សកម្មជនបរិស្ថានបានស្នើសុំរដ្ឋាភិបាល ឲ្យចេញផ្សាយរបាយការណ៍ស្តីពីការសិក្សា និងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA &ESIA) ជាសាធារណៈ នៅរៀងរាល់មុនពេលអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មទាំងឡាយណាដែលទាក់ទងនឹងការទាញយកធនធានធម្មជាតិ ខណ:អាជីវកម្មរ៉ែមាសត្រូវបានប្រកាសឱ្យប្រតិបត្តិការនាពេលខាងមុខ។
សំណើរបស់សកម្មជនបរិស្ថាន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីសប្តាហ៍មុនបានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសមួយ ធ្វើអាជីវកម្មរុករករ៉ែមាសក្នុងខេត្តមណ្ឌលគិរី។
សកម្មជនការពារបរិស្ថាន លោក សាន ម៉ាឡា បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះថា ការដែលរាជរដ្ឋាភិបាលប្រកាសឱ្យដំណើរការការរុករករ៉ែមាស លើទឹកដីខេត្តមណ្ឌលគិរីថា រាល់អាជីវកម្មដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ធនធានធម្មជាតិ គប្បីត្រូវមានការចេញជាសាធារណ: ស្តីពីរបាយការណ៍នៃការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម ដែលហៅកាត់ថា (EIA & ESIA) ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពេលប្រតិបត្តិការរុករករ៉ែមាសនេះ។
លោក ម៉ាឡា បញ្ជាក់ថា៖ «ការប្រគល់តំបន់រ៉ែមាសឱ្យទៅក្រុមហ៊ុនអូស្រ្តាលី ដើម្បីធ្វើប្រតិបត្តិការនេះ ខ្ញុំគិតថាការដែលសំខាន់បំផុតគឺការបង្កើតឱ្យមានវប្បធម៌តម្លាភាពដែលគ្រប់គ្នាអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីដំណើរការទាញយកមួយនេះ។ ដើម្បីធានាបាននូវប្រសិទ្ធភាពគ្មានអំពើពុករលួយ ជាហេតុធ្វើឱ្យរដ្ឋយើងទាំងមូលទាញបាននូវមូលហេតុពិតប្រាកដពីរ៉ែមាស និងកុំឱ្យមានរឿងអាស្រូវកន្លងមកដូចជា ធនធានពីព្រៃឈើ និងធនធានខ្សាច់ជាដើម»។
គម្រោងទាញយករ៉ែមាស ដែលគេរំពឹងថាអាចទទួលបានចំណូលគិតជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ សកម្មជនបរិស្ថានរូបនេះបង្ហាញការជឿជាក់ថា កម្ពុជាពិតជាមានឱកាសអាចទាញយកផលចំណេញពីធនធានមាសមួយនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជួយដល់ប្រជាជនមូលដ្ឋានបានផងដែរ។ លោកថា ការអភិវឌ្ឍ និងជួយប្រជាជនបាន លុះត្រាមានការរៀបចំបានល្អពីខាងរាជរដ្ឋាភិបាល និងជួយដោះស្រាយដល់ជីវភាពរបស់បណ្តាអតីតក្រុមគ្រួសារណាដែលធ្លាប់ប្រកបរបររែងយករ៉ែមាសពីមុន ដោយមានការបណ្តុះបណ្តាលវិជ្ជាជីវ:ណាផ្សេងដល់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចរកការងារផ្សេងធ្វើជំនួសពីការរករ៉ែមាសនេះ។
យោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលចេញកាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅបញ្ជាក់ រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនអន្តរជាតិអូស្រ្តាលី ដែលមានឈ្មោះថា រ៉ីនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ធ្វើការរុករករ៉ែមាសក្នុងខេត្តមណ្ឌលគិរី ដែលអាចផលិតបានជាមាសប្រមាណ៣តោនក្នុងមួយឆ្នាំ។ សេចក្តីប្រកាសដដែលបន្ថែមថា ការរុករករ៉ែមាសនេះនឹងត្រូវ ចំណាយពេលដល់ទៅ១៤ឆ្នាំ ដែលសម្រេចបានទៅតាមបទដ្ឋានបច្ចេកវិទ្យាមួយមានលក្ខណ:ស្តង់ដារខ្ពស់ ។
រដ្ឋាភិបាលក៏បានរំឮកឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រកបរបររុករករ៉ែមាសនេះ ដោយថា វាទាមទារឲ្យមានដើមទុនច្រើន និងមានគ្រោះថ្នាក់ប្រសិនបើគ្មានការសិក្សា និងជំនាញច្បាស់លាស់។
ជុំវិញការទាមទាររបស់សកម្មជនបរិស្ថានឱ្យមានការបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ជាសាធារណៈ អ្នកនាំពាក្យទទួលបន្ទុកខាងក្រសួងធនធានរ៉ែ លោក រស់ មុន្នីរ៉ាត បដិសេធមិនធ្វលការអត្ថាធិប្បាយ ដោយលោកបានរុញទៅឱ្យសួរក្រសួងបរិស្ថាន។
លោកបញ្ជាក់យ៉ាងខ្លីថា៖ «ក្រុមហ៊ុននេះមុននឹងគេទទួលបានអាជ្ញាបណ្ណចាប់ផ្តើមនៃអាជីវកម្មនេះ គេបានធ្វើរហូតដល់ Fully IA ដែលមានការអនុម័តចេញពីក្រសួងបរិស្ថានត្រឹមត្រូវ»។
Newsroom Cambodia បានព្យាយាមទាក់ទងលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានជាច្រើនថ្ងៃ តែមិនមានការឆ្លើយតប។
បើតាមលោក សាន ម៉ាឡា កន្លងមកធ្លាប់មានរឿងអាស្រូវថា មានក្រុមហ៊ុនរ៉ែមួយចំនួនបានបង្ហូរកាកសំណល់របស់ខ្លួនចូលទៅក្នុងប្រភពទឹករបស់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ផ្ទាល់ និងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព ដូចជា រោគសើរស្បែក និងបានប៉ះពាល់ដល់អាយុជីវិតទៀតផង៕