លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (SILIKA) បានផ្តល់បទសម្ភាសដល់លោក សេង ម៉េងហេង នៃ Newsroom Cambodia កាលពីពេលថ្មីៗនេះ អំពីការរំលោភបំពានផ្លូវភេទនៅកម្ពុជា និងបានលម្អិតបន្ថែមអំពីចំណុចដែលក្នុងនាមជាបុគ្គល គ្រួសារ ស្ថាប័ន សង្គម និងរដ្ឋាភិបាលគួរធ្វើដើម្បីចូលរួមចំណែកលុបបំបាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងកុមារ។
Q: តើអ្វីទៅជាការរំលាភបំពានផ្លូវភេទលើស្រ្ដី?
A: ការរំលាភបំពានផ្លូវភេទលើស្រ្ដី គឺជាការប្រព្រឹត្តិទៅលើស្រ្ដី រួមទាំងការរំលាភសេពសន្ថវៈ រួមទាំងការបៀតបៀនផ្លូវភេទ ការរុកគួន ឬការប្រទូស្តកេរ្តិ៍ភេទផ្សេងៗ ដែលប្រព្រឹត្តទៅលើស្រ្ដីដោយមិនមានការព្រមព្រៀង។ ដោយពាក្យគន្លឹះនៅក្នុងនេះ គឺជាការមិនព្រមព្រៀង បើគ្មានការព្រមព្រៀង ឬមួយធ្វើឲ្យភាគីផ្សេងៗទៀតហ្នឹងមិនមានអារម្មណ៍ថាផាសុខភាព ឬមួយក៏គាត់មានអារម្មណ៍ទទួលបានការបំពាន នេះហើយគឺជាការរំលាភបំពាន។
Q: តើកត្ដាអ្វីខ្លះដែលជាមូលហេតុនៃការរំលាភបំពានផ្លូវភេទលើស្រ្ដី?
A: មូលហេតុទី១ ផ្ដើមចេញមកពីការមានផ្នត់គំនិតអវិជ្ជមាន ឬការផ្ដល់តម្លៃ ឬក៏ការគោរពសិទ្ធិស្ដ្រីនៅមានកម្រិតនៅឡើយ ដែលយើងមើលឃើញថា ស្រ្ដី គឺជាវត្ថុ ឬក៏ជាវត្ថុមួយសម្រាប់ឲ្យអ្នកប្រព្រឹត្តិ ប្រព្រឹត្តទៅលើគាត់បាន គាត់នោះមានអំណាចលើសលុបដែលគិតថា ខ្លួនឯងអាចទៅប្រព្រឹត្តបទល្មើស ឬមួយការរំលាភបំពានទៅលើគេបាន ហើយអាហ្នឹងសួរថាម៉េចផ្ដើមមកអញ្ចឹង គឺផ្ដើមចេញដោយសារតែការឲ្យតម្លៃ ការមិនបានមើលឃើញថា ស្រ្ដីហ្នឹងមិនមានសិទ្ធិសេរីភាពស្មើគ្នាក្នុងនាមជាមនុស្សដែលធានានៅក្នុងច្បាប់ ហើយអាហ្នឹងផ្ដើមចេញពីផ្នត់គំនិតអវិជ្ជមានមួយចំនួនដែលបន្ដកើតឡើងនៅក្នុងសង្គម។
មូលហេតុទី២ ពាក់ព័ន្ធជាមួយវប្បធម៌ និងទណ្ឌភាព ដែលនៅមិនទាន់ចប់ ឬនៅបន្ដ ឬមិនមានការផ្ដល់យុត្ដិធម៌ដល់ជនរងគ្រោះនៅមានកម្រិតនៅឡើយ ហើយការដែលចាប់ជនល្មើសឲ្យមកនៅក្នុងសំណាញ់ច្បាប់ហ្នឹង នៅមានភាពខ្លះចន្លោះមួយចំនួន ដែលត្រូវការសិក្សាបន្ថែមទៀត។
មូលហេតុទី៣ ពាក់ព័ន្ធទៅនឹងការទទួលយករបបសង្គម សម្រាប់មនុស្សមួយចំនួនធំមើលឃើញថា អំពើរំលាភអាចទៅជាអំពើលេងសើច ការនិយាយលេងផ្សេងៗ ធ្វើឲ្យមានការទទួលស្គាល់ ការរំលាភគឺជារឿងធម្មតាដែលមិនមែនជារឿងគួរឲ្យស្អប់ខ្ពើម ដែលយើងគួរនិយាយថា ទេទាំងអស់គ្នា។
Q: តើបងយល់យ៉ាងណាដែរ ចំពោះស្ថានភាពការំលាភបំពានផ្លូវភេទលើស្ដ្រីនៅកម្ពុជា?
A: ចំពោះស្ថានភាព ខ្ញុំមិនមានទិន្នន័យសម្រាប់បង្ហាញថាតើស្ថានភាពនេះមានការថយចុះ ឬក៏មានការកើនឡើងទេ ក៏ប៉ុន្ដែអ្វីដែលយើងមើលឃើញគឺជាការព្រួយបារម្ភ ឬគឺរូបភាពនៃការប្រព្រឹត្ដិបទល្មើស ជាការរំលាភបំពាននេះ វាមានភាពសាហាវខ្លាំង ហើយអ្នកជាជនប្រព្រឹត្តិ និងជនរងគ្រោះគឺមានអាយុកាន់តែក្មេង ហើយការរំលាភបំពាននេះឈានទៅដល់ការសម្លាប់ជនរងគ្រោះទៅទៀត នេះជារូបភាពមួយ វាសាហាវព្រៃផ្សៃក្នុងភាពជាមនុស្ស។
Q: តើយើងត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់ការរំលាភបំពានផ្លូវភេទលើស្រ្ដី?
A: ខ្ញុំតែងតែលើកឡើងនៅពេលដែលមានសំណួរបែបនេះនៅក្នុងកម្មវិធីផ្សេងៗដែលម្ដងហើយម្ដងទៀតគឺ ការផ្ដើមចេញពីការអប់រំនៅក្នុងផ្ទះ គឺជារឿងសំខាន់ នៅពេលដែលយើងអប់រំកូនប្រុស កូនស្រីក្នុងផ្ទះ ក្នុងការដែលឲ្យគាត់មើលឃើញថា អ្នកណាក៏ដោយក្នុងសង្គម មិនថាគាត់ហ្នឹងមានអត្ដសញ្ញាណភេទ ឬយេនឌ័រណាទេ។
យើងត្រូវផ្ដល់ការគោរព ហើយនឹងមានសីលធម៌ក្នុងភាពជាមនុស្សហ្នឹងដូចគ្នា អត់មាននរណាម្នាក់កើតមកត្រូវបានឲ្យគេរំលាភ អត់មាននរណាម្នាក់កើតមកសម្រាប់រំលាភគេនោះទេ ប៉ុន្ដែការអប់រំនៅក្នុងផ្ទះ គឺជាចំណែកមួយក្នុងការឲ្យពួកគាត់មើលឃើញថា ពួកគាត់ជាចំណែកមួយក្នុងការចូលរួមដើម្បីធ្វើឲ្យសង្គម ឬគ្រួសារមួយហ្នឹង ប្រកបដោយសុខសន្ថិភាពនៅខាងក្នុងហ្នឹង ដោយផ្ដើមចេញពីការប្រកបដោយសីលធម៌ និងការគោរពទៅលើសេចក្ដីថ្លៃថ្នូទៅលើជីវិតរបស់អ្នកដល់ដទៃ ដោយមិនបៀតបៀនគេ ធ្វើទុក្ខបុកម្នេញគេ។
ទី២ទៀត ដូចខ្ញុំនិយាយអំពីមូលហេតុការដែលពង្រឹងការអនុវត្តច្បាប់ ដែលធ្វើការទាញជនល្មើសចូលក្នុងសំណាញ់នៃច្បាប់ ដើម្បីធានាឲ្យបានថា ជនរងគ្រោះគាត់ទទួលបានយុត្ដិធម៌ ជារឿងដែលសំខាន់មែនទែន។ ការដែលបង្ហាញថាយើងពិតជាបានគាំទ្រ និងការពារដោយសំណាញ់ច្បាប់ ប្រសិនបើយើងរងការបៀតបៀនណាមួយ។
ទី៣ទៀត ពាក់ព័ន្ធជាមួយអនុវត្តច្បាប់ គាត់ត្រូវយល់ដឹងថា ករណីរំលាភផ្ដើមចេញពីការមិនព្រមព្រៀង ដូច្នេះមិនថាគាត់នាមជាប្ដីប្រពន្ធ គូស្នេហ៍ ឬក៏អ្នកស្គាល់គ្នារាប់ឆ្នាំ ឲ្យតែមិនមានការព្រមព្រៀង ហ្នឹងហើយគឺជារំលោភបំពាន។
ទី៤ គឺយើងមិនស្ងៀមស្ងាត់នៅពេលដែលយើងមានរឿងនេះកើតឡើង ពេលខ្លះយើងគិតថា វាអត់ប៉ះគ្រួសារយើងផង ប៉ះគ្រួសាររបស់គេ ហើយពេលខ្លះទៀតយើងគួរធ្វើការបុរេវិនិច្ឆ័យ ឬក៏ការប្រមាណទុកថា ដើរលេងយប់ ប្រហែលជានិយាយអីមិនត្រូវគ្នា ប្រហែលជាស្លៀកពាក់ខើចលើខើចក្រោម ឬផ្សេងៗ។ អញ្ចឹងការធ្វើបុរេវិនិច្ឆ័យដោយមិនមើលលើស្ថានភាពជាក់ស្ដែងវាគឺជារឿងមួយគួតែបញ្ចប់ទៅ។
ឈប់ដាក់បន្ទុកលើជនរងគ្រោះ ប៉ុន្ដែផ្ដល់ការគាំទ្រលើជនរងគ្រោះវិញ ថាតើគាត់ត្រូវការសេវាអី ឬការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយយ៉ាងមិច និងសេវាច្បាប់យ៉ាងម៉េច ដើម្បីធានាបានថាគាត់ទទួលសុខដុមរមនាក្នុងនាមជាជនរងគ្រោះ។
យើងស្ងាត់ស្ងៀមនៅពេលណាដែលយើងឃើញមានការបៀតបៀននេះកើតឡើង យើងស្ងាត់ស្ងៀមយើងយល់ឃើញថា គេស្ទាបអ្នកហ្នឹងទេ មិនមែនស្ទាបយើងឯណា គេរំលាភអ្នកនោះទេ មិនមែនរំលាភអីខ្ញុំ អញ្ចឹងបើយើងគិតបែបនេះ យើងបន្ដរួមចំណែកដោយប្រយោល ឬដោយផ្ទាល់ក្នុងការដែលរុញឲ្យការរំលាភបំពានក្លាយទៅជារឿងធម្មតា។
រឿងដែលអាចទទួលយកបាន ដូច្នេះការដែលមិននៅស្ងាត់ស្ងៀម ការដែលមកចូលរួមចំណែកឈឺឆ្អាល និងនិយាយទាំងអស់គ្នាថា យើងមិនអាចទទួលយកបានទេសម្រាប់រឿងទាំងអស់ហ្នឹង វាគឺជារឿងសំខាន់មែនទែននៅពេលដែលយើងទាំងអស់គ្នាចាប់ផ្ដើមមានប្រតិកម្មមិនទទួលយកវាបាន។
មួយចុងក្រោយ គឺជាអប់រំនៅក្នុងសាលា ការអប់រំនៅក្នុងសង្គមទាំងមូលតាមលក្ខណៈផ្ញើសារ និងយុទ្ធនាការផ្សេងៗនៅក្នុងសង្គម ឬបណ្ដាញសង្គមផ្សេងៗ ដែលជារឿងយើងត្រូវការដើម្បីអប់រំ ប្ដូរបរិយាកាសនៃការនិយាយមួយចំនួន ថាទៅប្រាប់កូនស្រីគួរតែធ្វើយ៉ាងម៉េច ក្នុងការទៅប្រាប់ ឬជនដែលប្រពឹត្តិ យើងត្រូវអប់រំយ៉ាងមិច ដើម្បីឲ្យយើងទាំងអស់គ្នាជាអ្នករួមចំណែកក្នុងទប់ស្កាត់រឿងនេះ ជាជាងយើងជាចំណែករុញរឿងនេះកាន់តែអាក្រក់ទៅៗ។
Q: បងគិតថាតើរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមានការរួមចំណែកចំពោះការលុបបំបាត់ការំលោភបំពានផ្លូវភេទលើស្រ្ដីបែបណាខ្លះ?
A: បងគិតថាភាគីពាក់ព័ន្ធគឺយើងទាំងអស់គ្នា មិនត្រឹមតែរដ្ឋាភិបាលទេ យើងជាប្រជាពលរដ្ឋសាមញ្ញត្រូវជាចំណែកមួយ ដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹង ចង់ក្លាយជាចំណែកមួយរុញរឿងនេះឲ្យអាក្រក់ ឬចង់ក្លាយជាចំណែកមួយលប់បំបាត់អំពើរំលាភបំពាន ឬហិង្សាលើស្រ្ដី ក្មេងស្រី ឬក៏ដូចក្រុមងាយទទួលរងគ្រោះផ្សេងៗទៀត អញ្ចឹងបើយើងនិយាយតួនាទីរបស់រដ្ឋាភិបាលវិញ គឺលោកមានតួនាទីច្រើនណាស់នៅក្នុងរឿងនេះ។
ទីមួយ គឺការថែរក្សាសុវត្ថិភាពដើម្បីធានាឲ្យបានថា មិនថាខ្ញុំចេញម៉ោងប៉ុន្មាន មិនថាខ្ញុំស្លៀកខោអាវបែបណា មិនថាខ្ញុំចេញយប់ ឬថ្ងៃ គឺធានាបានថា គឺខ្ញុំមានសុវត្ថិភាពក្នុងការរស់នៅដែលយើងតែងតែនិយាយថា ភូមិឃុំមានសុវត្ថិភាព។
ទីពីរ ពាក់ព័ន្ធជាមួយការអនុវត្តច្បាប់ឲ្យបានតឹងរឹង ហើយមិនមែនរដ្ឋាភិបាលទេ ប្រព័ន្ធតុលាការក៏អាចចំណែកក្នុងនេះដែរ ហើយនិងមានគោលដៅមួយចំនួនទៀត ហើយខ្ញុំជឿថាឥឡូវនេះរដ្ឋាភិបាលក៏មានគោលនយោបាយ ក៏មានផែនការយុទ្ធសាស្រ្ត ក៏មានយុទ្ធនាការមួយចំនួនច្រើនក្នុងការអនុវត្ត ការគាំពារដល់ជនរងគ្រោះ និងដាក់ទោសទណ្ឌជនដែលប្រព្រឹត្តតាមរយៈប្រព័ន្ធច្បាប់។
តែយ៉ាងណាមិញ ការពង្រឹងដល់អ្នកអនុវត្តច្បាប់ គឺជារឿងមួយសំខាន់ដែរ ប្រសិនបើច្បាប់មានហើយប៉ុន្ដែអ្នកអនុវត្តខុសពីអ្វីដែលច្បាប់បានចែងឬមិនបានយល់ដឹងពីរឿងនេះ វាក៏ជារឿងមួយដែលយើងគួរគិតគូបន្ថែមទៀតនៅខាងក្នុងហ្នឹងដែរ ពីព្រោះមានអ្នកអនុវត្តហើយ បន្ដវប្បធម៌បន្ទោសលើជនរងគ្រោះដែរ អញ្ចឹងដែរ គឺមួយចំនួន។
មួយទៀត គឺប្រជាពលរដ្ឋសាមញ្ញ និងយើងគ្រប់គ្នានិយាយថាទេ និងស្អប់ខ្ពើមទៅនឹងអំពើទាំងអស់ហ្នឹង អំពីបៀតបៀនរំលាភបំពានហ្នឹងអត់ ឬមួយយើងយល់ថាវាជារឿងធម្មតា ឃើញគេនិយាយលេងសើចអាសអាភាសបៀតបៀនទៅលើអ្នកដទៃ យើងស្ងាត់ស្ងៀមដែរ យើងទទួលយកដែរ ដូច្នេះយើងគឺជាចំណែកមួយនៅក្នុងហ្នឹងដែរហើយ។
បើយើងនិយាយថាទេគ្រប់គ្នាទៅ អ្នកដែលដែលប្រព្រឹត្តក៏លែងហ៊ានក្នុងការញញើតក្នុងការប្រព្រឹត្តដែរ។ ឧទាហរណ៍ថា ប្រសិនជាយើងឃើញនរណាម្នាក់បៀតបៀនផ្លូវភេទគេអ៊ីចឹង ហើយយើងស្ងាត់ដែរ ឬយើងឃើញនរណានិយាយបែបអាសអាភាសទៅលើនរណាម្នាក់ ហើយយើងស្ងាត់ដែរ ឬមួយយើងចូលរួមចំណែកក្នុងការបន្ថែមទៅតាមហ្នឹងដែរ ដូច្នេះរឿងនេះនៅតែបន្ដកើតឡើង ដូច្នេះអញ្ចឹង សរុបមកវិញ ទាល់តែយើងទាំងអស់គ្នាផ្ដើមចេញពីគ្រួសារ ផ្ដើមចេញពីបុគ្គលខ្លួនឯង និយាយថាទេចំពោះការរំលាភបំពាន យើងមិនអាចទទួលយកបាន ដូច្នេះទើបរឿងនេះបញ្ចប់ទៅបាន៕