មនុស្សជាង២,០០០នាក់បានស្លាប់ ហើយទឹកប្រាក់ប្រមាណ៤៦៦,៨លានដុល្លារអាមេរិកត្រូវបានបាត់បង់នៅឆ្នាំ២០១៩ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។
យោងតាមរបាយការណ៍ស៊ីជម្រៅលើកដំបូងស្តីពី «គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា» របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ( UNDP of Cambodia ) ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ទឹកប្រាក់ប្រមាណ ៤៦៦,៨ លានដុល្លារអាមេរិក ត្រូវបានបាត់បង់នៅឆ្នាំ២០១៩ ដែលស្មើនឹង ១,៧ % នៃចំណូលដែលបានមកពីផលិតផលក្នុងស្រុកសរុបបណ្តាលមកពីគ្រោះថ្នាក់តាមដងផ្លូវ។ ក្នុងនោះ ប្រមាណ៨៨,៨% បណ្តាលមកពីការបាត់បង់ប្រាក់ចំណូលក្នុងមួយជីវិតដែលមនុស្សម្នាក់ៗអាចរកបាន ក្នុងពេលនៅរស់ ។
របាយការណ៍ដដែលបន្ថែមថា ការចំណាយលើការស្លាប់បានកើនឡើង ៨៨,៨% នៃការចំណាយសរុបរបស់គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកថ្លៃមន្ទីរពេទ្យ ៧,២% និងការខាតបង់ដោយពិការភាព ៣,០% ។ ការចំណាយដ៏ធំបំផុតបានមកពីការបាត់បង់ដោយសារតែការស្លាប់ដែលមានចំនួន ៨៨,៨% នៃការចំណាយសរុប។
ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជិត ២៥ភាគរយក្នុងរយៈពេល១១ឆ្នាំ (២០០៩-២០១៩) ពោលគឺខ្ពស់ជាងកំណើនប្រជាជនក្នុងរយៈពេល ១៧% ។
របាយការណ៍បានបន្តថា កត្តាលេចធ្លោដែលទាក់ទងនឹងការបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍គឺ បណ្តាលមកពី កត្តាធំៗ៤យ៉ាងដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត គឺការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។
«នេះជាលើកទីមួយហើយ ដែលការវិភាគស៊ីជម្រៅត្រូវបានធ្វើលើមូលដ្ឋានទិន្នន័យដ៏ធំនៃគ្រោះថ្នាក់ចរាចរណ៍។ វាបានផ្តល់ឱ្យយើងនូវការយល់ដឹងពិតប្រាកដអំពីអ្វី ដែលទាក់ទងនឹងការស្លាប់នៅលើដងផ្លូវ។ វាមិនមែនជាការពិតដែលថា ក្មេងឬប្រុសទេ។ វានិយាយអំពីគ្រឿងស្រវឹង គ្រឿងញៀន ការមិនអើពើនឹងច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ និយាយឱ្យខ្លីទៅវាជារបៀបដែលអ្នកមានអាកប្បកិរិយាដែលកំណត់ការបាត់បង់អាយុជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ ។» នេះបើតាមសម្តីរបស់លោក Nick Beresford តំណាងរបស់ UNDP ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ២៣ ខែមិថុនា ។
លោក គង់ រតន: ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការខាតបង់ប្រាក់ចំណូលដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ លោកថា ការរកឃើញនេះក៏ស្របទៅនឹងការស្រាវជ្រាវពីការខាតបង់ផ្នែកសេដ្ឋកិច្ចនៃគ្រោះថ្នាក់ចរាចរណ៍របស់ប្រទេសជិតខាងមួយចំនួន ដែលស្ថិតក្នុងលក្ខខណ្ឌប្រហាក់ប្រហែលគ្នានឹងកម្ពុជា មានចន្លោះពី ២ ទៅ៣ ភាគរយ នៃចំណូលក្នុងស្រុកសរុប ( GDP ) ស្របពេលជាមួយគ្នា ដែលកម្ពុជាមានការខាតបង់ចំណូលក្នុងស្រុកសរុប ( GDP ) ប្រហែល ១,៩% ។
លោកនិយាយថា ៖ «ក៏ប៉ុន្តែយើងសង្កេតឃើញមកដល់ជាក់ស្តែងនឹង ឥរិយាបថរបស់ប្រជាពលរដ្ឋយើង អត់ទាន់បានកែប្រែទេ»។
លោក រតន: បានបន្ថែមថា អង្គការមិនមែនរាជរដ្ឋាភិបាល ( NGO ) កំពុងអនុវត្តគម្រោងកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដោយនឹងមានការចុះទៅបណ្តុះបណ្តាលអប់រំពីសុត្ថិភាពចរាចរណ៍តាមបណ្តាសហគមន៍ ក្នុងគោលបំណងផ្តល់ចំណេះដឹងក្នុងការបង្ការ បង្ហាញពីហានិភ័យ ដែលបង្កឡើងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ និងជួយប្រឹក្សាយោបល់ដល់ក្រុមហ៊ុនដែលសាងសង់ផ្លូវថ្នល់ ឱ្យមានការកែប្រែ និងស្ថាបនាផ្នែកវិស្វកម្ម ដោយឱ្យមានបំពាក់ផ្លាកភ្លើងសញ្ញា ឬបង្គោលសញ្ញាផ្សេងជាដើម ។
រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មាន ម៉ានវី បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា៖ «ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងដោយកត្តាបុព្វហេតុ ទីតាំងពេលវេលា និងតម្លៃសេដ្ឋកិច្ចនៃគ្រោះថ្នាក់ចរាចរណ៍ និងឆ្លើយតបតាមរយៈការអនុវត្តផែនការសកម្មភាពសមស្រប តាមការពង្រឹងច្បាប់ចរាចរណ៍ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអនុវត្តការយល់ដឹង ការលើកស្ទួយយុទ្ធនាការ»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាមានអ្នករងរបួសជិត ១៣,៧០០ នាក់ និងជាង ២,០០០ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលជាមធ្យមមនុស្ស ៥,៤ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ។ នេះធ្វើឱ្យចរាចរណ៍ផ្លូវថ្នល់ក្លាយជាបុព្វហេតុចំបងមួយនៃការស្លាប់និងរបួសនៅក្នុងព្រះរាជាណាចក្រ៕