ទារកជា​ជនជាតិ​ខ្មែរ​ ​អាយុ​៦​ខែម្នាក់​ បាន​បាត់​បង់​ជីវិត​​ដោយ​សារ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយសារ​ស្ថានភាព​ជំងឺ​មាន​ភាព​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កោះកុង។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាលខេត្តកោះកុង ចេញ​​នៅ​ថ្ងៃ​ទី​១០ ខែតុលា ​បង្ហាញ​​ថា ទារក​​អាយុ​៦​ខែ​នោះ​ ជាអ្នកជំងឺកូវីដ១៩ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១​ ក្នុងមន្ទីរពេទ្យ។ 

បើ​តាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​បញ្ជាក់ ថាទារក​ដែល​ស្លាប់​នោះ​​មានអាសយដ្ឋាននៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បាន​បញ្ជូន​មក​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទារក​ដែល​ជាអ្នក​ជំងឺ​​​បាន​ទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:៤៥នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់​ថា៖ «កុមារា [ទារក] ដែលជាអ្នកជំងឺខាងលើ បាន​បាត់បង់​ជីវិតដោយសារ​វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (Severe Respiratory Tract Infection) ដែលបណ្តាលមកពីវីរុសកូវីដ-១៩»។

គិត​មក​ត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កម្ពុជា​មាន​ករណីឆ្លង​​ជំងឺ​កូវីដ​សរុបចំនួន ១១៤,៨១០ និងករណីឆ្លងថ្មីកើនឡើងចំនួន ២៣៩ (លទ្ធផលបញ្ជាក់ដោយ PCR)។ រីឯ​ករណីស្លាប់​សរុប​ចំនួន ២,៥០៦ និងករណីស្លាប់ថ្មីមានចំនួន​២៤៕