មនុស្ស​ជាង​២,០០០​នាក់​បាន​ស្លាប់ ហើយ​ទឹក​ប្រាក់​ប្រមាណ៤៦៦,៨​លាន​ដុល្លារអាមេរិក​ត្រូវ​បាន​បាត់​បង់​នៅ​ឆ្នាំ​២០១៩  ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​​កម្ពុជា​។

យោង​តាម​របាយ​ការណ៍ស៊ី​ជម្រៅ​លើក​ដំបូង​​ស្តី​ពី​ «គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​» របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ( UNDP of Cambodia ) ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ​២០២១​ បាន​បង្ហាញ​ថា ​​ទឹក​ប្រាក់​ប្រមាណ ៤៦៦,៨ លាន​ដុល្លារអាមេរិក ​ត្រូវ​បាន​បាត់​បង់​នៅ​ឆ្នាំ​២០១៩  ដែល​ស្មើ​នឹង​ ១,៧​ % នៃ​ចំណូល​ដែល​បាន​មក​ពី​ផលិតផល​ក្នុង​ស្រុក​សរុប​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​។​ ក្នុង​នោះ ប្រមាណ​៨៨,៨% បណ្តាល​មក​ពី​ការបាត់​បង់​ប្រាក់​ចំណូល​ក្នុង​មួយ​ជីវិត​ដែល​​មនុស្ស​ម្នាក់​ៗ​អាច​រក​បាន​ ក្នុង​ពេល​នៅ​រស់​ ​។

របាយការណ៍​ដដែល​បន្ថែម​ថា ការ​ចំណាយ​លើ​ការ​ស្លាប់​បាន​កើន​ឡើង​ ៨៨,៨%​ នៃ​ការ​ចំណាយ​សរុប​របស់​គ្រោះ​ថ្នាក់​ចរាចរណ៍​ បន្ទាប់​មក​ថ្លៃមន្ទីរ​ពេទ្យ​ ៧,២% និង​​ការ​ខាតបង់​ដោយ​ពិការ​ភាព​ ៣,០% ។ ការ​ចំណាយ​ដ៏​ធំ​បំផុត​បាន​មក​ពី​ការ​បាត់បង់​ដោយ​សារ​តែ​ការ​ស្លាប់​ដែល​មាន​ចំនួន​ ៨៨,៨% ​នៃ​ការចំណាយ​សរុប​។ 

ចំនួន​អ្នកស្លាប់​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ចរាចរណ៍​បាន​កើន​ឡើង​ជិត​ ២៥​ភាគរយ​ក្នុង​រយៈពេល​១១ឆ្នាំ​ (២០០៩-២០១៩) ពោល​គឺ​ខ្ពស់​ជាង​កំណើនប្រជាជន​ក្នុង​រយៈពេល​ ១៧%​ ។

របាយការណ៍​បាន​បន្ត​​ថា​ កត្តា​លេច​ធ្លោ​ដែល​ទាក់​ទង​នឹង​ការ​បាត់បង់​អាយុជីវិត​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​គឺ ​បណ្តាល​មក​ពី​ កត្តាធំៗ​៤យ៉ាងដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់ជីវិត  គឺ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​និង​គ្រឿងញៀន​ ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​។ 
«នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ការ​វិភាគ​ស៊ី​ជម្រៅ​ត្រូវ​បាន​ធ្វើ​លើ​មូលដ្ឋាន​ទិន្នន័យ​ដ៏​ធំ​នៃ​គ្រោះថ្នាក់ចរាចរណ៍​។ វា​បាន​ផ្តល់​ឱ្យ​យើង​នូវ​ការ​យល់​ដឹង​ពិត​ប្រាកដ​អំពី​អ្វី ​ដែល​ទាក់ទង​នឹង​ការ​ស្លាប់​នៅ​លើ​ដង​ផ្លូវ​។ វា​មិន​មែន​ជា​ការ​ពិត​ដែល​ថា ក្មេង​ឬ​ប្រុស​ទេ​។ វា​និយាយ​អំពី​គ្រឿង​ស្រវឹង ​គ្រឿងញៀន​ ការមិន​អើ​ពើ​នឹង​ច្បាប់​ចរាចរណ៍​ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​បើក​បរ​។ និយាយ​ឱ្យ​ខ្លី​ទៅ​វា​ជា​របៀប​ដែល​អ្នក​មាន​អាកប្បកិរិយា​ដែល​កំណត់​ការ​បាត់បង់​អាយុជីវិត​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​ ។»  នេះ​បើ​តាម​សម្តី​របស់​លោក​ Nick Beresford តំណាង​របស់ UNDP ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​ ២៣ ខែ​មិថុនា ។

លោក​ គង់ រតន: ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ បាន​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង​ចំពោះការ​ខាត​បង់​ប្រាក់​ចំណូល​ដែល​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​។ លោក​ថា ​​ការ​រក​ឃើញ​នេះ​ក៏​ស្រប​ទៅ​នឹង​ការ​ស្រាវ​ជ្រាវពី​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍របស់​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប្រហាក់​ប្រហែល​គ្នា​​នឹង​កម្ពុជា មានចន្លោះ​ពី​ ២ ទៅ​៣ ភាគរយ នៃចំណូល​ក្នុង​ស្រុក​សរុប​​ ( GDP​​ ) ស្រប​ពេល​ជា​មួយ​គ្នា ដែល​កម្ពុជា​មាន​ការ​ខាត​បង់​ចំណូល​ក្នុង​ស្រុក​សរុប ( ​GDP ) ​ប្រហែល​ ១,៩​% ។​

លោក​​និយាយ​​​ថា ៖​ «ក៏​ប៉ុន្តែ​យើងសង្កេត​​ឃើញ​មក​ដល់​ជាក់ស្តែង​នឹង ឥរិយាបថ​របស់​ប្រជា​ពលរដ្ឋ​យើង​ អត់​ទាន់​បាន​កែ​ប្រែ​ទេ»។​   ​

លោក រតន: ​បាន​បន្ថែម​​ថា ​ អង្គការ​មិនមែន​រាជ​រដ្ឋាភិបាល ( NGO ) កំពុង​អនុវត្ត​គម្រោងកាត់​​បន្ថយ​អត្រា​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ ដោយ​នឹង​មាន​ការចុះ​ទៅ​បណ្តុះ​បណ្តាលអប់រំ​ពី​សុត្ថិភាព​ចរាចរណ៍តាម​បណ្តា​សហគមន៍​ ក្នុង​គោល​បំណង​ផ្តល់​ចំណេះ​ដឹងក្នុងការ​បង្ការ បង្ហាញ​ពី​ហានិភ័យ ដែល​បង្ក​ឡើង​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ជួយ​ប្រឹក្សា​យោបល់​ដល់​ក្រុម​ហ៊ុន​ដែល​សាង​សង់ផ្លូវថ្នល់​ ឱ្យ​មាន​ការ​កែ​ប្រែ និង​ស្ថាបនា​ផ្នែក​វិស្វកម្ម​​ ដោយ​ឱ្យ​មាន​បំពាក់​ផ្លាកភ្លើងសញ្ញា ឬ​បង្គោល​សញ្ញា​ផ្សេងជាដើម​ ។

រដ្ឋ​លេខា​ធិ​ការ​នៃ​​ក្រសួង​​សាធារណការ​ និង​​ដឹក​​ជញ្ជូន​ និង​ជា​​​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ លោកស្រី​ មាន ម៉ាន​វី បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​​ថា៖​ «ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​អាច​កើត​ឡើង​ដោយ​កត្តា​បុព្វហេតុ​ ទី​តាំង​ពេលវេលា​ និង​តម្លៃ​សេដ្ឋកិច្ច​​នៃ​គ្រោះថ្នាក់ចរាចរណ៍​ និង​ឆ្លើយ​តប​តាម​រយៈ​កា​រអនុវត្ត​ផែនការ​សកម្មភាព​សមស្រប​ តាម​ការពង្រឹង​ច្បាប់​ចរាចរណ៍​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ការ​អនុវត្ត​ការ​យល់ដឹង​ ការ​លើក​ស្ទួយ​យុទ្ធនាការ​»។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​ ២០១៩​ ប្រទេស​កម្ពុជា​មាន​អ្នក​រង​របួស​ជិត​ ១៣,៧០០ នាក់​ និង​ជាង​ ២,០០០ នាក់​បាន​ស្លាប់ដោ​យសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​មធ្យម​មនុស្ស​ ៥,៤ នាក់​បាន​ស្លាប់​ជា​រៀងរាល់​ថ្ងៃ​។ នេះ​ធ្វើ​ឱ្យចរាចរណ៍ផ្លូវថ្នល់​ក្លាយ​ជា​បុព្វហេតុចំបង​មួយ​នៃ​ការ​ស្លាប់​និង​របួស​នៅ​ក្នុង​ព្រះរាជាណាចក្រ​៕​