ទារកជាជនជាតិខ្មែរ អាយុ៦ខែម្នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យ ដោយសារស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តកោះកុង។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង ចេញនៅថ្ងៃទី១០ ខែតុលា បង្ហាញថា ទារកអាយុ៦ខែនោះ ជាអ្នកជំងឺកូវីដ១៩ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ក្នុងមន្ទីរពេទ្យ។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុងបញ្ជាក់ ថាទារកដែលស្លាប់នោះមានអាសយដ្ឋាននៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទារកដែលជាអ្នកជំងឺបានទទួលមរណភាពនៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤៥នាទី។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា៖ «កុមារា [ទារក] ដែលជាអ្នកជំងឺខាងលើ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្តាលមកពីវីរុសកូវីដ-១៩»។
គិតមកត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានករណីឆ្លងជំងឺកូវីដសរុបចំនួន ១១៤,៨១០ និងករណីឆ្លងថ្មីកើនឡើងចំនួន ២៣៩ (លទ្ធផលបញ្ជាក់ដោយ PCR)។ រីឯករណីស្លាប់សរុបចំនួន ២,៥០៦ និងករណីស្លាប់ថ្មីមានចំនួន២៤៕