ខ្ញុំ​យល់​ថា​ ការ​រៀបចំកម្មវិធី​ទិវា​បរិស្ថាន​ តាម​អន​ឡាញ​ក្នុង​ឆ្នាំ​នេះ​ គឺ​ជា​ការ​បត់​បែន​ខ្ពស់​ស្រប​តាម​ស្ថាន​ការណ៏​ជាក់​ស្ដែង​ នៃ​ការ​រីក​រាល​ដាល​ នៃ​ការ​ឆ្លង​វីរុស​កូវីត​-១៩​ដែល​យើង​មិន​អាច​ជួប​ជុំ​គ្នាបា​ន​» ។

លោក​បន្ត​ថា​ ការ​រៀប​ចំ​ទិ​វា​បរិស្ថាន​នេះ​គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចំណេះ​ដឹង​អំពី​បរិស្ថាន​ ទៅ​កាន់​ប្រជា​ពលរដ្ឋ​ទូទៅ​ និង​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់​ពួក​គេ​ ជុំ​វិញ​ការ​បំពុល​បរិស្ថាន​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ជម្រុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​សកម្មជន​ដែល​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​រួម​ជា​មួយ​នឹង​ការ​បើក​ចំហរ​សេរី​ភាព​ដល់​សហគមន៍​មូល​ដ្ឋាន​ក្នុង​ការ​ចុះ​ល្បាត​ និង​ការ​ពារ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​របស់​យើង​ទាំង​អស់​គ្នា​។

បើ​តាម​លោក​ អូត​ ឡា​ទីន​ ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​នេះ​ ត្រូវ​​បាន​រៀប​ចំ​ឡើង​តាំង​ពីឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ទិវាបរិស្ថានពិភពលោក​ត្រូវ​បាន​រៀប​ចំឡើង​​ដោយ​មិន​មាន​ការ​ជូប​ជុំនោះទេ ដោយសារតែ​​ស្ថាន​ភាព​កូវីដ​១៩​​មិនទា​ន់​មាន​ភាព​ធូរស្រាល​នៅ​ឡើយ​។

​​​Newsroom Cambodia មិន​អាច​សុំ​ការ​អធិ​ប្បាយ​ពី​លោក​ នេត ភក្រ្តា​ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ទេ ​​​​ដោយ​លោកប្រាប់​ថា ​លោក​កំពុងជាប់​ប្រជុំ​។

ក្រសួង​បរិស្ថានក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​​​​​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ បញ្ជាក់​ពី​ការ​​រៀប​ចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភព​លោក​៥​មិថុនា​នេះ​ ក្រោម​ប្រធាន​បទ ​«ជីវៈ​ចម្រុះ​ និង​សុខភាព​មនុស្ស​» ដោយ​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​អស់​ដែល​ខ្លួន​មាន៕​