​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​​​នៅ​ថ្ងៃ​សុក្រ​នេះ បានដាក់​ឱ្យមហា​ជន​សាក​ល្បងប្រើ​កម្ម​វិធី​បម្លែង​សំឡេង​ទៅ​ជា​អត្ថបទ​ដោយ​ប្រើ​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត ​​ដែល​​ក្រសួង​ប្រកាស​ថា កម្មវិធី​នេះ​មាន​​កម្រិត​​​ភាព​ត្រឹម​ត្រូវ​​ដល់ទៅ​៩០%។

កម្មវិធី​បម្លែង​សំឡេង​ទៅ​ជា​អត្ថបទ​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ «Khmer Automatic Speech Recognition-Khmer ASR» គឺ​ជា​ការ​អភិវឌ្ឍលើ​បច្ចេក​វិទ្យា​ភាសា​​ថ្មី​មួយ​ដែល​ទើប​បង្កើត​ដោយ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជាដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្ប​និមិ្មត(Artificial Intelligence)។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃ​សណីយ៍​ និងទូរគមនាគមន៍​ ចេញ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ​ឆ្នាំ​២០២១នេះ​បញ្ជាក់​​ថា​ កម្មវិធី​បម្លែង​សំឡេង​ទៅជា​អត្ថបទ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​បំប្លែង​សំឡេង​ដែល​យើង​និយាយ​ជា​ភាសា​ខ្មែរ​​ដោយ​ផ្ទាល់ ​ទៅ​ជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ប្រើ​ប្រាស់​បាន​ក្នុង​ទូរស​ព្ទ​ដៃ។

ក្រសួង​​បាន​បញ្ជាក់​ថា៖ «កម្មវិធី​នេះ​អាច​ប្រើ​ប្រាស់​ក្នុង​ទូរសព្ទ​ដៃ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iOS ក្នុង​ការ​បំប្លែង​សំឡេងនិយាយ​ដោយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​ ឬ​ពី​ឯកសារ​សំឡេង​ក្នុង​ទម្រង់​ជា ​WAV, Mp3, M4a និង ​OGG ទៅជា​អត្ថបទ​ភាសា​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សរសេរ​អត្ថបទ​ឱ្យ​កាន់​តែ​ឆាប់​រហ័ស ​និង​ងាយ​ស្រួល​»។

ទោះបីជា​កម្មវិធី​នេះ​មាន​ភាព​ឆ្លាត​វៃ​និង​កម្រិត​បំប្លែង​ត្រឹម​ត្រូវ​បាន​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស​ក្តី​ ក៏ប៉ុន្តែ​ក្រសួង​បាន​បញ្ជាក់​ថា នៅដំណាក់​កាល​នេះ​ កម្រិត​បំប្លែង​ត្រឹម​ត្រូវ​​មានប្រមាណជា​៩០%។

ក្រសួងបានស្នើ​ដល់​សាធារណៈជនទាំងអស់​ជួ​យដំឡើង «កម្ម​វិធី​បំប្លែង​សំឡេង​ទៅ​ជា​អត្ថបទ (Khmer ASR)» នេះ​ដើម្បីជា​ជំនួយ​កិច្ច​ការ​សរសេរ​ប្រចាំ​ថ្ងៃ ព្រមទាំង​បើក​ទទួល​មតិ​យោបល់​ត្រឡប់​ពីសាធារណជន​ដើម្បីធ្វើ​ឱ្យ​កម្មវិធី​នេះ​កាន់​តែ​ប្រសើរ​៕​