ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានៅថ្ងៃសុក្រនេះ បានដាក់ឱ្យមហាជនសាកល្បងប្រើកម្មវិធីបម្លែងសំឡេងទៅជាអត្ថបទដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលក្រសួងប្រកាសថា កម្មវិធីនេះមានកម្រិតភាពត្រឹមត្រូវដល់ទៅ៩០%។
កម្មវិធីបម្លែងសំឡេងទៅជាអត្ថបទ ដែលហៅជាភាសាអង់គ្លេសថា «Khmer Automatic Speech Recognition-Khmer ASR» គឺជាការអភិវឌ្ឍលើបច្ចេកវិទ្យាភាសាថ្មីមួយដែលទើបបង្កើតដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត(Artificial Intelligence)។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា កម្មវិធីបម្លែងសំឡេងទៅជាអត្ថបទនេះមានសមត្ថភាពក្នុងការបំប្លែងសំឡេងដែលយើងនិយាយជាភាសាខ្មែរដោយផ្ទាល់ ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់បានក្នុងទូរសព្ទដៃ។
ក្រសួងបានបញ្ជាក់ថា៖ «កម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេងនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យកាន់តែឆាប់រហ័ស និងងាយស្រួល»។
ទោះបីជាកម្មវិធីនេះមានភាពឆ្លាតវៃនិងកម្រិតបំប្លែងត្រឹមត្រូវបានដែលផ្តល់ភាពងាយស្រួលនិងឆាប់រហ័សក្តី ក៏ប៉ុន្តែក្រសួងបានបញ្ជាក់ថា នៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវមានប្រមាណជា៩០%។
ក្រសួងបានស្នើដល់សាធារណៈជនទាំងអស់ជួយដំឡើង «កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)» នេះដើម្បីជាជំនួយកិច្ចការសរសេរប្រចាំថ្ងៃ ព្រមទាំងបើកទទួលមតិយោបល់ត្រឡប់ពីសាធារណជនដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែប្រសើរ៕